សិក្ខាសាលាជាតិ ស្តីពីការផ្សព្វផ្សាយឯកសារស្វែងយល់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរពីអាហារូបត្ថម្ភ នៅសណ្ឋាគារភ្នំពេញ

ភ្នំពេញ៖ ក្រោមកិច្ចសហការ​ និងជំនួយឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិ​ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំសិក្ខាសាលាជាតិ ស្តីពីការផ្សព្វផ្សាយឯកសារស្វែងយល់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរពីអាហារូបត្ថម្ភ នៅសណ្ឋាគារភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយឯកសារស្វែងយល់ខាងលើនេះ ដើម្បីជាព័ត៌មានសម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នករៀបចំគម្រោងកម្មវិធីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងវិស័យអាហារូបត្ថម្ភ។

សិក្ខាសាលាស្ថិតក្រោមអធីបតីភាព ឯកឧត្ដម ជា សំណាង នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាប្រធានអនុក្រុមបច្ចេកទេសទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ លោកជំទាវ ប្រាក់ សុភណ្ឌ័នារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុខ សីឡូអគ្គលេខាធិការ នៃក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិឌ្ឍន៍ជនបទ លោក យី គីមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា​ និងអ្នកពាក់ព័ន្ធប្រមាណ៦០រូប។

លោក​ យី​ គឹមថាន​ បានមានប្រសាសន៍ថា៖​ «បញ្ហាកង្វះទឹកស្អាត និងអនាម័យគឺជាកត្តារួមចំណែកបណ្តាលឱ្យកុមារមាន ភាពក្រិសក្រិន និងស្គមស្គាំងដែលបញ្ហានេះ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងការអភិវឌ្ឍបញ្ញាស្មារតីរបស់កុមារ»។

ប្រភព និងរូបថតដោយ៖ Linkedin of Plan International Cambodia