អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប។ ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺងាយរងគ្រោះជាមួយនឹង បញ្ហាសុវត្ថិភាពចំណីអាហារ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាជារៀងរាល់ឆ្នាំមានកុមារជាង ២២០លាននាក់ កើតជំងឺរាករូស ហើយកុមារជាង ៩៦,០០០ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។
ចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវង្គដ៏កាចសាហាវនៃជំងឺរាករូស និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ ស្ថានភាពអាហារូបត្ថម្ភរបស់ជនងាយរងគ្រោះបំផុត។ សន្និសីទអន្តរជាតិស្តីពីសុវត្ថិភាពចំណីអាហារដែលបានធ្វើឡើងនៅទីក្រុង Addis Ababa ក្នុងខែកុម្ភៈឆ្នាំ២០១៩ និងវេទិកាអន្តរជាតិស្តីពីសុវត្ថិភាពចំណីអាហារ និងពាណិជ្ជកម្មដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវក្នុងឆ្នាំ២០១៩ បានក្រើនរំលឹកឡើងវិញពីសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
វេទិកាទាំងពីរនេះបានស្នើរឱ្យរដ្ឋាភិបាលទាំងអស់យកចិត្តទុកដាក់ធ្វើឱ្យសុវត្ថិភាពចំណីអាហារក្លាយជាអាទិភាពសំខាន់សម្រាប់សុខភាពសាធារណៈ និងស្នើសុំឱ្យរដ្ឋាភិបាលដើរតួនាទីដឹកនាំក្នុងការបង្កើតគោលនយោបាយ និងក្របខ័ណ្ឌ បទប្បញ្ញត្តិ ព្រមទាំងបង្កើតនិងអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារប្រកបដោយប្រសិទ្ធភាពដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារសម្រាប់អ្នកទទួលទានទាំងអស់៕
ប្រភព៖ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា