ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសថាស្វាយរៀង គឺជាខេត្តទីមួយ ដែលបានបញ្ចប់យុទ្ធនាការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ដំបូងគេនៅកម្ពុជា។ កម្មវិធីប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានលើកឡើងថា លទ្ធផលដ៏ឧដុង្គឧត្តមដែលទទួលបាននៅពេលនេះ គឺបានឆ្លើយតបទៅនឹងផែនការយុទ្ឋសាស្រ្តជាតិ PSP និងផែនការសកម្មភាពជាតិ (NSP) ស្តីពីការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិប្រកបដោយចរភាព (SGDs) ដើម្បីរួមចំណែកកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម ម៉ែន វិបុល៖ «លទ្ធផលដ៏ល្អប្រសើរនេះមិនត្រឹមតែបង្ហាញឱ្យឃើញការរីកចម្រើនផ្នត់គំនិតរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងជីវភាពរបស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍»។
ឯកឧត្តមបានបន្ថែមទៀតថា ការងារលើកកម្ពស់អនាម័យខេត្តទទួលបានភាពជោគជ័យនាពេលនេះ គឺដោយសារតែរដ្ឋបាលខេត្តស្វាយរៀងបានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត (PWG-RWSSH) ដែលមានឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានក្រុមការងារ និងមានសមាសភាពចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងអង្គការជាដៃគូនានាក្នុងខេត្ត អភិបាលក្រុងស្រុកទាំង៨ អមដោយលេខាធិការដ្ឋាននៃក្រុមការងារដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញ។
ឯកឧត្ដម ម៉ែន វិបុល បន្ថែមទៀតថា៖ «រដ្ឋបាលខេត្តស្វាយរៀងបានប្តេជ្ញាលើកកម្ពស់ការងារលើកកម្ពស់អនាម័យជនបទ និងការងារ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ឱ្យក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលទាំងស្រុងល្អប្រសើរ (ODF+) តាមផែនការដែលបានគ្រោងទុក»។
ខេត្តស្វាយរៀងដែលស្ថិតនៅទិសអាគ្នេយ៍នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាងលិច និងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូងទល់នឹងខេត្តតៃនីញ នឹងខេត្ដឡុងអាន ប្រទេសវៀតណាម។ ប្រជាជនបច្ចុប្បន្នមានចំនួនជាង ៦០ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដមាន ២.៩៦៦,៤០ គ.ម ដោយបែងចែកជា ២ក្រុង មានដូចជាក្រុងស្វាយរៀង និងក្រុងបាវិត។ មាន៦ស្រុក គឺស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាប (ស្រុកស្វាយទាប ជាស្រុកដំបូងក្នុងខេត្តបានប្រកាសក្នុងឆ្នាំ២០១៧ ដែលបានគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការភ្លែនអន្តរជាតិ) ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ដោយចែកចេញជា១២សង្កាត់ និង ៦៨ឃុំ មាន ៨០ឃុំ សង្កាត់ ដែលស្មើនឹង ៦៩០ភូមិ ៕
រូបភាពដោយ៖ ឌៀប សំអឿន