ភ្នំពេញ៖ ក្រុមយុវជនជើងឯកអាហារូបត្ថម្ភ ដោយមានការចូលរួមពីយុវជនតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងអង្គការ Helen Keller និងគម្រោង MESEFO នៃអង្គការ GIZ បានធ្វើការបោះជំរុំយុវជននៅរម នីយដ្ឋានឧទ្យានជាតិគិរីរម្យដែលមានអ្នកចូលរួមប្រមាណជាង៣០នាក់ ដោយកម្មវិធីនេះបានធ្វើឡើងចំនួនពីរថ្ងៃ គឺនៅថ្ងៃទី៧ ដល់ថ្ងៃ៨ ខែមេសា ឆ្នាំ២០២២ ថ្មីនេះ។
កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលយុវជនជើងឯកអាហារូបត្ថម្ថបានលើកឡើងថា៖ «ការបោះជំរុំយុវជននាពេលនេះមានគោលបំណងបួនសំខាន់គឺ ទី១៖ បង្កើនការយល់ដឹងរបស់យុវជនជើងឯកអាហារូបត្ថម្ភស្តីពីជម្រើស និងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព។ ទី២៖ គឺប្រលងប្រណាំងលើការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពដែលដាក់ពិន្ទុដោយចុងភៅជំនាញ។ ទីបី៖ គឺផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់ លើជម្រើស និងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព និងទីបួន៖ គឺពិភាក្សាលើយុទ្ធនាការមិត្តអប់រំមិត្ត សមិទ្ធិផល បញ្ហាប្រឈម ដំណោះស្រាយ និងជំហានបន្ទាប់»។
ជាការចាប់ផ្ដើមបើកកម្មវិធីបោះជំរុំនេះ លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller លោក អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ និងកញ្ញា ឈុន បូរមី អ្នកសម្របសម្រួលយុវជនជើងឯកអាហារូបត្ថម្ភ ក៏មានចំណាប់អារម្មណ៍លើសារ:សំខាន់នៃការជួបជុំគ្នារបស់យុវជនយើងដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៏ និងការអនុវត្តផ្ទាល់ក្នុងការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពបន្ទាប់ពីយុវជនយើងទទួលបានការបណ្តុះបណ្តាលអាហារូបត្ថម្ភ និងរបបអាហារសុខភាពកាលពីខែមករាកន្លងទៅនេះ។
លោក ហ៊ូ ក្រើន បានលើកឡើងថា៖ «ប្អូនទាំងអស់គ្នាបានយល់ពីសារៈសំខាន់នៃរបបអាហារសុខភាពដែលប្អូនៗ បានទទួលការបណ្តុះបណ្តាលពេលកន្លងទៅ។ ថ្ងៃនេះប្អូនៗ នឹងមានឱកាសបញ្ចេញស្នាដៃដោយផ្ទាល់ក្នុងការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពតាមរយ:ការប្រកួតប្រជែងគ្នាក្រោមការត្រួតពិនិត្យពីចុងភៅជំនាញរបស់យើង។ បន្តិចទៀតយើងនឹងឃើញថាតើប្អូនៗ មានទេពកោសល្យប៉ុណ្ណាក្នុងការប្រើប្រាស់ចំណេះដឹងដែលទទួលបានកន្លងមក ហើយនៅថ្ងៃនេះយើងមានចុងភៅជំនាញរបស់យើងសម្រាប់ការអនុវត្តជាក់ស្តែង។ ខ្ញុំទន្ទឹងរង់ចាំមើលលទ្ធផលការប្រកួតប្រជែងនេះ»។
លោកស្រី វេជ្ជបណ្ឌិត Sanne Sigh អ្នកជំនាញអាហារូបត្ថម្ភគម្រោង MUSEFO នៃអង្គការ GIZ និងលោក អ៊ុន សំអឿន តំណាងគម្រោង MESEFO នៃអង្គការ GIZ បានបន្ថែមថា៖ «យុវជនយើងនៅទីនេះពិតជាបានយល់ច្បាស់ហើយពីសារៈសំខាន់នៃរបបអាហារសុខភាពសម្រាប់លើកកម្ពស់សុខភាពនឹងការលូតលាស់ រាងកាយរបស់មនុស្សយើង។ ពេលនេះប្អូនៗ នឹងបានរៀនបន្ថែមទៀតពីការបង្ហាញផ្ទាល់ពីចុងភៅជំនាញរបស់យើងលើការរៀបចំចម្អិនមុខម្ហូបសម្រាប់ របបអាហារសុខភាព។ សូមប្អូនៗ សង្កេតមើលដោយយកចិត្តទុកដាក់លើគ្រឿងផ្សំ និងពីដំណើរការចម្អិនដើម្បីយកទៅអនុវត្តប្រកួតប្រជែងឱ្យបានជោគជ័យ។ ក្នុងនាមគម្រោង MUSEFO នៃអង្គការ GIZ ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗ ទាំងអស់ដើម្បីសួរសំនួរដល់ចុងភៅជំនាញក៏ដូចជារូបខ្ញុំផ្ទាល់ និងអ្នកជំនាញអាហារូបត្ថម្ភផ្សេងទៀតដែលនៅទីនេះអំពីរបៀបការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព និងសូមណែនាំចំណេះដឹងនេះដល់ក្រុមគ្រួសា មិត្តភក្តិដើម្បីបានអនុវត្តន៍ល្អនេះឲ្យបានល្អទាំងអស់គ្នា»។
ប្រភព និងរូបថតដោយ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