AFD សន្យាផ្តល់ហិរញ្ញប្បទានជាង៣០០លានអឺរ៉ូដល់គម្រោងនានានៅកម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៤

ភ្នំពេញ៖ កិច្ចពិភាក្សា​កម្រិតគោលនយោបាយលើកទី៥រវាងប្រទេសបារាំង និងកម្ពុជា​ត្រូវបានរៀបចំឡើងកាល​ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិនិត្យអំពីអាទិភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនានា។ ប្រទេសកម្ពុជាត្រូវបានតំណាងដោយ គណៈប្រតិភូដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រីឯស្ថានទូតបារាំងតំណាងដោយឯកឧត្តមឯកអគ្គរដ្ឋទូត ហ្សាក់ ប៉ឺឡេ ហើយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD តំណាងដោយលោក យ៉ាស៊ីដ ប៊ែនសាអ៊ីដ នាយកប្រចាំអាស៊ីអាគ្នេយ៍ និងលោកស្រី អូហ្វេលី បួរីស នាយិកាប្រចាំកម្ពុជា។

កិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំនេះមានការចូលរួមផងដែរពីដៃគូបច្ចេកទេសរបស់ទីភ្នាក់ងារ AFD មកពីក្រសួងស្ថាប័ននានា ហើយវា គឺជាឱកាសសម្រាប់ពង្រឹងភាពជាដៃគូយៈពេលវែងរវាងកម្ពុជា និងទីភ្នាក់ងារ AFD ក៏ដូចជាកំណត់ទិសដៅសំខាន់ៗ នាពេលអនាគត។ កិច្ចពិភាក្សាបានផ្តោតទៅលើគម្រោងសម្រាប់ឆ្នាំ២០២២-២០២៤ ដែលមានទឹកប្រាក់ជាង ៣០០លានអឺរ៉ូ តាមការព្រមព្រៀងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារ AFD ហើយផ្តល់អាទិភាពទៅលើវិស័យទឹក និងអនាម័យ កសិកម្ម ការគ្រប់គ្រងធនធានទឹក ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយការប្តេជ្ញាចិត្តក្នុងការផ្តល់ហិរញ្ញប្បទានសម្បទាន និងហិញ្ញប្បទានឥតសំណងប្រចាំឆ្នាំជាង ១០០លានអឺរ៉ូ ទីភ្នាក់ងារ AFD គូសបញ្ជាក់សារជាថ្មីពីការគាំទ្ររបស់ខ្លួនដល់កំណើនប្រកបដោយបរិយាប័ន្ន និងចីរភាពសម្រាប់ប្រទេសកម្ពុជា។


ទីភ្នាក់ងារ AFD ក៏បានគូសបញ្ជាក់សារជាថ្មីផងដែរអំពីការផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងបណ្តាគម្រោងមានស្រាប់ និងគម្រោងអនាគត។ លោកស្រី អូហ្វេលី បួរីស នាយិកា AFD ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ទីភ្នាក់ងារ AFD គាំទ្រការលើកកម្ពស់ការរីកចម្រើនប្រកបដោយចីរភាព តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធមានគុណភាព ការពង្រឹងភាពធន់របស់ដីទៅនឹងការប្រែប្រួលអាកាសធាតុ និងកំណើនប្រកបដោយបរិយាប័ន្ន។ ជាមួយគម្រោង ៧៥% ដែលមានអត្ថប្រយោជន៍ដល់អាកាសធាតុ ទីភ្នាក់ងារ AFD ប្រឹងប្រែងឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដាក់បញ្ចូលការយកចិត្តទុកដាក់អំពីអាកាសធាតុនៅក្នុងយុទ្ធសាស្ត្ររួមរបស់យើង»។

នៅក្នុងន័យនេះ កិច្ចព្រមព្រៀងមួយស្តីពីហិរញ្ញប្បទានឥតសំណងដែលមានគោលដៅកែលម្អគុណភាពខ្យល់ ត្រូវបានចុះហត្ថលេខានៅសប្តាហ៍នេះរវាងក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារ AFD។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងកម្រិតអាស៊ាន ជាមួយហិរញ្ញប្បទានឥតសំណងចំនួន ៥,៥លានអឺរ៉ូ ផ្តល់ដោយទីភ្នាក់ងារ AFD ក្នុងក្របខ័ណ្ឌនៃអន្តរាគមន៍របស់ខ្លួន។ កម្មវិធីនេះនឹងរួមចំណែកបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងអំពីគុណភាពខ្យល់ ក៏ដូចជាការតាមដានកាន់តែប្រសើរឡើងនៃគុណភាពខ្យល់នៅលើទឹកដីនៃប្រទេសអាស៊ាន ព្រមទាំងពង្រឹងសមត្ថភាពនៅតាមមូលដ្ឋាន និងរៀបចំគម្រោង កម្មវិធី ឬកម្ចីសាធារណៈនានា ដែលអាចនាំទៅដល់ការកាត់បន្ថយការបំពុលបរិយា កាស។

ទីភ្នាក់ងារ AFD គឺជាស្ថាប័នមួយនៅក្នុងក្រុម AFD ដែលជាអ្នកអនុវត្តគោលនយោបាយរបស់ប្រទេសបារាំងនៅក្នុងវិស័យអភិវឌ្ឍន៍ និងសាមគ្គីភាពអន្តជាតិ។ ទីភ្នាក់ងារ AFD ផ្តល់ជំនួយដល់វិស័យសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល ហើយគាំទ្រដល់ការងារស្រាវជ្រាវ ការបោះពុម្ព និងការបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ល។ ជារួមទីភ្នាក់ងារ AFD ផ្តល់ហិញ្ញប្បទាន ជួយជ្រោមជ្រែង និងលើកកម្ពស់ការផ្លាស់ប្តូរទៅកាន់ពិភពលោកមួយ ដែលកាន់តែមានភាពត្រឹមត្រូវ និងមានភាពធន់។

ជាមួយដៃគូរបស់ខ្លួនទីភ្នាក់ងារ AFD ស្វែងរកដំណោះស្រាយប្រកបដោយការចែករំលែកជាមួយ និងសម្រាប់ប្រជាពលរដ្ឋភាគខាងត្បូង។ ក្រុមការងាររបស់ទីភ្នាក់ងារ AFD បំពេញការងារលើគម្រោងជាង៤០០០ នៅក្នុង ១១៥ប្រទេស និងដែនដីដែលមានវិបត្តិសម្រាប់សម្បត្តិរួមពោល គឺអាកាសធាតុ សន្តិភាព សមភាពយែនឌ័រ វិស័យអប់រំ និងសុខាភិបាល។ តាមរយៈនេះយើងចូលរួមព្រឹងការប្តេជ្ញាចិត្តរបស់ប្រទេស និងប្រជាជនបារាំង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ពិភពរួមគ្នាមួយ៕

ប្រភព៖ ស្ថានទូតបារាំងនៅកម្ពុជា