ប្រជាពលចំនួនពីរស្រុកនៅខេត្តសៀមរាបយល់ដឹងពីទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ

សៀមរាម៖ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ បានដឹកនាំគណៈប្រតិភូថ្នាក់ជាតិចុះទស្សនកិច្ចសិក្សានៅភូមិព្នៅ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប​ និងនៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២​ ថ្មីៗ នេះ។

ក្នុងដំណើទស្សនកិច្ច រួមមានតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងអប់រំយុវជន និងកីឡា ដៃគូអភិវឌ្ឍន៍រួមមានអង្គការ ផ្លែន អន្តរជាតិ​ អង្គការ ហេឡេន ខេល័រ អន្តរជាតិ (Helen Keller) អង្គការ UNICEF និងអង្គការដៃគូអនុវត្តគម្រោងរបស់អង្គការភ្លែន អង្គការ​ UNIDO និងសមាគមបណ្តុះកុមារ។

កម្មវិធីរបស់អង្គការសមគមន៍បណ្តុះកុមារនៅស្រុកអង្គរជុំ និងអង្គការ UNIDO ផ្តោតជាចំបងលើការងារសំខាន់ៗ មួយចំនួនដូចជាការផ្តោតលើអាហារូបត្ថម្ភ ការថែទាំសុខភាព ការអប់រំការប្រើប្រាស់ទឹកស្អាត និងអនាម័យ ការថែរក្សា ចិញ្ចឹមបីបាច់ទារក សុខភាពស្រី្តមានផ្ទៃពោះ និងការបំបៅកូនដោយទឹកដោះម្តាយ។ ការអប់រំកុមារតូច និងការបង្កើតមតេយ្យ សហមេត្រី។ គ្មានការបន្ទោរបង់ពាសវាលពាសកាល និងដំណោះស្រាយបញ្ហាកុមារ SAM និង MAM រួមជាមួយកម្មវិធីចាប់ផ្តើមដោយសុខភាពល្អ Healthy Starts។

សូមបញ្ជាក់ថា​ស្ថានភាពនៅក្នុងឃុំគោលដៅទាំង២ ស្រុកអង្គរជុំ និងស្រុកបន្ទាយស្រី មានភាពល្អប្រសើរ ប្រជាពលរដ្ឋនៅក្នុងសហគមន៍មានការយល់ដឹងច្រើនពីអាហារូបត្ថម្ភ ការថែទាំសុខភាព ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ការប្រើប្រាស់បង្គន់អនាម័យ ការថែរក្សា ចិញ្ចឹមបីបាច់ទារក និងសុខភាពស្រី្តមានផ្ទៃពោះ និងក្នុងពេលបំបៅកូន៕

រូបភាពដោយ៖ សហការី