ភ្នំពេញ៖ ថ្ងែទី២២ ខែមេសា ឆ្នាំ២០២២ នេះ អង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងសុខាភិបាលបានរៀបចំកម្មវិធីបណ្តុះបណ្តាលបន្ថែមស្តីពីអាហារូបត្ថម្ភ និងផ្តល់ពានរង្វាន់ដល់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ថជុំទីមួយនៅសណ្ឋាគារភ្នំពេញ។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានលើកឡើងថា៖ «ខ្ញុំសូមកោតសរសើរដោយស្មោះដល់អ្នកសារព័ត៌មានយើងទាំងអស់ដែលបានខិតខំសរសេរ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភ។ ប្រព័ន្ធផ្សព្វផ្សាយបានរួមចំណែកក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងការពង្រីកអន្តរាគមន៍កម្មវិធីអាហារូបត្ថម្ភ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិដើម្បីធានាថាអាហារូបត្ថម្ភនៅតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាល ជាពិសេសជួយរក្សាតុល្យភាព និងលើកកម្ពស់គណនេយ្យភាពរវាងភាគីពាក់ព័ន្ធអាហារូបត្ថម្ភឱ្យបំពេញការងារស្របតាមភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនដោយអនុលោមតាមគោលនយោបាយ និងលិខិតបទដ្ធាននានា»។
នាថ្ងៃបើកសិក្ខាសាលាលោកស្រី Gwyneth Cotes នាយិការអង្គការ Helen Keller បានលើកឡើងថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អ្នកសារព័ត៌មានទាំងអស់ដែលបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការសរសេរ និងផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភ។ ខ្ញុំសង្កេតឃើញថាក្នុងរយៈពេលកន្លងមកនេះ មានពត៌មានអាហារូបត្ថម្ភជាច្រើន ត្រូវបានចេញផ្សាយស្ទើរតែរៀងរាល់ថ្ងៃ។ ដូច្នេះខ្ញុំសូមអំពាវនាវឱ្យអ្នកសារព័ត៌មាននៅតែបន្តផ្សព្វផ្សាយតទៅទៀត ដើម្បីរួមចំណែកលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា»។
លោកបណ្ឌិត អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ បានលើកឡើងថា៖ «ខ្ញុំសូមលើកទឹកចិត្តអ្នកសារព័ត៌មាន បន្តនូវការងារដ៏អស្ចារ្យដែលបានធ្វើកន្លងមក ដោយបន្តសរសេរអត្ថបទស្តីពីអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារតូចនៅកម្ពុជា ហើយសហការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីជាតិ។ យើងដឹងហើយថាប្រព័ន្ធផ្សព្វផ្សាយអាចប្រើប្រាស់ទាំងឥទ្ធិពលវិជ្ជមាន និងហានិភ័យនៃឥទ្ធិពលអវិជ្ជមាន ដែលព័ត៌មានមិនពិតអាចចែកចាយយ៉ាងទូលំទូលាយ ឧ. តាមរយៈ Facebook។ យើងអាចធ្វើការរួមគ្នា រវាងតួអង្គអាហារូបត្ថម្ភ ក្រសួងសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកែលម្អព័ត៌មាន និងស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា»។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានសង្កត់ធ្ងន់លើសារ:សំខាន់វិស័យសារព័ត៌មាន ក្នុងការផ្សព្វផ្សាយចំណេះដឹងអាហារូបត្ថម្ភដល់សាធារណៈជនដោយផ្អែកលើគោលការណ៍សុក្រិត្យភាព ច្បាស់លាស់ មិនធ្វើឱ្យមានការភាន់ច្រឡំក្នុងការធ្វើសេចក្តីសម្រេចចិត្តណាមួយនោះទេ។
