វិទ្យាស្ថានកម្ពុជាសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទបានរកឃើញថា​៩៧% នៃអ្នកផ្តល់បទសម្ភាសន៍ទទួលស្គាល់អាហារលក់នៅទីផ្សារពុំមានសុវត្ថិភាព

អាហារក្នុងចានរបស់យើងមានឥទ្ធិពលខ្លាំងណាស់ចំពោះសុខភាព យើងទាំងអស់គ្នាប្រាថ្នាចង់បានអាហារដែលមានគុណភាព និងសុវត្ថិភាពដើម្បីធានាបាននូវសុខភាពល្អ។ ប៉ុន្តែអាហារអាចក្លាយទៅជាវត្ថុកខ្វក់ ឬមានជាតិពុលដោយសារតែការប្រើហ្គាស់សារធាតុគីមីហួសកម្រិត ដែលធ្វើឱ្យបាត់បង់សុវត្ថិភាពនៅដំណាក់កាលណាមួយនៃប្រព័ន្ធស្បៀងដូចជា៖ ការផលិត ការកែច្នៃ និងការចែកចាយ ការរក្សាទុក និងការប្រើប្រាស់។

ការទទួលខុសត្រូវចម្បង គឺស្ថិតនៅលើអ្នកផលិតនិងកែច្នៃចំណីអាហារនៅក្នុងប្រទេសកម្ពុជា ប្រជាជនទូទៅរួមទាំងយុវជន ផងដែរ មានការព្រួយបារម្ភខ្លាំងពីសុវត្តិភាពចំណីអាហារ ហើយតែងតែពិភាក្សាពីបញ្ហាបន្លែ ផ្លែឈើ ត្រី សាច់ ព្រម ទាំងផលិតផលអាហារមួយចំនួនទៀតនៅលើទីផ្សារមានដាក់សារធាតុគីមីដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។

នៅឆ្នាំ២០១៩ វិទ្យាស្ថានកម្ពុជាសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទបានរកឃើញថា មានអ្នកចូលរួមសម្ភាសន៍ចំនួន៩៧% បាននិយាយថាអាហារដែលមានលក់នៅលើទីផ្សារពុំមានសុវត្ថិភាពគ្រប់គ្រាន់ទេ។ អ្នកចូលរួមសម្ភាសន៍ជាង៥០% បាននិយាយថាពួកគេមានបទពិសោធន៍ចុកឆ្អល់ និងឈឺពោះបន្ទាប់ពីទទួលទានអាហារដែលបានទិញមកពីផ្សារ។ អ្នកចូលរួមសម្ភាសន៍ជាង៥០% ក៏បាននិយាយថាពួកគេចង់ឱ្យមានការពង្រឹងលើការអនុវត្តន៍ច្បាប់ ឬបទបញ្ញត្តិនានាពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីធានាបានសុខមាភាពដល់អ្នកទទួលទាន៕

ប្រភព៖ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា