យុវតីកម្ពុជាមានការយល់ដឹងពីអាហាររូបម្ថត្ភ និងប្តេជ្ញាចូលរួមចែករំលែកដល់ប្រជាសហគមន៍

បទយកការណ៍៖ ដូនតាខ្មែរបានបន្សល់ទុកនូវពាក្យស្លោកមួយឃ្លាថា «ទំពាងស្នងឬស្សី» ដែលក្នុងន័យបំផុសគំនិត​ឱ្យយុវតី និងយុវជនជំនាន់ក្រោយយកចិត្តទុកដាក់ក្រេបយកចំណេះវិជ្ជា និងបន្តចែករំលែកនូវមរតកនេះទៅឱ្យក្មេងៗ ជំនាន់ក្រោយៗ ទៀត។ តួយ៉ាងយុវតីចំនួនបីរូបខាងក្រោមនេះ កំពុងតែបំពេញតួនាទីរបស់ខ្លូនបានយ៉ាងល្អដោយបានចូលរួមការងារសង្គមក្នុងការលើស្ទួយវិស័យសន្តិសុខស្បៀងអាហារនៅក្នុងប្រទេសកម្ពុជា។

កញ្ញា ដឿន ស្រីណុច ជានិសិត្សឆ្នាំទី៣ ផ្នែកកសិឧស្សាហកម្មនៃវិទ្យាស្ថានជាតិ កសិកម្មព្រែកលៀបបានចែករំលែកបទពិសោធន៍ស្តីពីអាហាររូបត្ថម្ភ ដែលកញ្ញាធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាមួយនឹងអង្គការ ហេឡែន ខេលល័រ ថាកញ្ញាមានការយល់ដឹងកាន់តែច្រើនពីរបៀបនៃការទទួលទានអាហារសុខភាព និងចេះគ្រប់គ្រងរបរអាហារប្រចាំថ្ងៃ។ កញ្ញាមានការផែនការណ៍ចុះធ្វើការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋនៅក្នុងសហគមន៍ អ្នកលក់ដូរតាមសាលាដែលខ្លួនធ្លាប់បានសិក្សា ដោយមានការយល់ឃើញថាអ្នកលក់ដូរនៅតាមសាលាមិនសូវជាយកចិត្តទុកដាក់ជាមួយនឹងអាហារដែលមានគុណភាព ដែលអាចបណ្តាឱ្យប៉ះពាល់សុខភាពកុមារតូចៗ ក៏ដូចជាសិស្សានុសិស្ស កញ្ញាបានតាំងចិត្តនឹងជួយធ្វើការផ្សព្វផ្សាយរាល់ចំណេះដឹងស្តីពីអាហារូបម្ថត្ភទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាមិត្តភ័ក្តិផងដែរ។

កញ្ញា ឌឿន ស្រីណុច បាននិយាយថា៖ «ខ្ញុំប្តេជ្ញាចិត្តថានឹងចែករំលែកចំណេះដែលខ្ញុំបានរៀនពីខាងអង្គការ ហេឡែន ខេលល័រ នេះទៅមនុស្សជំនាន់ក្រោយឱ្យបានច្រើន! ខ្ញុំអត់ចង់រៀនមកចេះតែឯងទេ។ ខ្ញុំចង់ផ្សព្វផ្សាយឱ្យបានដឹងកាន់តែច្រើនទៀត ពីព្រោះអីបើសិនជាខ្ញុំចេះបានប៉ុនណ្ណឹង ខ្ញុំបានផ្សព្វផ្សាយទៅកាន់មនុស្សដែលគាត់អត់បានរៀន គាត់នឹងបានទទួលដូចខ្ញុំដែរ»។

មិនខុសពីស្រីណុច កញ្ញា គួច គុយយុ័ង អ្នកហាត់ការផ្នែករដ្ឋបាល​ នៃអង្គការ ហេឡែន ខេលល័រ អន្តរជាតិកម្ពុជា បានប្រាប់ឱ្យដឹងពីរបរអាហារប្រចាំថ្ងៃថា ភាគច្រើនកញ្ញាចូលចិត្តញុំាអាហារដែលមានរស់ជាតិមុតខ្លាំង រួមមានដូចជារស់ជាតិផ្អែម ប្រៃ ដែលជារស់ជាតិប្រឈមនឹងការប៉ះពាល់ដល់បញ្ហាសុខភាព។ ក៏ប៉ុន្តែបន្ទាប់ពីកញ្ញាបានចូលរួមកម្មវិធីជាច្រើនជាមួយអង្គការ ហេឡែន ខេលល័រ និងបានរៀនសូត្រពីរបៀបនៃការចម្អិនអាហារ កញ្ញាបានកែប្រែទម្លាប់ញុំាអាហារទាំងអស់នោះ និងបានងាកមកគិតពីបញ្ហាសុខភាពជាចំបង។​ កញ្ញាបានបង្ហាញការយល់ឃើញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបេសកម្មជាយុវតីគំរូមួយរូប ដើម្បីលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ខ្លួនឯងផង ចែករំលែកចំណេះដឹងដល់ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ផងដែរ។

កញ្ញា គួច គុយយុ័ង៖ «សម្រាប់ខ្ញុំ! ដូចគេថាអ៊ីចឹងណា! របៀបថាចេះហើយ មិនអាចទុកនៅតាខ្លួនទេ ដល់ផ្ទះក៏យើងអាចប្រាប់អ្នកផ្ទះ ដូចជាម៉ាក់ ប៉ា ហើយជាមិត្តភ័ក្តិដូចគ្នាថា​អ្វីដែលយើងបានរៀនមកអ៊ីចឹងណា!​ ថាតើផលប្រយោជន៍ គុណវិបត្តិរបស់អាហារដែលយើងទទួលរាល់ថ្ងៃហ្នឹង មានអីខ្លះ យើងមានការស៊ែរទៅតាមហ្នឹងដែរ»

កញ្ញា ឈុន បូរមី ប្រធានក្រុមដឹកនាំយុវជនអាហារូបត្ថម្ភកម្ពុជាមានការរំពឹងទុកថា ក្រុមយុវជនជើងឯកអាហាររូបរូបត្ថម្ភនឹងនៅតែបន្តចែករំលែកសារគន្លឹះសំខាន់ៗ ពីរបៀបនៃការចម្អិនម្ហួបដែលគិតគូរពីសុខភាពទៅកាន់មិត្តភ័ក្តិ ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ពួកគាត់។ កញ្ញាបានប្រាប់បន្ថែមទៀតពីយុទ្ធនាការមិត្តអប់រំមិត្ត​ ដែលបានរៀបចំឡើងដោយអង្គការ ឡែន ខេលល័រ ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាល និងផ្តល់ជាសារគន្លឹះមួយចំនួនដែលជួយជំរុញឱ្យយុវជនកម្ពុជាយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអាហារូបត្ថម្ភ។

កញ្ញា ឈុន បូរមី៖ «សារគន្លឹះផ្សេងៗ ដែលយើងខិតខំផ្សព្វផ្សាយនោះ គឺមានដូចជាសារគន្លឹះអំពីការកាត់បន្ថយ អំបិល ស្គរ ហើយនិងប្រេងឆាក្នុងម្ហូបអាហារ ក៏ដូចជាការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ក៏ដូចជាការបរិភោគបន្លែផ្លែឈើឱ្យបានច្រើន និងចំរុះមុខផងដែរ»

ចំណែកឯលោក ហ៊ូ ក្រើន នាយករង អង្គការ ហេឡែន ខេលល័រ យុវជនគឺជាតួអង្គដ៏សំខាន់ដែលមិនអាចខ្វះបាននៅក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបម្ថត្ភនៅក្នុងប្រទេសកម្ពុជា។​ លោកមើលឃើញថាយុវជន គឺជាសន្តានុពលមួយដ៏មានឥទ្ធិពលក្នុងការធ្វើការផ្សព្វផ្សាយនូវសារគន្លឹះមួយចំនួនស្តីពីអាហារូបម្ថត្ភ ជាពិសេសយុវជន គឺជាផ្នែកមួយដ៏សំខាន់ផងដែរក្នុងការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅនាពេលបច្ចុប្បន្ន​ ដូច្នេះហើយទើបលោកចាត់ទុកយុវជនជាគោលដៅសំខាន់។  

