ភ្នំពេញ៖ ក្រុមយុវជនជើងឯកអាហារូបត្ថម្ភដោយមានការចូលរួមពីយុវជនតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទតំណាងអង្គការ Helen Keller និងគម្រោង MESEFO នៃអង្គការ GIZ បានធ្វើការបោះជំរុំយុវជននៅរមណីយដ្ឋានឧទ្យានជាតិគិរីរម្យកាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។
កម្មវិធីបោះជំរុំមានការប្រប្រកួនចម្អិនអាហារសុខភាព ដោយការបង្ហាត់បង្រៀនពីចុងជំនាញផ្នែកអាហារសុខភាព ដោយចុងភៅបានបង្ហាញពីរបៀបធ្វើអាហារសុខភាពបីមុខគឺ សម្លរកកូរ សម្លរម្ជូរស្រែ និងឆាបន្លែគ្រប់មុខ ដោយបានពន្យល់យ៉ាងល្អិតល្អន់អំពីគ្រឿងផ្សំ សម្ភារៈដែលត្រូវប្រើ និងវិធីសាស្រ្តមុនពេលចម្អិន កំឡុងពេលចម្អិន និងក្រោយពេលចម្អិនម្ហូបសម្រាប់អាហារសុខភាព។
ការផ្តល់ពិន្ទុការប្រកួតរៀបចំចម្អិនអាហារសុខភាពនេះផ្តោតលើការរៀបចំមុនពេលចម្អិន ការធ្វើការជាក្រុម រសជាតិអាហារ ភាពប៉ិនប្រសប់ក្នុងការឆ្នៃប្រឌិត អនាម័យ ទេពកោសល្យក្នុងការបង្ហាញមុខម្ហូបបន្ទាប់ពីចម្អិនរួច និងការរៀបចំសម្ភារៈទុក ដាក់វិញ។ កំឡុងពេលការប្រកួតធ្វើអាហារសុខភាពនេះ មានការសង្កេតមើលយ៉ាងម៉ត់ចត់ពីចុងភៅពិសេសនិងគណ:កម្មការត្រួតពិនិត្យក្រោមបរិយាកាសសប្បាយរីករាយ មិត្តភាព និងស្មារតីទទួលខុសត្រូវខ្ពស់។
បន្ទាប់ពីកម្មវិធីចម្អិនអាហារសុខភាពត្រូវបានបញ្ចប់ គឺជាការភ្លក់មុខម្ហូបដែលជាស្នាដៃរបស់ក្រុមនីមួយៗ។ ក្រុមយុវជននីមួយៗ ទទួលបានវត្ថុអនុស្សាវរីយ៍ពីកម្មវិធីដោយមានភាពសប្បាយរីករាយ និងចងចាំនូវបទពិសោធន៍ល្អៗ ក្នុងរយៈពេលពីរថ្ងៃ ហើយបានប្តេជ្ញាផ្សព្វផ្សាយសារគន្លឹះសំខាន់ៗ នៃរបបអាហារសុខភាពដល់មិត្តភក្តិនិងគ្រួសារ។
យុវជនជើងឯកអាហារូបត្ថម្ភក៏បានធ្វើបទបង្ហាញលើបទពិសោធន៍ បញ្ហាប្រឈម និងផែនការបន្តក្នុងកម្មវិធីមិត្តអប់រំមិត្តលើរបបអាហារសុខភាពដោយមានការផ្តាតលើការប្រមូលមិត្តយុវជន និងពលរដ្ធផ្សេងទៀតក្នុងចូលរួមវគ្គមិត្តអប់រំមិត្ត ដំណើរការរៀបចំវគ្គអប់រំមិត្ត ការប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់មិត្តអប់រំមិត្ត ការសម្របសម្រួលវគ្គមិត្តអប់រំមិត្ត ការធ្វើតេសសាកល្បងជាដើម ដោយមានអ្នកចូលរួមវគ្គមិត្តអប់រំមិត្តលើរបបអាហារសុខភាពប្រមាណជាង៥០០នាក់រួចមកហើយ។
កញ្ញា ឃឹម ស្រីពៅ មកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទបាននិយាយថា៖ «នាងខ្ញុំតំណាងក្រុមទី៤ សម្រាប់កម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភ នាងខ្ញុំពិតជាមានចិត្តសប្បាយរីករាយណាស់ដោយសារកម្មវិធីនេះបានធ្វើឱ្យយុវជនដែលមកពីស្ថាប័ន នឹងសកលវិទ្យាល័យផ្សេងៗគ្នា ដែលមិនធ្លាប់ស្គាល់គ្នាពីមុនឱ្យបានស្គាល់គ្នាតាមរយៈការបែង ចែកក្រុមប្រកួតប្រជែងធ្វើម្ហូបអាហារដែលពោលពេញដោយអាហារូបត្ថម្ភ ដែលរួមមានត្រី សាច់ និងបន្លែចម្រុះមុខ។ កម្មវិធីនេះមិនត្រឹមតែធ្វើឱ្យយល់យុវជនយល់ដឹងពីអាហារូបត្ថម្ភទេ តែធ្វើឱ្យយុវជនមានការប្រាស្រ័យទាក់ទងគ្នាបានកាន់តែស្និតស្នាល ចេះជួយធ្វើការងារជាក្រុមបានល្អ មិនត្រឹមតែប៉ុណ្ណោះយុវជនយើងក៏បានលេងល្បែងប្រជាប្រិយ៍ខ្មែរផងដែរ»។
