«តាមដងទន្លេមេគង្គជាមួយសាយ» យុទ្ធនាការអង្គការអុកស្វាម ដើម្បីលើកកម្ពស់ពីការយល់ដឹងពីសារៈសំខាន់របស់ទន្លេមេគង្គ

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះ អង្គការអុកស្វាមបានរៀបចំសន្និសីទសារព័ត៌មាន ចែករំលែកអំពីយុទ្ធនាការរយៈពេល បួនខែដែលមានឈ្មោះថា «តាមដងទន្លេមេគង្គជាមួយសាយ»។ យុទ្ធនាការនេះ​មានគោលបំណងលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះ ដោយសារផលប៉ះពាល់ដោយការផ្លាស់ប្តូរលំហូរទឹក និងការគំរាមកំហែងកើនឡើងដល់សន្តិសុខស្បៀងនៅតាមដងទន្លេមេគង្គ។

«តាមដងទន្លេមេគង្គជាមួយសាយ» គឺជាយុទ្ធនាការតាមដងទន្លេមេគង្គនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា ឆ្លងកាត់តាមខេត្តរតនគិរី ស្ទឹងត្រែង និងក្រចេះ របស់លោក អូន បាឋម ដែលត្រូវបានគេស្គាល់គាត់ថា សាយ ដែលជាអគ្គរាជទូតសុឆន្ទៈ ជាតារាចម្រៀង និងតារាសម្តែងនៅប្រទេសកម្ពុជា។

ដំណើររបស់ សាយ បានផ្តិតយកអរិយ្យភាពរបស់ទន្លេមេគង្គ ហើយក៏បង្ហាញនូវវប្បធម៌ចម្រុះ និងការអនុវត្តក្នុងស្រុក។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះក៏បានបង្កើតអោយមានវេទិកាស្តាប់សំឡេងរបស់ស្ត្រី បុរស ជនជាតិដើមភាគតិច និងសមាជិកដទៃទៀតនៃសហគមន៍ក្រីក្រ​​ ដែលរស់នៅតាមដងទន្លេមេគង្គ។

លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម មានប្រសាសន៍ថា៖ «យុទ្ធនាការ តាមដងទនេ្លមេគង្គ ជាមួយសាយ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីភាពសម្បូរបែបនៃអាងទន្លេមេគង្គ និងសារៈសំខាន់របស់វាចំពោះជីវិតរបស់ប្រជាពលរដ្ឋរាប់លាននាក់ ក៏ដូចជាបានផ្សារភ្ជាប់ការចូលរួម និងកិច្ចពិភាក្សាប្រកបដោយអត្ថន័យរវាងយុវជន និងសហគមន៍ ដែលរងផលប៉ះពាល់ ជាពិសេសក្រុមងាយរងគ្រោះដូចជា ជនមានពិការភាព និងជនជាតិដើមភាគតិច ដែលពួកគាត់ទាំអស់នោះជាគោលដៅចម្បងរបស់គម្រោង»។

អ្នកស្រីបានបន្ថែមទៀតថា​៖ «បើទោះជាយុទ្ធនាការបានបញ្ចប់ក៏ដោយ ក៏បេសកកម្ម​​ការពារ​ទន្លេមេគង្គ និងការ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​របស់យើង​នៅ​តែបន្តទៅមុខ»។

លោក សាយ ដែលជាឯកអគ្គរដ្ឋទូតនៃយុទ្ធនាការរបស់យើងបានលើកឡើងថា៖ «ទន្លេនាំទឹក និងសារធាតុចិញ្ចឹមទៅកាន់ទូទាំងពិភពលោក ហើយទន្លេគឺជាជីវិតមនុស្ស ជាពិសេសសហគមន៍ដែលពឹងអាស្រ័យលើទន្លេនេះ។ បន្ទាប់ពីដំណើរតាមដងទន្លេមេគង្គមក ខ្ញុំមានទំនាក់ទំងជិតស្និតជាមួយទន្លេជាងមុន​។ សូមអរគុណ ដល់អង្គការអុកស្វាម ដែលបានអនុញ្ញាតឱ្យខ្ញុំមានឱកាសស្វែងយល់ពីភាពសម្បូរបែបនៃទន្លេមេគង្គរបស់យើង និងជីវិតរបស់សហគមន៍ ជាពិសេសក្រុមជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះ ដែលជីវិត និងវប្បធម៌របស់ពួកគាត់មានទំនាក់ទំនងជាមួយទន្លេ និងព្រៃឈើ។”

