អ្នកសារព័ត៌មាន៩ស្ថាប័នទទួលបានពានរង្វាន់ជើងឯកអាហារូបត្ថម្ភក្នុងការប្រកួតប្រជែងនៅជុំទីមួយ

ភ្នំពេញ៖ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗ នេះ អង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ រួមសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបន បានបើក​វគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់អាហាររូបត្ថម្ភ ការបំបៅកូនដោយទឹកដោះម្តាយ និងការចិញ្ចឹមទារក និងកុមារដល់អ្នកសារព័ត៌មានប្រមាណជា៣០ស្ថាប័ន និងបានរៀបចំការប្រកួតប្រជែងពានរង្វាន់ជើងឯកអាហារូបត្ថម្ភ។

បន្ទាប់ពីចំណាយពេលប្រហែលជាង៣ខែកន្លងមក គម្រោងបានរកឃើញម្ចាស់ជ័យលាភី និងបានផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកសារព័ត៌មានដែលបានមានការខិតខំផលិតអត្ថបទល្អៗ ក្នុងការលើកកម្ពស់អាហាររូបត្ថម្ភ ការបំបៅកូនដោយទឹកដោះម្តាយ និងការចិញ្ចឹមទារកនិងកុមារ។

ដោយពានរង្វាន់លេខ១ ទទួលបានកុំព្យូទ័រយួរដៃ (Macbook Pro) ដែលមានតម្លៃស្មើទៅនឹងទឹកប្រាក់ប្រមាណជាង ២,០០០ដុល្លាអាមេរិក ដោយបានទៅលើស្ថាប័ន AMS Education News, The Khmer Times និង The Plus News។

ពាន់រង្វាន់លេខ២ ទទួលបានថេបប្លែត (Ipad)​ ដែលមានតម្លៃស្មើទៅនឹងទឹកប្រាក់ប្រមាណជាង ១,០០០ដុល្លាអាមេរិក ដោយបានទៅលើស្ថាប័ន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន ស្ថានីយ៍ទូរទស្សន៍ PNN News និងសារព័ត៌មានឌីជីថល Khmernas។

ចំណែកឯលេខ៣ ទទួលបានឧបករណ៍ថតសំឡេង ដែលមានតម្លៃស្មើទៅនឹងទឹកប្រាក់ប្រមាណជាង ៥០០ដុល្លាអាមេរិក ដោយបានទៅលើស្ថាប័ន Youth 21, FYN Media និងកាសែត Phnom Penh Post។

លោក ម៉ៅ សំណាង អ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មាន AMS ម្ចាស់ពាន់រង្វាន់លេខ១ និងតំណាងឱ្យអ្នកសារព័ត៌មានទទួលបានជ័យលាភីទាំងអស់បានលើកឡើងថា ការចូលរួមរបស់អ្នកសារព័ត៌មាននៅក្នុងដំណើរការចងក្រង និងផ្សព្វផ្សាយព័ត៌មានស្តីពីអាហារូបត្ថម្ភ សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងរបបអាហារសុខភាព គឺជាផ្នែកមួយដ៏សំខាន់ដែលជួយពន្លឿនការងារលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាតាមរយៈកិច្ចការសារព័ត៌មាន និងការងាររបស់អ្នកជំនាញ។

លោក ម៉ៅ សំណាង បាននិយាយថា៖ «តាមរយៈចំណេះដឹងដែលខ្ញុំទទួលបាន និងការចែករំលែកបទពិសោធពីវាគ្មិនជំនាញ ខ្ញុំយល់ថាអ្នកសារព័ត៌មានអាចសរសេរប្រធានបទព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹងអាហារូបត្ថម្ភ ឬក៏សុវត្ថិភាពចំណីអាហារបានច្រើនបន្តទៀត ហើយសកម្មភាពទាំងនេះ នឹងធ្វើឱ្យអ្នកសារព័ត៌មានកម្ពុជាផ្សេងទៀតចូលរួមកាន់តែច្រើន ជាពិសេសផ្ដោតសំខាន់ទៅលើការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រីនិងកុមារ»