ដោយឡែកយុវជន ឈឿន ស៊ុនឡេង តំណាងឲក្រុមទី២ បានបន្ថែមថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមកម្មវិធីបោះជំរ៓យុវជនជើងឯកឣាហារូបត្ថម្ភរយៈពេលពីរថ្ងៃនៅឯរម្មណីដ្ឋានគីរម្យយើនេះ។ ខ្ញុំក៏ដូចជាមិត្តរួមក្រុមពិតជាទទួលបានបទពិសោធល្អៗ ដូចជាការប្រកួតប្រជែងចម្អិនម្ហូបដើម្បីទទួលបានឣាហារូបត្ថម្ភល្អ នឹងបន្តចែករំលែកទៅកាន់បងប្អូន ក្រុមគ្រួសារឣំពីចំណេះដឹងឣំពីរបបអាហារសុខភាពដែលខ្ញុំទទួលបានក្នុងរយៈពេលពីរថ្ងៃនេះ»។
ចំពោះកញ្ញា ភូរិម៉ា យុវជនជើងឯកអាហារូបត្ថម្ភអង្គការ Helen Keller បានបញ្ចេញយោបល់ថា៖ «យើងខ្ញុំពិតជាសប្បាយរីករាយក្នុងការចូលរួមការបោះជំរំយុវជនជើងឯកអាហារូបត្ថម្ភព្រោះខ្ញុំបានរៀននូវចំណេះដឹងថ្មីៗ ទាក់ទងនឹងវិធីសាស្រ្តក្នុងការបន្ថែមគ្រឿងផ្សំដោយជួយបង្កើនតម្លៃអាហារូបត្ថម្ភ និងរសជាតិនៃរបបអាហារសុខភាព។ លើសពីនេះទៀត យើងខ្ញុំបានទទួលនូវបទពិសោធន៍ថ្មីៗ ដូចជាការធ្វេីផែនការជាក្រុម និងស្គាល់នូវមិត្តភក្តិថ្មីៗ»។
យុវជន គិន សុភា ភិរុន មកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទបានលើកឡើងដូចគ្នាថា៖ «ក្រុមយុវជនបៃតង មានចំណាប់អារម្មណ៏ថា កម្មវិធីការបោះជំរំយុវជនជើងឯកអារហារូបត្ថម្ភពិតជាល្អ បានផ្តល់ចំនេះដឹង បទពិសោធន៏ស្តីពីការចម្អិនអាហារដែលមានសុខភាពល្អ និងបានស្គាល់មិត្តភិត្តច្រើន។ ជាចុងក្រោយក្រុមខ្ញុំសូមអគុណដល់អង្គការ HKI និង GIZ ដែលបង្កើតកម្មវិធីដ៏ល្អនេះ ហើយពួកខ្ញុំសង្ឃឹមថាកម្មវីធី និងនៅមានតាមបណ្តាខេត្តផ្សេងទៀត និងផ្តល់ចំនេះដឹងដល់យុវក្រោយទៀតៗ»។
ចំណែកឯកញ្ញា ឈុន បូរមី អ្នកសម្របសម្រួលយុវជនជើងឯកអាហារូបត្ថម្ភបានលើកឡើងថា៖ «ការបោះជំរុំយុវជននាពេលនេះមានគោលបំណងបួនសំខាន់គឺ ទី១៖ បង្កើនការយល់ដឹងរបស់យុវជនជើងឯកអាហារូបត្ថម្ភស្តីពីជម្រើស និងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព។ ទី២៖ គឺប្រលងប្រណាំងលើការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពដែលដាក់ពិន្ទុដោយចុងភៅជំនាញ។ ទីបី៖ គឺផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់ លើជម្រើស និងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព និងទីបួន៖ គឺពិភាក្សាលើយុទ្ធនាការមិត្តអប់រំមិត្ត សមិទ្ធិផល បញ្ហាប្រឈម ដំណោះស្រាយ និងជំហានបន្ទាប់»។
ប្រភព និងរូបថតដោយ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