កុមារអាយុក្រោម២ឆ្នាំ គឺជាក្រុមដែលងាយរងគ្រោះបំផុតនៃបញ្ហាកង្វះអាហារូបត្ថម្ភដែលមានដូចជាដូចជាក្រិស ក្រិន ស្គមស្គាំង និងបញ្ហាកង្វះមីក្រូសារជាតិផ្សេងៗ ជាដើម។ ទាំងអស់នេះកើតឡើងដោយសារការប្រើ ប្រាស់របបអាហារមិនបានត្រឹមត្រូវផង និងបញ្ហាពាក់ព័ន្ធផ្សេងៗ ទៀតក្រៅពីវិស័យផ្គត់ផ្គង់ស្បៀងដូចជា បញ្ហាការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់បង្គន់អនាម័យ ទម្លាប់ក្នុងការលាងសម្អាតដៃជាមួយនឹងសាប៊ូ ការបោសសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ការយល់ដឹងនៅមានកម្រិតអំពីបញ្ហាអាហារូបត្ថម្ភចំពោះ ឪពុក ម្តាយ ឬអ្នកដែលថែទាំកុមារ បញ្ហាម្តាយមិនបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធរយៈពេល៦ខែ និងការបំប៉នអាហារបន្ថែមដល់កុមារមិនបានត្រឹមត្រូវជាដើម។
ផ្អែកតាមការសិក្សាមួយនៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០១៦ ស្តីពីបន្ទុកសេដ្ឋកិច្ចនៃបញ្ហាកង្វះអាហារូបត្ថម្ភទៅលើស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ (The Economic Burden of Malnutrition in Pregnant women and children under 5 years of age in Cambodia) បានរកឃើញថាកង្វះអាហារូបត្ថម្ភនឹងធ្វើឱ្យកម្ពុជាខាតបង់ប្រមាណ ២៦៦លានដុល្លារ ក្នុងមួយឆ្នាំ ឬស្មើនឹង ១.៧% នៃផលិតផល ក្នុងស្រុកសរុប (GDP) នៅប្រទេសកម្ពុជា។
ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានអត្រាខ្ពស់នៃកុមារ ដែលមានបញ្ហាក្រិសក្រិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទោះបីយើងមិនទាន់មានទិន្នន័យផ្លូវការផ្សព្វផ្សាយពីការធ្វើអង្កេត CDHS លើកទី៥ ឆ្នាំ២០២២ ដែលត្រូវចេញផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការក៏ដោយ តែយើងបានប្រើប្រាស់ទិន្នន័យផ្លូវការ CDHS លើកទី៤ ឆ្នាំ២០១៤ ដែលបានរក ឃើញថា កុមារកម្ពុជាដែលមានអាយុក្រោម៥ឆ្នាំ មាន ៣២% ដែលរងគ្រោះត្រេសក្រិន ១០% ស្គមស្គាំង និង ២៤% មិនគ្រប់ទម្ងន់។ ចំពោះតួលេខកុមារក្រិសក្រិន ៣២% នេះជាសូចនាករមួយនៃបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ (Chronic under-nutrition) ហើយតួលេខ ៣២% នេះបានបង្ហាញថាមាន ១០% ខ្ពស់នៅក្នុងចំណោមកុមារនៅជនបទដែលមានអត្រាប្រេវ៉ាឡង់ ៣៤% ច្រើនជាកុមារនៅតាមទីប្រជុំជនដែលមានអត្រាប្រេវ៉ាឡង់តែ ២៤% ប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត អ្នកវិទ្យាសាស្ត្របានសិក្សាពីបញ្ហាកង្វះអាហារូបត្ថម្ភនៅបណ្តាប្រទេសមួយចំនួន ហើយមើលទិដ្ឋភាពសកលនៃបញ្ហាកុមារស្គមស្គាំង វាគឺជាទំរង់នៃបញ្ហាកង្វះអាហារូបត្ថម្ភដែលកើតមានឡើងច្រើននៅតាមបណ្តាប្រទេស៦ ក្នុងតំបន់អាស៊ី គឺជាទីតាំងដែលមានកុមារស្គមស្គាំងច្រើនជាងគេ ប៉ុន្តែបញ្ហាកុមារមស្គាំងនេះ មិនត្រូវបានគេមើលឃើញថា ជាបញ្ហាសុខភាពសាធារណៈនោះទេ ហើយក៏គេមិនបានពិនិត្យឱ្យបានល្អិតល្អន់ក្នុងការសិក្សា Epidemiology ផងដែរ (ការសិក្សា និងវិភាគបែបវិទ្យាសាស្រ្តពីសំណាកគំរូនៃកត្តាចម្លង ឬក៏ការកកើតនៃបញ្ជាកត្តាកំណត់ពីមូលហេតុ និងហានិភ័យណាមួយលើសុខភាពមនុស្ស និងជំងឺផ្សេងៗ ដែលនឹងកើតមានឡើងដល់ប្រជាជន)។
ទោះបីយ៉ាងណាក៏ដោយបញ្ហាកុមារស្គមស្គាំងនេះត្រូវបានគេមើលឃើញថាវាកើតមានឡើងប្រមាណ ៥០% ឬក៏ខ្ពស់ជាងនេះទៅលើកុមារអាយុពី ០ខែ ទៅដល់ ២៣ខែ ដែលមានរួមបញ្ចូលនូវបញ្ហាមួយចំនួនដូចជាកង្វះទឹកស្អាតសម្រាប់ផឹក កម្រិតជីវភាពរស់នៅ (Wealth Index) ស្ថានភាពរស់នៅក្នុងទីប្រជុំជន (Urban residence) អាយុ និងប្រវត្តិនៃជម្ងឺ (Age and History of illness) របស់កុមារ និងម្តាយជាដើម។ អ្នកវិទ្យាសាស្ត្របានធ្វើសេចក្តីសន្និដ្ឋានថា បញ្ហាស្គមស្គាំង និងក្រិសក្រិន គឺជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរនៅក្នុងតំបន់ដែលទាមទារឱ្យមានការធ្វើអន្តរាគមន៍បន្ទាន់ទាំងនៅលើការការពារ និងការព្យាបាល (Preventive and Curative Approach)។
បើយើងនិយាយពីការទំនាក់ទំនងគ្នារវាងវិស័យ WASH and Nutrition វាជាការលំបាកនឹងមើលរំលងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ប៉ុន្តែវិស័យ WASH នេះគឺនៅតែត្រូវបានគេមើលរំលងនៅក្នុង កម្មវិធីអាហារូបត្ថម្ភ និងសន្តិសុខស្បៀងកាលពីទស្សវត្សន៍មុនៗ កន្លងមកនេះ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាការមើលរំលងវិស័យ WASH នៅក្នុងការរួមចំណែកកាត់បន្ថយ ឬលប់បំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ ការតស៊ូមតិ (Advocacy) ត្រូវបានគិតគូរក្នុងគោលបំណងដើម្បីធានាថា WASH គឺជាធាតុផ្សំស្នូលមួយ (Core element) នៃគោលនយោបាយពហុវិស័យ និងហិរញ្ញវត្ថុ ដែលត្រូវឆ្លើយតបទៅនឹងការអន្តរាគមន៍ ក្នុងការការពារបញ្ហាកុមារក្រិសក្រិន និងស្គមស្គាំង៕
រូបភាពដោយ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