ក្រុងកំពង់ឆ្នាំងបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទៅតាមផែនការ ODF

កំពង់ឆ្នាំង៖ កាលពីចុងឆ្នាំ២០២០ ក្រុងកំពង់ឆ្នាំងត្រូវបានអង្គការ WaterAid ជ្រើសរើសជាតំបន់គោលដៅ ដើម្បីអនុវត្តកម្មវិធី ផ្គត់ផ្គង់ ការសំអាត និងអនាម័យជនបទ។ ក្នុងពេលចាប់ផ្តើមការអនុវត្តដំបូងប្រជាពលរដ្ឋមានប្រភពទឹកប្រើប្រាស់ចំនួន ១០០% ក្នុងនោះប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ៨៧.៤% ចំណែកអត្រាប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ចំនួន ៨៩% និងអត្រាប្រជាពលរដ្ឋទម្លាប់លាងដៃជាមួយសាប៊ូចំនួន ៩១%។

ដោយមានការគាំទ្រពីអង្គការ WaterAid និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានប្រជុំរៀបចំផែនការ ODF ថ្នាក់សង្កាត់ និងថ្នាក់ក្រង ចុះពិនិត្យ និងតាមដាន ចុះផ្ទៀងផ្ទាត់ភូមិ សង្កាត់ សម្រេចបាន ODF ចុះប្រជុំជាមួយគ្រសារក្រីក្រដែលគ្មានបង្គន់អនាម័យប្រើប្រាស់ និងស្វែងរកគាំទ្រពីអ្នកពាក់ព័ន្ឋ។

ជាលទ្ធផលបន្ទាប់ពីមន្ទីរអភិវឌ្ឍន៍ជនបទចុះធ្វើសកម្មភាពដូចខាងលើរួចមក បានធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងពីសារៈ សំខាន់នៃការបន្ទោបង់ក្នុងបង្គន់ ហើយផ្លាស់ប្តូរទម្លាប់មកសាងសង់បង្គន់ប្រើប្រាស់ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ តាមរយៈការចូលរួមរបស់អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ បានធ្វើឱ្យអត្រាអនាម័យបានកើនពី ៨៥% មក ១០០% នៅទូទាំងក្រុងកំពង់ឆ្នាំង ដែលក្នុងនោះមានភូមិចំនួន២៦ សង្កាត់ចំនួន៤ និងក្រុងកំពង់ឆ្នាំង សម្រេចបាន ODF ដោយបានផ្ទៀងផ្ទាត់ និងវាយតម្លៃទទួលស្គាល់ជាផ្លូវការរួចរាល់ដោយគណៈកម្មការ និងកំពុងប្រកាសជាផ្លូវការនាឱកាសនេះ។

តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីធានាបាននូវការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បង្កើនបាននូវគុណភាពនៃការផ្តល់សេវាប្រកបដោយគណនេយ្យភាព តម្លាភាព សុចរិតភាព មានការអភិវឌ្ឍប្រកបដោយចីរភាព ជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងមានអនាម័យ បរិស្ថាន កាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថាក្រុងកំពង់ឆ្នាំង ជារដ្ឋបាលមួយក្នុងចំណោមរដ្ឋបាលថ្នាក់ស្រុកទាំង៧ និងកង១ របស់ខេត្តកំពង់ឆ្នាំង ដែលមាន ព្រំប្រទល់ខាងកើតទល់នឹងស្រុកជលគីរី ខាងលិចទល់នឹងស្រុករលាប្អៀរ ខាងជើងទល់នឹងស្រុកកំពង់លែង ខាងត្បូងទល់នឹងស្រុករលាប្អៀរ។

ក្រុងកំពង់ឆ្នាំងមានផ្ទៃដីសរុប ៤៦៦៥គីឡូម៉ែត្រការ៉េ ចែកចេញជា ៤សង្កាត់ ស្មើនឹង ២៦ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ៤០,៩១៣នាក់ ស្រី ២០,៨៨៧នាក់ មានគ្រួសារចំនួន ៩,៤០៣ មានខ្នងផ្ទះចំនួន ៨,៣០៧ ក្នុងនោះប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងមានចំនួន ១,១១១នាក់៕

រូបភាពដោយ៖ សហការី