កញ្ញា ទុយ អេងលី អ្នកសារព័ត៌មានមកពី FYN Media ម្ចាស់រង្វាន់លេខ៣ ក៏បានចូលរួមចំណែកចែករំលែកដែរថា កញ្ញាមានអារម្មណ៍ត្រេកអរដែលទទួលបានពាន់រង្វាន់ពីការប្រកួតនៅជុំទីមួយនេះ ហើយកញ្ញាក៏សង្ឃឹមថានឹងទទួលបានរង្វាន់លេខ១ ឬក៏លេខ២ នៅការប្រកួតនៅជុំទី២ខានមុខនេះ។

កញ្ញា ទុយ អេងលី និយាយថា៖ «ដោយសារជុំទីមួយហ្នឹង! ខ្ញុំសរសេរអត្ថបទមិនសូវបានច្រើន ដូច្នេះទើបខ្ញុំទទួលបានពានរង្វាន់លេខ៣ ខ្ញុំនឹងព្យាយាមសរសេរអត្ថបទឱ្យបានច្រើននៅជុំទី២ ហើយខ្ញុំសង្ឃឹមថានឹងទទួលបានរង្វាន់លេខ១ ឬក៏លេខ២»

ចំណែកអ្នកនាង សឹម សល់ម៉ា អ្នករាយការណ៍សារព័ត៌មានខ្មែរណាស់ ដែលទទួលបានជ័យលាភីលេខ២ អ្នកនាងបានចែករំលែកនូវអារម្មណ៍សប្បាយរីករាយដែលទទួលបានរង្វាន់ក្នុងការប្រកួត ហើយអ្វីដែលកាន់តែសប្បាយចិត្តជាងនេះទៅទៀត គឺអ្នកនាងទទួលបានចំណេះដឹងបន្ថែមក្នុងការសរសេរព័ត៌មានស្តីពីអាហាររូបត្ថម្ភ ការបំបៅកូនដោយទឹកដោះម្តាយ និងការចិញ្ចឹមទារក និងកុមារ។

ដោយសារតែកន្លងគាត់មិនសូវជាបានយល់ដឹង ឬក៏ចាប់អារម្មណ៍ការសរសេរអត្ថបទស្តីពីអាហាររូបត្ថម្ភដែលជាអត្ថបទមានប្រយោជន៍ដល់ស្រ្តីៗ និងអ្នកម្តាយឱ្យយល់ដឹងពីការបំបៅដោះកូនដោយទឹកដោះម្តាយ។ ជាទូរទៅអ្នកនាងមើលឃើញថា ស្រ្តីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជារវល់ខ្លាំងនៅក្នុងវិស័យការងារច្រើន ហើយពួកគាត់មិនសូវជាផ្តល់ការបំបៅដោះកូនដោយទឹកដោះម្តាយទេ គឺសឹងតែមួយរយភាគរយពួកគាត់ឱ្យកូនបៅទឹកគោម្សៅ។

អ្នកនាង សឹម សល់ម៉ា និយាយថា៖ «ខ្ញុំទទួលបានចំណេះដឹង ហើយបើសិនជាខ្ញុំមានកូន ខ្ញុំនឹងព្យាយាមបំបៅកូនដោយទឹកខ្ញុំផ្ទាល់យ៉ាងហោចណាស់ឱ្យបាន៦ខែ [] នៅជុំទី២នេះ ខ្ញុំនឹងខិតខំសរសេរបន្ថែមទៀត ដើម្បីឈានយកពានរង្វាន់លេខមួយនាពេលខាងមុខនេះ»

អត្ថបទដោយ៖ ទុយ អេងលី (សាគូរ៉ា)

LEAVE A REPLY

Please enter your comment!
Please enter your name here