ការធ្វើបទបង្ហាញ និងប្រគល់ឯកសារមេរៀនគរុកោសល្យសម្រាប់បង្រៀនគ្រូកម្រិតបឋមសិក្សា ដោយក្រុមការងារគម្រោង CONTESSA

ភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យក្រុមការងារគម្រោងជំនាញបង្រៀនសហសម័យសម្រាប់អាស៊ីខាងត្បូង CONTESSA ធ្វើបទបង្ហាញ និងប្រគល់ឯកសារមេរៀនគរុកោសល្យសម្រាប់បង្រៀនគ្រូកម្រិតបឋមសិក្សា នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមបណ្ឌិត កុល ផេង ថ្នាក់ដឹកនាំក្រសួងអប់រំ និងសមាជិកក្រុមការងារគម្រោង CONTESSA ផងដែរ។ គម្រោង CONTESSA គឺជាគម្រោងដែលផ្ដោតសំដៅលើការអភិវឌ្ឍកម្មវិធីអប់រំគ្រូបង្រៀន គ្រូឧទ្ទេស គរុនិស្សិត ដែលបំពាក់ដោយជំនាញដែលត្រូវការ ដើម្បីបង្កើតវិធីសាស្រ្ដបង្រៀនយ៉ាងទូលំទូលាយ ដែលគ្រូបង្រៀនអាចប្រើប្រាស់ដើម្បីការចូលរួមការផ្ដល់សិទ្ធិអំណាច និងការអប់រំសិស្សរបស់ពួកគេ។ គម្រោងនេះក៏មានការគាំទ្រពីជំនួយរបស់គណៈកម្មការសហភាពអឺរ៉ុបផងដែរ។

ក្រុមការងារគម្រោង CONTESSA បានធ្វើបទបង្ហាញពីគម្រោងអភិវឌ្ឍវិធីសាស្រ្ដបង្រៀនសម័យថ្មីដល់គ្រូបង្រៀន គ្រូឧទ្ទេស និងគរុនិស្សិត ដោយមានកម្មវិធីសិក្សាចំនួន៥ម៉ូឌុល។ កម្មវិធីសិក្សាចំនួន៥ម៉ូឌុល មានដូចជាការកសាងការយល់ដឹងអំពីការអប់រំនៅបឋមសិក្សា ភាពអស្ចារ្យក្នុងការបង្រៀន៖ សមត្ថភាពជាក់លាក់ប្រកបទៅដោយវិជ្ជាជីវៈរបស់គ្រូបង្រៀនបឋមសិក្សា ការអប់រំឈានមុខគេបែបវិធីសាស្រ្ដសិស្សមជ្ឍមណ្ឌល ការរួមបញ្ចូលភាពខុសគ្នា និងការបង្រៀន និងការរៀនតាមបែបឌីជីថល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោង CONTESSA ដែលបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ។ កម្មវិធីសិក្សាចំនួន៥ម៉ូឌុលនេះ ពិតជាមានប្រយោជន៍សម្រាប់គ្រូបង្រៀន និងអាចដាក់បញ្ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅតាមសាលាគរុកោសល្យ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ក៏បានអនុញ្ញាតឱ្យមានសិក្ខាសាលាតម្រង់ទិសដល់គ្រូបង្រៀន គ្រូឧទ្ទេស ជាពិសេសនាយកសាលាជាមុនសិន ដើម្បីផ្សព្វផ្សាយជាមូលដ្ឋានដល់លោកគ្រូ អ្នកគ្រូ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍនេះ។

សូមបញ្ជាក់ផងដែរថា ក្រសួងអប់រំ បានដាក់ចេញនូវ កញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង សម្រាប់ថ្នាក់ទី១ ទី២ និងទី៣ ដើម្បីជាវិធីសាស្រ្ដបង្រៀនឱ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងកម្រិតបឋមសិក្សា។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមការងារគម្រោង CONTESSA សាកល្បងអនុវត្តគម្រោងជាមួយដៃគូពាក់ព័ន្ធនានា ដោយផ្ដោតលើថ្នាក់ទី៤ ទី៥ និងទី៦ ជាមុនសិន៕

ប្រភព៖ ហ្វេសបុកផេកក្រសួងអប់រំ យុវជន និងកីឡា