ខេត្តកំពង់ធំ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនជាលើកដំបូងនៅសាលាខេត្តកំពង់ធំ និងមន្ទីរកិច្ចការនារីខេត្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ លោកវេជ្ជបណ្ឌិត កែវ ដាវីន តំណាងក្រសួងមន្ទីរសុខាភិបាលខេត្តកំពង់ធំបានលើកឡើងថា ជាទូទៅម្តាយ និងអ្នកថែទាំកុមារបានផ្លាស់ប្តូរពីការបំបៅកូនដោយទឹកដោះម្តាយជំនួសមកវិញនូវការបំបៅកូនដោយទឹកគោម្សៅផ្សំតាមរូបមន្ត។ នេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា ព្រោះថានៅក្នុងប្រទេសកម្ពុជាមានស្ត្រីដល់ទៅចំនួន ៧០% មានការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ។
ប្រសិនបើមិនមានដំណោះស្រាយសមស្របក្នុងការលើកកម្ពស់ការបំបៅដោះកូនសម្រាប់ស្រ្តីបំរើការងារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការទេនោះនឹងធ្វើឱ្យអត្រាការបំបៅកូនដោយទឹកដោះម្តាយនៅតែបន្តធ្លាក់ចុះថែមទៀតជាមិនខាន។ នៅចំពោះមុខបញ្ហានេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកទឹកចិត្តស្រ្តីដែលកំពុងតែធ្វើការទាំងអស់ឱ្យបន្តការបំបៅកូនដោយទឹកដោះម្តាយបន្តទៀតបន្ទាប់ពីត្រលប់មកធ្វើការវិញ។
ម្យ៉ាងវិញទៀត ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តបានបង្ហាញថា ការបង្កបរិយាកាសសមស្របដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែងធ្វើការ ផ្តល់ពេលវេលាសម្រាកដល់ស្រី្តក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត និងមានអារម្មណ៍អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងខ្លួនគាត់ផ្ទាល់ក៏ដូចជាកូន និងក្រុមគ្រួសារដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិកផងដែរ។
លោកវេជ្ជបណ្ឌិត កែវ ដាវីន បានបន្ថែមទៀតថា នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លេខ២០៣ ស.ខ.ល ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា៖ «ទឹកដោះម្តាយមានផ្ទុករាល់សារជាតិចិញ្ចឹមទាំងអស់ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារទឹក ឬភេសជ្ជៈអ្វីទៀតទេនៅក្នុងអំទ្បុងពេល៦ខែដំបូងនៃជីវិតទារក។ សារជាតិចិញ្ចឹមសំខាន់ៗ មាននៅក្នុងទឹកដោះម្តាយរួមមានប្រូតេអ៊ីនដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍការលូតលាស់រាងកាយរបស់កុមារ ជាតិស្ករឡាក់តូសដែលជួយផ្តល់កម្លាំងថាមពលដល់កុមារ ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ និងថែរក្សាសីតុណ្ហភាពក្នុងខ្លួនកុមារឱ្យមានលំនឹង ក៏ដូចជាការជួយរាងកាយកុមារដើម្បីស្តុកថាមពល ជីវជាតិ និងរ៉ែខនិជ ដូចជា ជីវជាតិ អា បេ សេ ដេ ជាតិដែក ប៉ូតាស្យូម កាល់ស្យូមជាដើម និងជាតិទឹកដែលជាតម្រូវការចាំបាច់របស់កុមារជាប្រចាំ»។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនេះបានបញ្ជាក់ទៀតថា៖ «ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្តាយរួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្ត អាចបង្កហានិភ័យជាច្រើនចំពោះកុមារដូចជា ជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ និងធាត់ជ្រុលជាដើម។ ដោយមើលឃើញគុណតម្លៃមហាសាលរបស់ទឹកដោះម្តាយ ក្រសួងសុខាភិបាលមានគោលនយោបាយចំនួនបីក្នុងការជំរុញលើកកម្ពស់ គាំទ្រ និងការពារ ការបំបៅកូនដោយទឹកដោះម្តាយគឺ ទីមួយការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ទីពីរការបំបៅកូនដោយទឹកដោះម្តាយតែមូយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំឬលើស និងទីបីការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី៦ខែទ្បើងទៅដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់មានសុវត្ថិភាពសមស្របតាមអាយុរបស់កុមារ»។
ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ លោកវេជ្ជបណ្ឌិតក៏សូមអំពាវនាវដល់មន្ទីរ រោងចក្រសហគ្រាស អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់សូមចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឱ្យមានបន្ទប់បំបៅដោះកូននៅគ្រប់កន្លែងធ្វើការទាំងអស់ ដើម្បីឱ្យស្រ្តីអាចបន្តការបំបៅដោះកូនដោយងាយស្រួលបន្ទាប់ពីត្រឡប់ចូលធ្វើការវិញ៕
រូបភាពដោយ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