បាត់ដំបង៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារ និងសិមិទ្ធិផលនានា នៅក្នុងបរិវេណវិទ្យាស្ថានគរុកោសល្យបាត់ដំបងរួមមាន៖ ១. អគាររដ្ឋបាល មានកំពស់២ជាន់ ចែកចេញជា២៩បន្ទប់។ ២. អគារសិក្សា មានកំពស់៣ជាន់ ចែកចេញជា៣០បន្ទប់។ ៣. អគារបណ្ណាល័យ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ មានកំពស់២ជាន់ ចែកចេញជា១០បន្ទប់។ ៤. សាលពហុបំណង កំពស់១ជាន់ ចែកចេញជា១៥បន្ទប់។ ៥. អគារអន្តេវាសិកដ្ឋាននារី កំពស់៣ជាន់ ចែកចេញជា១៧បន្ទប់ ដែលអគារនីមួយៗ ត្រូវបានបំពាក់គ្រឿងសម្ភារៈបរិក្ខាគ្រប់គ្រាន់ទៅតាមស្តង់ដារបច្ចេកទេស។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក KARIMATA ATSUSHI តំណាងស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ នៅក្នុងវិទ្យាស្ថានគរុកោសល្យជាច្រើនរូបផងដែរ។
អគារទាំងនេះត្រូវបានសាងសង់ឡើងក្រោមជំនួយហិរញ្ញប្បទាន ឥតសំណង របស់ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀត ដែលបានសាងសង់ឡើងដោយថវិការាជរដ្ឋាភិបាលកម្ពុជារួមមាន៖ ការជួសជុលអគារសិក្សា ក្លោងទ្វារ របង សួនច្បារ ប្រព័ន្ធលូបង្ហូរទឹក ទីលានបាល់ទះ ផ្លូវបេតុង ចំណតម៉ូតូ និងរថយន្ត និងការស្តារស្រះស្តុកទឹកផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវអំណគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារ JICA ដែលបានផ្តល់នូវជំនួយហិរញ្ញប្បទានឥតសំណងជាបន្តបន្ទាប់ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ ដែលជំនួយទាំងនោះពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកយ៉ាងធំធេងក្នុងកំណែទំរង់វិស័យអប់រំ នៅកម្ពុជាឱ្យមានការអភិវឌ្ឍន៍ និងរីកចំរើនជាបន្តបន្ទាប់។