ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតបារំាំង លោក Jacques Pellet និងឯកអគ្គរដ្ឋទូតជប៉ុន លោក Masahiro Mikami បានចូលរួមជាមួយអ្នកសារព័ត៌មាន និងសមាជិកនៃក្រុមអង្គទូតនានា នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មានក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក។
ពិធីដែលត្រូវបានរៀបចំដោយស្ថានទូតអាមេរិក និងស្ថានទូតបារាំង នៅភ្នំពេញ គឺដើម្បីរំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ដែលបានបាត់ខ្លួន ឬសម្លាប់ នៅក្នុងសម័យសង្គ្រាមនៅកម្ពុជា ហើយក៏មានគោលបំណងទាញការចាប់អារម្មណ៍លើសារៈសំខាន់នៃសេរីភាពសារព័ត៌មានដែលមានចែងក្នុងសេចក្តីប្រកាសជាសាកលឆ្នាំ ១៩៤៨ ស្តីពីសិទ្ធិមនុស្សផងដែរ។
ឯកអគ្គរដ្ឋទូត Murphy ឯកអគ្គរដ្ឋទូត Pellet និងឯកអគ្គរដ្ឋទូត Mikami បានទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃសេរីភាពសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យល្អមួយ។
ឯកអគ្គរដ្ឋទូត Murphy បានលើកឡើងថា៖ «ការយកព័ត៌មានមិនមែនស្រួល ហើយក៏មិនមែនគ្មានហានិភ័យដែរ។ ថ្ងៃនេះ យើងរំលឹកដល់អ្នកសារព័ត៌មាននៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលខិតខំរាល់ថ្ងៃ ក្នុងការធ្វើការស៊ើបអង្កេត វិភាគ ចោទសួរ និងរាយការណ៍»។
ឯកអគ្គរដ្ឋទូត Pellet ក៏បានលើកឡើងដែរថា៖ «ថ្ងៃនេះ ដោយរំលឹកដល់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិត ក្នុងពេលចុះយកព័ត៌មានក្នុងសង្គ្រាមស៊ីវិលនៅកម្ពុជា នាទសវត្សរ៍ទី៧០ និងក្នុងពេលដែលអ្នកសារព័ត៌មានត្រូវបានសម្លាប់ រងរបួស ត្រូវបានដៅមកលើ និងចាប់ជំរិត នៅប្រទេសអ៊ុយក្រែន យើងចង់រំលឹកថា បើគ្មានការការពារអ្នកសារព័ត៌មានទេ សេរីភាពសារព័ត៌មានក៏គ្មានដែរ»។
ចំណែកឯលោកឯកអគ្គរដ្ឋទូត Mikami ថា៖ «សេរីភាពសារព័ត៌មាន ជាមូលដ្ឋាននៃសង្គមសេរី និងប្រជាធិបតេយ្យទាំងអស់» ។
សហរដ្ឋអាមេរិក និងប្រទេសបារាំង មានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់គេ ដែលចង់ឱ្យប្រទេសរបស់គេមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើនឡើង ដែលក្នុងនោះរាល់សម្លេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព៕
ប្រភព៖ ស្ថានទូតអាមេរិកនៅកម្ពុជា