គម្រោងកម្ពុជាហាវែស II អបអរសាទរសមិទ្ធផលរយៈពេលប្រាំឆ្នាំ

ភ្នំពេញ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកគម្រោងកម្ពុជាហាវែស II បានជួយវិស័យឯកជនបង្កើនទុនវិនិយោគប្រមាណជា ២៨លានដុល្លារសហរដ្ឋអាមេរិក  បង្កើតការងារជាង ២៥០០កន្លែង  គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយកសិកម្មចំនួន ១៧ និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥លានដុល្លារ សហរដ្ឋអាមេរិក។ គម្រោងនេះបានបំពេញការងារជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជនសហគមន៍កសិកម្ មនិងអ្នកផលិតដើម្បីជំរុញកំណើនវិស័យសាកវប្បកម្មប្រកបដោយនិរន្តរភាព។

លោកស្រី ណែន ស៊ី ជែ អ៊ីសលីក នាយិកាបេសកកម្មប្រចាំទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណអធិបតី ដើម្បីអបអរសាទរសមិទ្ធផលរបស់គម្រោង ដែលបានប្រារព្ធធ្វើឡើងក្នុងថ្ងៃនេះ នៅរាជធានីភ្នំពេញ។


លោកស្រី ណែន ស៊ី ជែ អ៊ីសលីក បានមានប្រសាសន៍ថា៖ «គម្រោងកម្ពុជាហាវែស II បានធ្វើការជាដៃគូជាមួយ          កសិអាជីវកម្ម អ្នកផលិត និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីកែច្នៃផលិតផលកសិកម្មថ្មីចំនួន ១៤០សម្រាប់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ យើងមានមោទកភាពចំពោះវឌ្ឍនភាពនេះ ដែលយើងបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជា។


គម្រោងកម្ពុជាហាវែស II ជំរុញកំណើនវិស័យសាកវប្បកម្មនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើខេត្តពោធិ៍សាត់         បាត់ដំបង សៀមរាប និងកំពង់ធំ ព្រមទាំងបណ្តាខេត្តមួយចំនួនផ្សេងទៀត។ គម្រោងនេះត្រូវបានឧបត្ថម្ភថវិកាដោយគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២៕

ប្រភព៖ ស្ថានទូតអាមេរិកនៅកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here