សហរដ្ឋអាមេរិក បារាំង និងដៃគូនានា អបអរទិវាសេរីភាពសារព័ត៌មានពិភពលោក

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតបារំាំង លោក Jacques Pellet និងឯកអគ្គរដ្ឋទូតជប៉ុន លោក Masahiro Mikami បានចូលរួមជាមួយអ្នកសារព័ត៌មាន និងសមាជិកនៃក្រុមអង្គទូតនានា នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មានក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក។

ពិធី​ដែលត្រូវបានរៀបចំ​ដោយស្ថាន​ទូតអាមេរិក និងស្ថានទូតបារាំង នៅភ្នំពេញ គឺដើម្បីរំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ដែលបានបាត់ខ្លួន ឬសម្លាប់ នៅក្នុងសម័យសង្គ្រាម​នៅកម្ពុជា ហើយក៏មានគោលបំណងទាញការចាប់អារម្មណ៍​លើសារៈសំខាន់​នៃសេរីភាពសារព័ត៌មានដែលមានចែងក្នុងសេចក្តីប្រកាសជាសាកលឆ្នាំ ១៩៤៨ ស្តីពីសិទ្ធិមនុស្សផងដែរ។

ឯកអគ្គរដ្ឋទូត Murphy ឯកអគ្គរដ្ឋទូត Pellet និងឯកអគ្គរដ្ឋទូត Mikami បានទទួលស្គាល់ពីតួនាទីដ៏​សំខាន់​នៃសេរីភាពសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យល្អមួយ។

ឯកអគ្គរដ្ឋទូត Murphy បានលើកឡើងថា៖ «ការយកព័ត៌មានមិនមែនស្រួល ហើយក៏​មិនមែនគ្មានហានិភ័យដែរ។ ថ្ងៃ​នេះ យើងរំលឹកដល់អ្នកសារព័ត៌មាននៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលខិតខំរាល់ថ្ងៃ ក្នុងការធ្វើការ​ស៊ើបអង្កេត វិភាគ ចោទសួរ និងរាយការណ៍»។

ឯកអគ្គរដ្ឋទូត Pellet ក៏បានលើកឡើងដែរថា៖ «ថ្ងៃ​នេះ ដោយរំលឹកដល់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិត ក្នុងពេលចុះយកព័ត៌មាន​ក្នុងសង្គ្រាមស៊ីវិល​នៅកម្ពុជា នាទសវត្សរ៍ទី៧០ និងក្នុងពេលដែលអ្នកសារព័ត៌មានត្រូវបានសម្លាប់ រងរបួស ត្រូវបានដៅមកលើ និងចាប់ជំរិត នៅប្រទេសអ៊ុយក្រែន យើងចង់រំលឹកថា បើគ្មានការការពារ​អ្នកសារព័ត៌មានទេ សេរីភាពសារព័ត៌មានក៏គ្មានដែរ»។

ចំណែកឯលោកឯកអគ្គរដ្ឋទូត Mikami ថា៖ «សេរីភាព​សារព័ត៌មាន ជាមូលដ្ឋាននៃសង្គមសេរី និងប្រជាធិបតេយ្យទាំងអស់» ។

សហរដ្ឋអាមេរិក និងប្រទេសបារាំង មានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់គេ ដែលចង់​ឱ្យប្រទេសរបស់គេមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើនឡើង ដែលក្នុង​នោះរាល់សម្លេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព៕

ប្រភព៖ ស្ថានទូតអាមេរិកនៅកម្ពុជា