លោកជំទាវមានប្រសាសន៍ថា៖ «ជាមួយគ្នានេះដែរ ខ្ញុំសូមឱ្យអ្នកសារពត៌មានមានទាំងអស់ មេត្តាគិតគូរអំពីសុក្រិតភាពរបស់ទិន្នន័យ ប្រភពព័ត៌មាន មានការផ្ទៀងផ្ទាត់លើព័ត៌មានអាហារូបត្ថម្ភឱ្យបានច្បាស់លាស់ និងត្រឹមត្រូវមុនពេលចេញផ្សាយអត្ថបទនីមួយៗ ព្រោះថាប្រសិនបើការផ្សាយពត័មាន ឬទិន្នន័យអាហារូបត្ថម្ភខុសនឹងធ្វើសាធារណជនយល់ខុស និងអនុវត្តខុសតាមការផ្សព្វផ្សាយនោះដែរ»។
ចំណែកឯលោកជំទាវ នង ធួក យិការរងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មានក៏បានលើកឡើងដែរថា៖ «សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់កាលៈទេសៈ ហើយគោលបំណងរួមនៃវិជ្ជាជីវៈសារព័ត៌មាន គឺដើម្បីផ្តល់ជូននូវព័ត៌មានដែលជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវសម្រាប់ជីវិតក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»។
លោកជំទាវបន្ថែមថា៖ «ជាទូទៅអ្នកសារព័ត៌មានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជូនចំណេះដឹងបន្ថែម ជូនសាធារណៈជនពីព្រឹត្តិការណ៍ និងបញ្ហានានា ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃលើគ្រប់វិស័យ។ អ្នកសារព័ត៌មានបានចំណាយពេលជាច្រើនក្នុងការធ្វើបទសម្ភាសន៍ប្រភព អ្នកជំនាញ ស្វែងរកឯកសារកំណត់ត្រាពីប្រភពផ្សេងៗ ទៀតសម្រាប់ផ្ទៀងផ្ទាត់ព័ត៌មាន ព្រមទាំងចំណាយពេលយកព័ត៌មានដោយផ្ទាល់ដល់ទីកន្លែងដែលព្រឹត្តិការណ៍បានកើតឡើង។ អ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងតួនាទីជាស្ពានចម្លងពីស្ថាប័នទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកស្ថាប័នវិញលើគ្រប់ទិដ្ឋភាពសង្គមរួមទាំងវិស័យសុខាភិបាលដែលយើងកំពុងតែចូលរួមនេះដែរ»។
ចំណែកលោក ម៉ៅ សំណាង អ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មាន AMS និងតំណាងឱ្យអ្នកសារព័ត៌មានទទួលបានជ័យលាភីទាំងអស់បានលើកឡើងដែរថាការចូលរួមរបស់អ្នកសារព័ត៌មាននៅក្នុងដំណើរការចងក្រង និងផ្សព្វផ្សាយព័ត៌មានស្តីពីអាហារូបត្ថម្ភ សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងរបបអាហារសុខភាព គឺជាផ្នែកសំខាន់ដែលជួយពន្លឿនការងារលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាតាមរយៈកិច្ចការសារព័ត៌មាន និងការងាររបស់អ្នកជំនាញ ។
លោក ម៉ៅ សំណាង បាននិយាយថា៖ «តាមរយៈចំណេះដឹងដែលខ្ញុំទទួលបាននិងការចែករំលែកបទពិសោធពីវាគ្មិនជំនាញ ខ្ញុំយល់ថាអ្នកសារព័ត៌មានអាចសរសេរប្រធានបទព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹងអាហារូបត្ថម្ភ ឬក៏សុវត្ថិភាពចំណីអាហារបានច្រើនបន្តទៀត ហើយសកម្មភាពទាំងនេះ នឹងធ្វើឱ្យអ្នកសារព័ត៌មានកម្ពុជាផ្សេងទៀតចូលរួមកាន់តែច្រើន ជាពិសេសផ្ដោតសំខាន់ទៅលើការលើកកម្ពស់សុខុមាលភាព របស់ស្ត្រីនិងកុមារ»។
អ្នកសារព័ត៌មានដែលទទួលបានជ័យលាភីទាំងអស់ គឺជាសិក្ខាកាមដែលទទួលបានការវគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់អាហាររូបត្ថម្ភ ការបំបៅកូនដោយទឹកដោះម្តាយ និងការចិញ្ចឹមទារកនិងកុមារពីអ្នកជំនាញៗ មកពី អង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ ដែលបានរួមសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទកាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីនេះ៕
រូបថតដោយ៖ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា