ភ្នំពេញ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) បានរួមសហការចាប់ផ្តើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមលើកទីពីរ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។
យុទ្ធនាការការពារសត្វព្រៃយើង គឺជាយុទ្ធនាការការកាត់បន្ថយការដាក់អន្ទាក់ ការទិញ លក់ និងការហូបសាច់សត្វព្រៃជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលផ្តោតលើការកាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ ដោយសារ ការហូបសាច់សត្វព្រៃ អាចប៉ះពាល់ដល់ សុខភាព និងជម្រុញឱ្យមានការប្រមាញ់សត្វព្រៃ។
យុទ្ធនាការទីពីរក្នុងចំណោមយុទ្ធនាការចំនួនបីដែលផ្តល់ខ្លឹមសារ និងសារគន្លឹះតាមរយៈប្រព័ន្ធពហុផ្សព្វផ្សាយ ដើម្បីគាំទ្រយុវជនឱ្យក្លាយជា «ជើងឯកបៃតង» គំរូក្នុងការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តប្រកបដោយជោគជ័យរបស់ពួកគេជុំវិញកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា។
លោក រីឆាត ឈិន ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថា៖ «សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់នៃមរតកជាតិរបស់ប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។ យើងសង្ឃឹមថាការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀតក្នុងការពារសត្វព្រៃ»។
គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការពង្រឹងការយល់ដឹងជាសាធារណៈក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថដើម្បីការពារព្រៃឈើ និងសត្វព្រៃតាមរយៈការផ្សព្វផ្សាយសារគន្លឹះសំខាន់ៗ ស្តីពីការកាត់បន្ថយតម្រូវការទិញ និងហូបសាច់សត្វព្រៃដើម្បីចូលរួមការពារព្រៃ ឈើ និងសត្វព្រៃ និងធានាចីរភាពនៃជីវភាពរស់នៅរបស់សហគមន៍។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើឡើងថា៖ «ប្រជាជនកម្ពុជាគ្រប់ៗ រូបទាំងក្មេង និងចាស់មានភារកិច្ចរួមមួយក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាជនទាំងអស់ឈប់ហូប សាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ យើងទទូចឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសនិយាយថា ទេ ចំពោះសាច់សត្វព្រៃនិងចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួមក្នុងការអភិរក្ស ធនធានធម្មជាតិរបស់ព្រះរាជាណាចក្រយើង»។
យុទ្ធនាការនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ដែលដឹកនាំដោយក្រសួងបរិស្ថាន សហការជាមួយអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) ទីភ្នាក់ងារជំនួយអាមេរិក (USAID) អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) និងសហគមន៍មូលដ្ឋាន។ យុទ្ធនាការអន្ទាក់សូន្យ បានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ មានគោលបំណងលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ ការជួញដូរ និងបញ្ចប់តម្រូវការសត្វព្រៃ និងផលិតផលធ្វើពីសត្វព្រៃផ្សេងទៀតនៅកម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យនេះនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២ ដោយផ្តោតលើខេត្តចំនួនប្រាំមួយ គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគីរី កំពង់ធំ និងរតនគីរី៕
រូបភាពដោយ៖ សហការី