ការសិក្សារបស់ Visa កំណើននៃការទូទាត់តាមរយៈឌីជីថលខណៈពេលដែលប្រជាជនកម្ពុជាងាកចេញពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ

ភ្នំពេញ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនប្រមាណ ៣២ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើនឡើងនៃជំងឺរាត ត្បាត Covid-19។ បើយោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជននេះ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងលឿន ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេស គឺតាមរយៈ QR កូដ និងកាបូបអេឡិចត្រូនិច (e-Wallet)។

ជំងឺរាតត្បាតកូវីត បានពន្លឿននូវការទូទាត់តាមរយៈឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ដោយសារពួកគេជឿជាក់ថា ការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ នឹងធ្វើឱ្យសង្គមកាន់តែមានអនាម័យមានចំនួនប្រមាណ ៤៣% កាន់តែមានប្រសិទ្ធភាពមានចំនួនប្រមាណ ៣៩% និងល្អសម្រាប់បរិស្ថានមានចំនួនប្រមាណ ៣៧%។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ដោយសារតែជម្រើសនៃការទូទាត់តាមរយៈឌីជីថលមានច្រើន យើងកំពុងធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរពីជំនាន់មួយ គឺអំពីរបៀបដែលប្រជាជនកម្ពុជាជ្រើសរើសការទូទាត់ និងការទទួលប្រាក់។ នៅក្រុមហ៊ុន Visa យើងកំពុងតាមដានយ៉ាងជិតស្និទ្ធអំពីដំណើរការអភិវឌ្ឍទៅរកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ តាមរយៈការប្រើប្រាស់ព័ត៌មានទីផ្សារ ដើម្បីធានាបាននូវការគាំទ្រដល់ដៃគូអាជីវកម្មក្នុងស្រុកឱ្យទទួលបានទម្រង់ទូទាត់ប្រាក់ឌីជីថលដែលកាន់តែឆ្លាតវៃ ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន»។

ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ការប្រើសាច់ប្រាក់សុទ្ធ បានធ្លាក់ចុះ ២២% បើធៀបទៅនឹងឆ្នាំមុនៗ។ អ្នកប្រើប្រាស់កម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់ បានព្យាយាមសាកល្បងឈប់ប្រើសាច់ប្រាក់សុទ្ធ ហើយជាលទ្ធផលស្ទើរតែពាក់កណ្តាលចំនួនប្រមាណ ៤៦% បានអះអាងថា ពួកគេអាចឈប់ប្រើសាច់ប្រាក់សុទ្ធបានយូររហូតដល់ទៅជាងមួយសប្តាហ៍។ ក្នុងចំណោមអ្នកដែលមិនបានសាកល្បងឈប់ប្រើសាច់ប្រាក់សុទ្ធ មានប្រហែល ២៩% មានជំនឿចិត្តថា ពួកគេអាចពឹងផ្អែកលើជម្រើសនៃការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធបានរហូតដល់ទៅមួយខែឬយូរជាងនេះ។

តាមរយៈការសិក្សាក៏បានបង្ហាញពីសន្ទុះនៃការទទួលយកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ និងតាមរយៈឌីជីថលផងដែរ ជាពិសេសតាមរយៈការប្រើកាត និង QR កូដ។ បច្ចុប្បន្ន ៣៨% នៃប្រជាជនកម្ពុជា ជ្រើសយកការទូទាត់តាមរយៈកាត ហើយស្ទើរតែ ៧នាក់ ក្នុងចំណោម ១០នាក់ ស្មើរ ៦៨% កំពុងប្រើទាំងកាបូបអេឡិចត្រូនិច និងកាត ដែលនេះបង្ហាញពីចំណូលចិត្តនៃការប្រើប្រាស់របស់ពួកគេទៅថ្ងៃអនាគត។ ទន្ទឹមនឹងនេះ ការទូទាត់តាមរយៈ QR កូដ មានការកើនឡើងបីដងក្នុងមួយឆ្នាំ ដែលបច្ចុប្បន្ននេះអ្នកប្រើប្រាស់មានចំនួន ៣៦% នៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងប្រើប្រាស់វា។ ការទូទាត់តាមរយៈ QR កូដ គឺជាទម្រង់ទូទាត់ប្រាក់ដែលពេញនិយមបំផុតដែលស្ថិតនៅលំដាប់ទីពីរនៅក្នុងចំណោមជម្រើសនៃវិធីសាស្រ្តទូទាត់ប្រាក់ទាំងអស់ ជាពិសេសនៅក្នុងផ្សារទំនើប នឹងហាងលក់ទំនិញ។

អ្នកប្រើប្រាស់ បានបង្ហាញពីទំនោរចិត្តលើការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ព្រោះវាជាជម្រើសដ៏ល្អដែលមានបញ្ចូលមុខងារទូទាត់ប្រាក់ភ្ជាប់ជាមួយ។ ធនាគារឌីជីថល ក៏បានចាប់ដៃគូជាមួយធនាគារបែបប្រពៃណីផងដែរ ខណៈដែល ៦០% នៃអ្នកប្រើប្រាស់ឥឡូវនេះ ប្រើប្រាស់កម្មវិធីធនាគារចល័ត នឹងបានកោតសរសើរដល់សុវត្ថិភាពនៃការទូទាត់តាមរយៈទូរស័ព្ទដៃ មានប្រមាណ ៥១% ព្រមទាំងអត្ថប្រយោជន៍សុខភាពដែលទាក់ទងនឹងការកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ មានប្រមាណ ៥០%។

អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមទៀតថា៖ «អ្នកប្រើប្រាស់ជឿជាក់ថា កម្ពុជានឹងក្លាយជាសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដោយមិនគិតពីផលនៃការប៉ះទង្គិចនៃមេរោគ COVID-19។ ក្រុមហ៊ុន Visa មានសេចក្តីរីករាយក្នុងការគាំទ្រដល់អ្នកប្រើប្រាស់ និងពាណិជ្ជករ សម្រាប់ទទួលយកការផ្លាស់ប្តូរនេះ រួមជាមួយនឹងសេវាកម្មទូទាត់ប្រាក់ឈានមុខគេ​នៅក្នុង​ពិភពលោក ស្របនឹងការយល់ដឹងកាន់តែច្បាស់អំពីទីផ្សារ ដើម្បីជួយពួកគេក្នុងការសម្របខ្លួន ព្រមទាំងយកឈ្នះលើបញ្ហាប្រឈមនានា»៕

អត្ថបទពាណិជ្ជកម្ម