កោះកុង៖ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ បានរៀបចំកម្មវិធីបោះជំរំយុវជនជើងឯកអាហារូបត្ថម្ភជាលើកទី២ នៅក្នុងទឹកដីអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង នៃរមណីយដ្ឋានរៃអារ៉ែង ReyAreng ដែលកម្មវិធីបោះជំរំនេះបានធ្វើឡើងចំនួនពីរយប់បីថ្ងៃ គឺថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ ការបោះជំរំមានយុវជនចូលរួមប្រមាណជាង ៣០នាក់បានចូលរួម និងបានប្រកួតចម្អិនមុខម្ហូបដែលជាអនត្តសញ្ញាខ្មែរ មានដូចជាសម្លកកូរ សម្លម្ជូរស្រែ និងឆាបន្លែគ្រប់មុខ។
កញ្ញា ឈុន បូរមី អ្នកដឹកនាំយុវជនសកលសម្រាប់អាហារូបត្ថម្ភកម្ពុជា ដែលត្រូវបានជ្រើសរើសឱ្យដឹកនាំក្រុមយុវជនជើងឯកអាហារូបត្ថម្ភកម្ពុជាបានប្រាប់ពីគោលដៅសំខាន់ៗ ចំនួន៣ នៃគម្រោងនេះ គឺទីមួយ៖ លើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាលើការងារអាហារូបត្ថម្ភ។ ទីពីរ៖ បង្កើនសំឡេងរបស់យុវជន និងបង្កើនចំណេះដឹងអាហារូបត្ថម្ភ និងបី៖បង្កើនជំនាញទំនាក់ទំនង និងការតស៊ូមតិដើម្បីក្លាយជាភ្នាក់ងារសម្រាប់ការលើកកម្ពស់ប្រព័ន្ធស្បៀង របបអាហារសុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
នៅឆ្នាំ២០១៨ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា បានបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភ និងបានជ្រើសរើសយុវជនជើងឯកអាហារូបត្ថម្ភចំនួន ១០នាក់ដើម្បីគាំទ្រសកម្មភាពផ្សេងៗ នៅក្នុងគម្រោងយុវជនជើងឯកអាហារូបត្ថម្ភនេះ ដែលយុវជនជើងឯកអាហារូបត្ថម្ភត្រូវបានទទួលការបណ្តុះបណ្តាលដើម្បីបំពេញតួនាទី និងទំនួលខុសត្រូវក្នុងការធ្វើផែនការសកម្មភាព និងការអនុវត្តផែនការពីអ្នកក្រុមអ្នកជំនាញៗ។
ចំណែកផ្នែកបច្ចេកទេសវិញ ក្រុមយុវជនជើងឯកអាហារូបត្ថម្ភទទួលបានការបណ្តុះបណ្តាលក្រៅផ្លូវការទាក់ទងនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាពិសេសផ្តោតលើមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព ប្រព័ន្ធស្បៀង សុវត្ថិភាពចំណីអាហារ និងការកែច្នៃអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កម្មវិធីជាតិអាហារូបត្ថម្ភ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។ នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភក្រសួងផែនការអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការហេទ្បែន ខេលល័រ អន្តរជាតិ។
ដោយមានការចាប់អារម្មណ៍ខ្ពស់ទៅលើគំនិតផ្តួចផ្តើមនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា បានជ្រើសរើសអ្នកហាត់ការយុវជនអាហារូបត្ថម្ភធ្វើការពេញម៉ោងចំនួន៤នាក់ និងយុវជនជើងឯកអាហារូបត្ថម្ភបន្ថែមចំនួន៥០នាក់ទៀត ដើម្បីគាំទ្រសកម្មភាពយុវជនដ៏មានសារៈសំខាន់នេះក្រោមគម្រោង «លើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការ» ដែលគាំទ្រដោយគម្រោង MUSEFO នៃអង្គការ GIZ និងអង្គការហេទ្បែន ខេលល័រ អន្តរជាតិ។
ការបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភនេះឡើង គឺផ្តល់ឱកាសឱ្យយុវជនបានចូលរួមក្នុងសកម្មភាពរៀបចំវេទិកាយុវជន ការចូលរួមយុទ្ធនាការមិត្តអប់រំមិត្តលើរបបអាហារសុខភាព យុទ្ធនាការតស៊ូមតិតាមបណ្តាញសង្គមដើម្បីលើកកម្ពស់ការយល់ដឹងអំពីរបបអាហារសុខភាព ការចូលរួមរៀបចំទិវាជាតិអាហារូបត្ថម្ភ ការចូលរួមរៀបចំសិក្ខាសាលា ប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយនៅតាមសហគមន៍ ការចូលរួមអប់រំអាហារូបត្ថម្ភនៅសហគមន៍ កម្មវិធីមិត្តអប់រំមិត្ត ការធ្វើពិធីករ និងពិធីការិនីក្នុងកម្មវិធីផ្សេងៗ និងការចុះទស្សនកិច្ចសិក្សានៅទីកន្លែងផ្សេងៗ ដូចជាមណ្ឌលសុខភាព និងកន្លែងផលិត និងកែច្នៃចំណីអាហារជាដើម៕
រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)