លោក​ សាយ បន្ថែមថា៖ «​ខ្ញុំ​​សូមផ្តាំផ្ញើ​ដល់​យុវជនទាំងអស់ ឱ្យចូល​រួម​​ការពារ​ទន្លេ​ទាំង​អស់​គ្នា​ ព្រោះទន្លេ​​មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា​ទេ​ គឺ​ទន្លេជារបស់យើងទាំង​អស់​គ្នា​។​ ទន្លេ​ គឺ​ជា​ជីវិត​របស់​យើង»។

មិនតែប៉ុណ្ណោះ សាយ មានក្តីសង្ឃឹមថា​​​តាមរយៈកម្មវិធីនេះ​ យើងនឹងអាចជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តា នុពល​នៅតាមដងទន្លេ ដើម្បីជួយជម្រុញដល់ភ្ញៀវទេសចរណ៍​ ​ជាពិសេស​ភ្ញៀវទេសចរណ៍ក្នុងស្រុកអោយបានមកទស្សនា​តាមតំបន់កម្សាន្តនានា ដើម្បីជួយជម្រុញជីវភាពដល់បងប្អូននៅក្នុងសហគមន៍។

លោកស្រី ណាង ណយ​ ប្រធានគម្រោងរបស់អង្គការទន្លេបី ហើយក៏ជាដៃគូដែលបានចូលរួមរៀបចំយុទ្ធនាការនេះជាមួយអង្គការអុកស្វាមបានប្រាប់ពីចំណាប់អារម្មណ៌ថា៖ «យុទ្ធនាការនេះអាចនឹងផ្សព្វផ្សាយពីព័ត៌មានទាំងអស់របស់ជនជាតិដើមភាគតិច ដែលគាត់រស់នៅអាស្រ័យលើទន្លេហ្នឹង ដល់សាធារ​ណជនទូទាំងពិភពលោកអោយបានយល់ដឹងថាពួកគាត់រស់ពឹងពាក់ទៅលើអី និងបញ្ហាផ្សេងៗ ដែលស្រី្តរស់នៅតាមដងទន្លេកំពុងជួបប្រទេះ»។

លោកស្រីក៏បានបង្ហើបពីទឹកចិត្តលោកស្រីថា៖ «ទោះបីហត់ក៏នៅសប្បាយចិត្តដែរ ប្រសិនបើយុទ្ធនាការនេះអត់មានសារប្រយោជន៍ទេ គឺវាត្រូវតែហត់ហើយ តែយើងគិតថាវាជាសារប្រយោជន៍របស់បងប្អូនជនជាតិដើមភាគតិចយើង ដើម្បីឱ្យពួកគាត់មានឱកាសក្នុងការរៀនសូត្រ»។

អ្វីដែលជាគួរជាទីមោទននោះគឺ ខ្សែវីដេអូដែលជាលទ្ធផលនៃយុទ្ធនាការនេះ ត្រូវបានជ្រើសរើសដើម្បីចាក់បញ្ចាំងនៅកម្មវិធីការស្វែងយល់ពីទន្លេមេគង្គ Mekong Discovery របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលជាមហោស្របភាពយន្តដ៏ធំបំផុតនៅកម្ពុជា។ ការចាក់បញ្ចាំងលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលមហោស្រពចតុមុខ៕

រូបភាពដោយ៖ អង្គការអុកស្វាម