ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ថ្មីៗ នេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជារួមសហការជាមួយនឹងក្រសួងវប្បធម៌បានរៀបចំសន្និសីទសារព័ត៌មានប្រកាសជាសាធារណៈនូវការរៀបចំឡើងវិញកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ បន្ទាប់ពីអាក់ខានរយៈពេលពីរឆ្នាំដោយសារការរាតត្បាតសកលនៃជំងឺកូវីដ១៩។
កម្មវិធីបើកសម្ពោធន៍ជាផ្លូវការមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ នឹងរៀបចំធ្វើឡើងនៅសាលចតុម្មុខនាថ្ងៃទី២៨ ខែមិនុថា ឆ្នាំ២០២២ ដែលមាននាំមកនូវខ្សែភាពយន្តពី២៦ប្រទេស មានប្រមាណជា១៤៤រឿងមានដូចជាភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល។
រឿងទាំងនេះនឹងចាប់ផ្តើមចាក់នៅថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃ៣ ខែកក្កដា ឆ្នាំ២០២២ ដោយឥតគិតថ្លៃនៅតាមបណ្ដារោងភាពយន្តធំៗ នានាក្នុងរាជធានីភ្នំពេញដូចជារោងភាពយន្ត Legend Major Cineplex Prime Cineplex វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សាលចតុម្មុខ សណ្ឋាគារ Rosewood ភ្នំពេញ នៅទីតាំង Java Creative Cafe និង Factory Phnom Penh។
ខ្សែភាពយន្តខ្មែរដែលនឹងត្រូវចាក់បញ្ចាំងនៅក្នុងកម្មវីធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ រួមមានខ្សែភាពយន្តកម្ពុជាល្បីៗ ជាច្រើនដូចជារឿង «គ្រប់យ៉ាងនឹង ប្រសើរ» របស់លោក ប៉ាន់ រិទ្ធី ដែលបានជាប់ពានរង្វាន់ខ្លាឃ្មុំប្រាក់នៅមហោស្រពភាពយន្តទីក្រុងប៊ែរឡាំង ២០២២ និងរឿង «គ្រួសារ» ដែលបានចាក់បញ្ចាំងនៅមហោស្រពកានផ្នែកភាពយន្តឯករាជ្យ។ រឿង «ប៊ូឌីញស» របស់លោក នាង កាវិច ដែលបានជាប់ពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងវ៉ឺនីស ហើយនិងរឿងថ្មីៗ របស់ផលិតកម្ម LD Pictures «លោកប៉ាមហាកូរ» និងរឿង «នាឡិកា Remastered»។
ជាពិសេសទៅទៀត មហោស្រពភាពយន្តអន្តរជាតិកម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយសមិទ្ធិករភាពយន្តខ្មែរនៅបរទសហើយនិងមានការអញ្ជើញចូលរួមពីកញ្ញ អាលី សុន ឆន ដែលជាសិល្បការនីកម្ពុជា អូស្ត្រាលី ហើយក៏ជាសមិទ្ធិករភាពយន្តទទួលបានពានរង្វាន់រឿង «ផ្ទះកៅស៊ូ» ផងដែរ។
កម្មវីធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១នៅឆ្នាំនេះ នឹងមានការចូលរួមបង្ហាញស្នាដៃអ្នកដឹកនាំខ្មែរជាច្រើនរូប ដូចជាលោក លី ប៉ូឡែន កញ្ញា សុធា អ៊ីណែស លោក សុខ ចាន់រ៉ាដូ លោកវ៉ាន់ គង្គា កញ្ញា សាន ដាណិច និងលោក លីម ហេង។ មហោស្រពភាពយន្តក៏នឹងមានបង្ហាញស្នាដៃរបស់សមិទ្ធិករភាពយន្តខ្មែរវ័យក្មេងជាង ៥០នាក់ បន្ថែមទៀតដែលបានទទួលការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបុប្ផាណាផងដែរ៕
រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)