ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ មានមនុស្សចំនួន ១១៩នាក់បានស្លាប់ដោយសារពុលចំណីអាហារ និងរងគ្រោះចំនួន ៤,៦៩៩នាក់

របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ មានមនុស្ស១១៩នាក់បានស្លាប់ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន ៤,៦៩៩នាក់។

នៅពេលកន្លងទៅថ្មីៗ នេះ ក៏មានរបាយការណ៍ជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលដែលបានបង្ហាញពីបញ្ហាទឹកដោះគោម្សៅផ្សំតាមរូបមន្តដែលមានកម្រិតជាតិដែក និងជាតិសង្គ័សីទាបខ្លាំងហើយបណ្តាលឱ្យទារកជាច្រើនមានបញ្ហាកង្វះជាតិដែកធ្ងន់ ធ្ងន់ធ្ងរ ហើយត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ក្នុងរយៈពេលមួយខែកន្លងទៅនេះក្រសួងសុខាភិបាលបាន ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រមូលត្រឡប់ពីទីផ្សារមកវិញនូវផលិតផលទឹកដោះគោឈ្មោះ Alimentum EleCare និង Human Milk Fortifier ដែលសង្ស័យថាមានមេរោគឈ្មោះ កូណូបាក់ទែរ សាកាហ្សាគី (Cronobacter Sakazakii) និងសាលម៉ូណែលឡា (Salmonella) ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម។

ម្យ៉ាងទៀតការ សិក្សារបស់កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការ Helen Keller International កាលពីពេលថ្មីៗ នេះ បានបង្ហាញថាអាហារដែលបានដាក់លក់តាមសាលាបឋមសិក្សាមួយចំនួនមិនមានអនាម័យ និងមានជាតិស្ករ អំបិល និងជាតិខ្លាញ់ខ្ពស់ ប៉ុន្តែមានសារជាតិចិញ្ចឹមទាបដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។

បញ្ហាកង្វះមីក្រូសារជាតិជាពិសេសជាតិអ៊ីយ៉ូដបណ្តាលឱ្យរាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារលូតលាស់យឺតយ៉ាវ ហើយប្រសិនបើបញ្ហានេះកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះវានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមកនឹងធ្វើឱ្យខួរក្បាលមិនអាចលូតលាស់ល្អ និងមិនអាចកែវិញបាននោះទេ។ លទ្ធផលការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅឆ្នាំ២០១៤ បានឱ្យដឹងថាស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដារឡើយ។

រីឯស្តីចំនួន ៦២% និងកុមារ ៦៤% មានបញ្ហាកង្វះជាតិស័ង្កសី កង្វះជាតិហ្វូលេតក៏នៅតែជាបញ្ហាដែលប៉ះពាល់ដល់ស្ត្រី១៨%។ កង្វះជីវជាតិ D ក៏ជា បញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា ៣១%។ លើសពីនេះ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថាស្ថិតនៅកំរិតដែលមានមានបញ្ហាផងដែរ។ ហេតុដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះក្រសួងផែនសហការជាមួយស្ថាប័នពាក់ព័ន្ធបាន និងកំពុងជំរុញការងារបញ្ចូលមីក្រូសារជាតិសំខាន់ៗ ដូចជាជាតិអ៊ីយ៉ូដ ជីវជាតិ A និងជាតិដែកជាដើមទៅក្នុងចំណីអាហារប្រយោជន៍ ដើម្បីរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ និងរបបអាហារសុខភាពឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា