សៀមរាម៖ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារទឹកស្អាត និងអនាម័យ និងអាហារូបត្ថម្ភ បានដឹកនាំគណៈប្រតិភូថ្នាក់ជាតិចុះទស្សនកិច្ចសិក្សានៅភូមិព្នៅ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប និងនៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ថ្មីៗ នេះ។
ក្នុងដំណើទស្សនកិច្ច រួមមានតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងអប់រំយុវជន និងកីឡា ដៃគូអភិវឌ្ឍន៍រួមមានអង្គការ ផ្លែន អន្តរជាតិ អង្គការ ហេឡេន ខេល័រ អន្តរជាតិ (Helen Keller) អង្គការ UNICEF និងអង្គការដៃគូអនុវត្តគម្រោងរបស់អង្គការភ្លែន អង្គការ UNIDO និងសមាគមបណ្តុះកុមារ។
កម្មវិធីរបស់អង្គការសមគមន៍បណ្តុះកុមារនៅស្រុកអង្គរជុំ និងអង្គការ UNIDO ផ្តោតជាចំបងលើការងារសំខាន់ៗ មួយចំនួនដូចជាការផ្តោតលើអាហារូបត្ថម្ភ ការថែទាំសុខភាព ការអប់រំការប្រើប្រាស់ទឹកស្អាត និងអនាម័យ ការថែរក្សា ចិញ្ចឹមបីបាច់ទារក សុខភាពស្រី្តមានផ្ទៃពោះ និងការបំបៅកូនដោយទឹកដោះម្តាយ។ ការអប់រំកុមារតូច និងការបង្កើតមតេយ្យ សហមេត្រី។ គ្មានការបន្ទោរបង់ពាសវាលពាសកាល និងដំណោះស្រាយបញ្ហាកុមារ SAM និង MAM រួមជាមួយកម្មវិធីចាប់ផ្តើមដោយសុខភាពល្អ Healthy Starts។
សូមបញ្ជាក់ថាស្ថានភាពនៅក្នុងឃុំគោលដៅទាំង២ ស្រុកអង្គរជុំ និងស្រុកបន្ទាយស្រី មានភាពល្អប្រសើរ ប្រជាពលរដ្ឋនៅក្នុងសហគមន៍មានការយល់ដឹងច្រើនពីអាហារូបត្ថម្ភ ការថែទាំសុខភាព ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ការប្រើប្រាស់បង្គន់អនាម័យ ការថែរក្សា ចិញ្ចឹមបីបាច់ទារក និងសុខភាពស្រី្តមានផ្ទៃពោះ និងក្នុងពេលបំបៅកូន៕
រូបភាពដោយ៖ សហការី