ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានអនុញ្ញាតឱ្យនាយិកាថ្មីអង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោកស្រី Rebeckah Bell បានជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីក្នុងនាមជានាយិកាថ្មីរបស់អង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិប្រចាំប្រទេស និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិដែលតែងតែផ្តល់ជំនួយបច្ចេកទេស និងថវិកាដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ មនិងជនបទក្នុងការលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់លើអង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិដែលបាន និងកំពុងយកចិត្តទុកដាក់គាំទ្ររាជរដ្ធាភិបាលក្នុងវិស័យកសិកម្ម សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានស្នើសុំឱ្យលោកស្រីនាយិកាបន្តកិច្ចសហការដ៏ល្អនេះបន្តទៀតក្នុងអាណត្តិរបស់លោកស្រីដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិង អាហារូបត្ថម្ភឲ្យកាន់តែប្រសើរឡើងជាពិសេស គាំទ្រទាំងបច្ចេកទេស និងថវិកាដល់លេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន គាំទ្រការអនុវត្តអនុសាសន៍ទាំងប្រាំមួយចំនុចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ឆ្នាំ ២០១៩-២០២៣ រួមមាន៖
ការសម្របសម្រួលការរៀបចំយុវជនជើងឯកអាហារូបត្ថម្ភ ផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចំណីអាហារ របបអាហារសុខភាព ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូពីអាហារូបត្ថម្ភ រៀបចំទិវាជាតិអាហារូបត្ថម្ភ និងទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ កសាង និងពង្រឹងសមត្ថភាពក្រុមគ្រូបង្គោលសម្រាប់បណ្តុះបណ្តាលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ រៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅថ្នាក់ខេត្ត ព្រមទាំងបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ គាំទ្រដល់ការអនុវត្តផែនការសកម្មភាពការងារនៅគោលដៅយុទ្ធសាស្រ្តនៃចលនាបង្កើនអាហារូបត្ថម្ភពិភពលោក (SUN Movement) (២០២១-២០២៥) ដែលសម្របសម្រួលដោយតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ។
គាំទ្រលើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន លើកិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង សុវត្ថិភាពចំណីអាហារ គាំទ្រលើគំនិតផ្តួចផ្តើមផលិតផលមួយប្រទេសមួយ ដែលដឹកនាំដោយការិយាល័យប្រចាំតំបន់របស់អង្គការ គាំទ្រលើគំនិតផ្តួចផ្តើមផលិតផលមួយប្រទេសមួយ ដែលដឹកនាំដោយការិយាល័យប្រចាំតំបន់របស់អង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិជាដើម។
លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីសម្រាប់ការអនុញ្ញាតឱ្យលោកស្រីជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកស្រីបានបន្តថាក្នុងអាណត្តិរបស់លោកស្រីអង្គការអង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិនឹងបន្តគាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ មនិងជនបទតាមរយៈផែនការ និងសកម្មភាពមួយចំនួនដូចជា៖
ការវាយតម្លៃបឋមលើប្រព័ន្ធគ្រប់គ្រងចំណីអាហារកម្ពុជា ការន្លឿនការអនុវត្តយុទ្ខសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ឆ្នាំ ២០១៩-២០២៣ អាហារូបត្ថម្ភសម្រាប់កំនើន ផែនទីផ្លូវប្រព័ន្ធស្បៀង ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃយុទ្ខសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ឆ្នាំ ២០១៩-២០២៣ ពង្រឹងបណ្តាញយុវជន ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យឯកជនសម្រាប់អាហារូបត្ថម្ភ ពង្រឹងក្រុមការងារថ្នាក់ខេត្ត ក្រុង សម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការតាមដាន និងតាមដាន និងវាយតម្លៃការវិនិយោគថវិកា ដើម្បីពន្លឿនការអនុវត្ត ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃយុទ្ខសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ៕
ប្រភព និងរូបថតដោយ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