លោក ហ៊ូ ក្រើន បានលើកឡើងថា៖ «ម្លេះហើយបានជាអង្គការ ហេឡែន ខេលល័រ អន្តរជាតិ ក៏ដូចជាក្រុមការងារដែលធ្វើការខាងផ្នែកអាហារូបម្ថត្ភនេះ គិតថាយុវជន គឺជាកម្លាំងស្នូល ដែលយើងត្រូវធ្វើការជាមួយ ដើម្បីធ្វើយ៉ាងម៉េចឱ្យពួកគាត់​! ដំបូងមានចំណេះដឹងទាក់ទងទៅនឹងរបរអាហារសុខភាព ទាក់ទងទៅនឹងអាហារូបម្ថត្ភ សុវត្តិភាពស្បៀង បន្ទាប់មកអាចឱ្យគាត់យកលទ្ធភាពនេះធ្វើការផ្សព្វផ្សាយទៅដល់សារធារណជន និងយុវជនខ្លួនគាត់បាទ»

តំណាងឱ្យអង្គការ ហេឡែន ខេលល័រ លោក ហ៊ូ ក្រើន បានបង្ហាញការព្រួយបារម្ភពាក់ព័ន្ធជាមួយនឹងការលក់អាហារនៅតាមសាលារៀនភាគច្រើនដែលជាអាហាររហ័ស អាហារផ្អែម អាហារកញ្ចប់ ដែលអាចបណ្តាឱ្យក្មេងៗ ប្រឈមនឹងគ្រោះថ្នាក់។ លោកបានអំពាវនាវឱ្យមានការអនុវត្តច្បាប់ឱ្យបានតឹងរឹងទៅលើអ្នកលក់ដូរ និងគិតគូរពីបញ្ហាសុខភាពកុមារ សិស្សានុសិស្សនៅតាមសាលារៀនក៏ដូចជាមហាវិទ្យាល័យផងដែរ។ ដោយលោកបានអះអាងថាកន្លងមកកម្មវិធីស្បៀងអាហារពិភពលោក ក៏ដូចជាអង្គការ ហេឡែន ខេលល័រ អន្តរជាតិ បានបានរកឃើញថាការញុំាអាហារនៅតាមសាលារៀនជារឿងដែលគួរព្រួយបារម្ភខ្លាំង។

លោក ហ៊ូ ក្រើន បានបន្ថែមថា៖ «ជួនអីយើងមានច្បាប់ហើយ ប៉ុន្តែការពង្រឹងនៃការអនុវត្តច្បាប់វាមិនទាន់បានល្អ ម្លេះហើយធ្វើឱ្យអ្នកដែលលក់ ឬអ្នកដែលផលិត ឬក៏អ្នកដែកចែកចាយ អ្នកប្រព្រឹត្ត​ហ្នឹងនៅតែអាចលក់អាហារអត់មានស្តង់ដាដែរ។ អ៊ីចឹងទៅអានេះជារឿងពីរត្រូវគិតទៅថ្ងៃមុខ ច្បាប់ម្ហូបអាហារនេះ​ ទីមួយមានច្បាប់ហើយ តែត្រូវមានយន្តការ ហើយនឹងការអនុវត្តពង្រឹងនូវច្បាប់នេះ»

