ព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៦ ខែមេសានេះ ថ្នាក់ដឹកនាំក្រោមជាតិលើវិស័យទឹកស្អាត និងអនាម័យមកពី ២៥រាជធានី ខេត្ត និងតួអង្គពាក់ព័ន្ធទាំងអស់បានប្រជុំពិភាក្សាពីវឌ្ឍនភាពស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កម្ពុជា នៅសណ្ឋាគារឆ្នេរសុខាអូតែល ខេត្តព្រះសីហនុ។
កិច្ចពិភាក្សាពីស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងស្ថានភាព ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅសហគមន៍នៃរាជធានី និងខេត្តនីមួយៗ ស្របតាមការកំណត់យុទ្ធសាស្រ្តក្នុងផែនការសកម្មភាពជាតិ (NAP2) និងការតាំងចិត្តរបស់រាជធានីខេត្ត ដើម្បីពន្លឿនលទ្ធផលសម្រេចបាន (ODF) ១០០% នៅសហគមន៍។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ឆ្នាំ២០២២ នេះ ដោយមានកិច្ចសហការគាំទ្រពីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា អង្គការវ័តធ័រអេដ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិ ដើម្បីពន្លឿនលទ្ធផលការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា។
ស្របគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់ថា ការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យ ជាអាទិភាពមួយក្នុងចំណោមអាទិភាពសម្រាប់ការអភិវឌ្ឍន៍ជនបទ ជាពិសេសយកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំធនធាន ព្រមទាំងសក្តានុពលគ្រប់យ៉ាង ដើម្បីឈានទៅសម្រេចឱ្យបាននូវទស្សនៈវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាទី៦។ ទន្ទឹមគ្នានេះ កម្ពុជាបានកំណត់ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅតំបន់ជនបទ មានសេវាទឹកស្អាតប្រើប្រាស់ និងមានសេវាអនាម័យល្អបញ្ឈប់បន្ទោបង់ពាសពាលពាសកាល។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា៖ «វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យទឹកស្អាត និងអនាម័យជនបទដែលជាការងារដ៏មានសារសំខាន់បំផុតក្នុងការចូលរួមលើកកម្ពស់គុណភាព និងគុណតម្លៃនៃការរស់នៅរបស់ប្រជាជនជនបទ តាមរយៈការរួមគ្នាជំរុញការអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយអភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឱ្យមានការវិវត្តជាវិជ្ជមាននូវស្ថានភាពសេដ្ឋកិច្ចសង្គម នៅតំបន់ជនបទកម្ពុជា»។
ទន្ទឹមគ្នានេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិដើម្បីពន្លឿនការបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ស្ថានភាពអនាម័យទូទាំងប្រទេសឱ្យកាន់តែប្រសើរ។ ត្បិតខេត្តព្រះសីហនុទាំងមូលពុំទាន់ទទួលលទ្ធផលការងារបញ្ឈប់ការបន្ទោបង់ពាស វាលពាលកាលទាំងស្រុងស្របតាមគោលដៅ ប៉ុន្តែរដ្ឋបាលខេត្តនឹងបន្តសកម្មភាពការងារនេះជាបន្តបន្ទាប់។
ឯកឧត្តម ម៉ាង ស៊ីណេត មានប្រសាសន៍ថា៖ «ខ្ញុំអាចនិយាយបានថា អនាម័យខេត្តព្រះសីហនុទាំងមូលមិនទាន់ដល់កំពូលកម្រិត១០០% ប៉ុន្តែបើនិយាយពីស្ថានភាពអនាម័យនៅក្នុងក្រុងព្រះសីហនុ និងតំបន់ឆ្នេរសមុទ្រវិញ ខេត្តសីហនុបានរៀបចំយ៉ាងល្អដើម្បីបម្រើដល់តម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ខេត្តនឹងបន្តធ្វើការងារលើកកម្ពស់ការងារទឹកស្អាត និងអនាម័យនៅតាមសហគមន៍ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល»។
សូមជម្រាបថា កិច្ចប្រជុំប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ រៀបចំឡើងនៅខេត្តព្រះសីហនុនៅពេលនេះ រំពឹងថា រាជធានីខេត្តទាំងអស់នឹងពន្លឿនសកម្មភាពបញ្ឈប់ការបន្ទោបង់ពាស វាលពាលកាលឱ្យបានខ្ពស់ សិក្សាពីបញ្ហាប្រឈមនានា និងឯកភាពលើការកំណត់ឡើងវិញនូវគោលដៅ (ODF) ឆ្នាំ២០២៣ សម្រាប់ក្របខ័ណ្ឌរាជធានី ខេត្ត និងក្របខ័ណ្ឌជាតិ។
គួររំលឹកថា ផ្អែកតាមផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទ ២០១៩-២០២៣ (NAP2) បានដាក់ចេញគោលដៅយុទ្ធសាស្រ្តសម្រេចឱ្យបានស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅកម្រិតសហគមន៍ឱ្យបានច្រើនតាមដែលអាចទៅធ្វើបាន ដើម្បីឈានទៅសម្រេចបាន (ODF) ក្នុងក្របខ័ណ្ឌរាជធានី ខេត្តនីមួយៗ។ ការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាលនៅសហគមន៍ ជាពិសេសនៅតាមតំបន់ជនបទ គឺជាសូចនាករមួយដ៏សំខាន់មួយបង្ហាញពីការផ្លាស់ប្តូរឥរិយាបថវិជ្ជមានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រតិបត្តិអនាម័យល្អ ដែលជាការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងជាជំហានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី៦.២ របស់កម្ពុជា។
ដើម្បីឆ្លើយតបគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាពទី៦.២ ក៏ដូចគោលដៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP ២០១៩-២០២៣) របស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ តាមរយៈផែនការសកម្មភាពជាតិលើកទី២ (NAP2) នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញគោលដៅដល់ឆ្នាំ២០២៣ ត្រូវសម្រេចឱ្យបាន (ODF) ៣ខេត្តក្នុងចំណោម ២៥រាជធានីនិងខេត្ត (ODF) ៣០ ស្រុកក្នុងចំណោម ១៦២ស្រុក ៦០០ (ODF)ឃុំ ក្នុងចំណោម ១.៤០៥ ឃុំសង្កាត់ និង (ODF) ១២.៧០០ភូមិក្នុងចំណោម ១៤.៣៨៣ភូមិ៕
រូបថតដោយ៖ សហការី