កុមារ និងយុវជនដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ឋស្បៀង និងអាហារូបត្ថម្ភកម្ពុជា

បញ្ហាសុខភាពមួយចំនួនដូចជាជំងឺស្លេកស្លាំង ស្គមស្គាំង មិនគ្រប់ទម្ងន់ និងមួយចំនួនទៀតធាត់ជ្រុលដែលបណ្តាលមកពីបញ្ហាអាហារូបត្ថម្ភ ការខ្វះខាតស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុខភាព ជីវភាពរស់នៅរបស់កុមារ និងក្រុមយុវជន។ ដូច្នេះការវិនិយោគលើការអប់រំ ការបណ្តុះបណ្តាលដល់កុមារ និងយុវជន គឺជាការវិនិយោគលើមូលធនមនុស្សដែលនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។

ការចូលរួមរបស់កុមារ និងយុវជននៅក្នុងព្រឹត្តិការណ៍ប្រព័ន្ឋស្បៀងមិនត្រឹមតែជួយបង្កើនការយល់ដឹងរបស់កុមារ និងយុវជនអំពីសារៈសំខាន់នៃប្រព័ន្ឋស្បៀង និងអាហារូបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងជួយរៀបចំគាត់ឱ្យក្លាយជាអ្នកដឹកនាំធ្វើផែនការ និងអ្នកធ្វើសេចក្តីសម្រេចចិត្តដ៏រឹងមាំ ដើម្បីគាំទ្រវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សជំនាន់ក្រោយ។ កុមារ និងយុវជន គឺជាក្រុមដ៏សំខាន់មួយសម្រាប់​អន្តរាគមន៍អាហារូបត្ថម្ភក្នុងការបំបែកវដ្តបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា។

ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង ​និងអាហារូបត្ថម្ភ​របស់កុមារ និងយុវជន គឺជាកត្តា​មិនអាចខ្វះបានសម្រាប់ធនធានមនុស្សជំនាន់​ក្រោយ ពីព្រោះកុមារ និងយុវជន គឺជាអ្នកបន្តវេន​របស់ប្រទេសជាតិ​ ជាទំពាំងស្នងឬស្សីដែលទាមទារឱ្យមាន​ការ​យកចិត្តទុកដាក់ខ្ពស់លើការអប់រំ រៀនសូត្រ​ ថែទាំសុខភាព សីលធម៌ សុជីវធម៌ក្នុងការរស់នៅ ការចូលរួមក្នុងកិច្ចការសង្គម បរិស្ថាន និងការអភិវឌ្ឍនានា។

ដើម្បីលើក​កម្ពស់​សន្តិសុខស្បៀង និងអាហារូបត្ថម្ភសំដៅរួមចំណែក​​លើកកម្ពស់សុខភាព​ ជីវភាពរស់នៅ និង​ធានាឱ្យបាននូវ​សុខដុមនីយកម្ម​គ្រួសាររដ្ឋាភិបាលរកម្ពុជា​បានយកចិត្តទុកដាក់ចំណុចមួយចំនួន៖ 

  • ជំរុញការចូលរួមរបស់យុវជន ក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ​ ដែលមានដូចជាការទម្លាក់ព្រូន ការត្រួតពិនិត្យសុខភាព អនាម័យ និងការប្រឹក្សាយោបល់ស្តីពីសុវត្ថិភាពចំណីអាហារ។
  • យុវជនត្រូវយល់ដឹងពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរដែលសម្បូរសារជាតិចិញ្ចឹម និងមានសុវត្ថិភាព។
  • ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាគ្រប់រូបត្រូវបរិភោគរបបអាហារសុខភាពជាពិសេសបន្លែ និងផ្លែឈើឱ្យបានច្រើន ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយឱ្យបានរឹងមាំ និងត្រូវរៀបចំចម្អិន និងបរិភោគអាហារនៅកន្លែងដែលមានបរិស្ថានស្អាត ត្រូវពាក់ម៉ាស់ និងលាងសម្អាតដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់នៅពេលកាន់ ឬរៀបចំអាហារ និងត្រូវបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យ ដើម្បីទទួលបានអាហារូបត្ថម្ភល្អ និងមានសុខភាពល្អ៕

រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)