ឯកឧត្តម វេជ្ជបណ្ឌិត សយ អុឹង ប្រធាននាយកដ្ឋាន សន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល បានប្រាប់ឱ្យដឹងនៅក្នុងកម្មវិធីបោះជំរំជើងឯកអាហារូបម្ថត្ភនៅតំបន់អេកូទេសចរណ៍រ៉ៃអារ៉េង ក្នុងខេត្តកោះកុង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ថារដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅអភិវឌ្ឍឆ្នាំ២០៣០ គឺជាឆ្នាំដែលត្រូវបិទបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព ដូច្នេះរាជរដ្ឋាភិបាលបានចូលរួមសហការជាមួយដៃគូអភិវឌ្ឍនានា ដោយចាប់ផ្តើមធ្វើសកម្មភាពថ្មីៗ ជាច្រើនដែលជាសម្មភាពសំខាន់ៗ ជាពិសេស គឺសម្មភាពណាដែលផ្តល់ឱកាសដល់យុវជនចូលរួមជាមួយក្រសួង ក៏ដូចជាអង្គការនានាផងដែរ។ ដោយលោកបានលើយកកម្មវីធីបោះជំរំជើងឯកអាហារូបម្ថត្តតំបន់ឆាយអារ៉េងជាគំរូ ​ដើម្បីធ្វើយ៉ាងណាឱ្យយុវជនបានចែករំលែកបពិសោធន៍ ផ្លាស់ប្តូរមតិយោបល់  រៀនពីការសម្រេចចិត្តទៅរបរអហារ និងគិតគូពីអាហារូបម្ថត្ភ។

ឯកឧត្តម វេជ្ជបណ្ឌិត សយ អុឹង បានលើកឡើងថា៖ «ឧទាហរណ៍ដូចជានៅក្នុងការបោះជំរំជើងឯកអាហារូបម្ថត្តនៅឆាយអារ៉ែងយើងនេះ គឺយើងធ្វើម៉េចបង្កើនការយល់ឃើញរបស់យុវជនជើងឯកអាហាររូបម្ថត្ភហ្នឹង ស្តីពីជំរើស ពីរបៀបចម្អិនមុខម្ហូប របរអាហារសុខភាព។ យើងក៏ចាប់ផ្តើមផ្តល់វេទិការឱ្យយុវជនយើងហ្នឹងចាប់ផ្តើមចែករំលែក ការយល់ដឹងពីគ្នា បទពិសោធន៍​ មតិយោបល់គ្នា [] ធ្វើម៉េចឱ្យចាប់ផ្តើម engage អាការចូលរួមរបស់គាត់ហ្នឹងឱ្យមានប្រសិទ្ធភាពទៅ! ឱ្យមានប្រសិទ្ធភាពទៅ!»

តាមរយៈអង្គការ ហេឡែន ខេល័ល អន្តរជាតិ បានបង្ហាញថាបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាស្ថិតនៅដំណាក់កាលព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយជារៀងរាល់ឆ្នាំជិតមួយភាគបី ឬប្រមាណ ៤,៥០០ករណីនៃកុមារបានទទួលមរណភាពដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ។

របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលបង្ហាញថាចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ មានមនុស្ស ១១៩នាក់បានស្លាប់ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន ៤,៦៩៩នាក់។

ចំណែកឯតាមការសិក្សារបស់កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការ ហេឡែន ខេល័ល អន្តរជាតិ បានបង្ហាញថាអាហារដែលបានដាក់លក់តាមសាលាបឋមសិក្សាមួយចំនួនមិនមានអនាម័យ និងមានជាតិស្ករ អំបិល និងជាតិខ្លាញ់ខ្ពស់ មានសារជាតិចិញ្ចឹមទាបដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។

បញ្ហាកង្វះមីក្រូសារជាតិជាពិសេសជាតិអ៊ីយ៉ូដបណ្តាលឱ្យរាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារលូតលាស់យឺតយ៉ាវ ហើយប្រសិនបើបញ្ហានេះកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះវានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមកនឹងធ្វើឱ្យខួរក្បាលមិនអាចលូតលាស់ល្អ និងមិនអាចកែវិញបាននោះទេ។ លទ្ធផលការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅឆ្នាំ២០១៤ បានឱ្យដឹងថាស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារឡើយ។

ស្រ្តីចំនួន ៦២% និងកុមារ ៦៤% មានបញ្ហាកង្វះជាតិស័ង្កសី កង្វះជាតិហ្វូលេត នៅតែជាបញ្ហាដែលប៉ះពាល់ដល់ស្ត្រី១៨%។ កង្វះជីវជាតិ D ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា៣១% លើសពីនេះកង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថាស្ថិតនៅកម្រិតដែលមានមានបញ្ហាផងដែរ៕​

រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)