ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូនៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ សាលាខេត្តកំពង់ធំ និងនិងមន្ទីរកិច្ចការនារីខេត្ត សហការជាមួយអង្គការ ហេទ្បែន ខេលល័រ និងគម្រោង MUSEFO នៃអង្គការ GIZ បានរៀបចំ «ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូ» នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ ក្រោមអធិបតីយភាព ឯកឧត្តម ទូច សុខា  អភិបាលរងតំណាងឯកឧត្តមអភិបាលគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ លោកវេជ្ជបណ្ឌិត កែវ ដាវីន តំណាងក្រសួងមន្ទីរសុខាភិបាលខេត្តកំពង់ធំ លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត  លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការGIZ លោកស្រី Gwyneth Cotes នាយិកា អង្គការ ហេទ្បែន ខេលល័រ និងអ្នកនាង ប្រាសាទ ដាវីន តារាបង្ហាញម៉ូត និងជាទូតសុឆន្ទៈការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា តំណាងមន្ទីរ រោងចក្រសហគ្រាស អង្គការសង្គមស៊ីវិល ដៃគូឯកជន និងមានភ្ញៀវចូលរួមប្រមាណជាង១៦០នាក់ផងដែរ។

នៅក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តម ទូច សុខា អភិបាលរងគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា៖ «ការបង្កបរិយាកាសសមស្របដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែងធ្វើការ ផ្តល់ពេលវេលាសម្រាកដល់ស្រី្តក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់ នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងខ្លួនគាត់ផ្ទាល់ កូន និងក្រុមគ្រួសារដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិកផងដែរ»។

ឯកឧត្តមបន្ថែមថា៖ «ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ ខ្ញុំក៏សូមអំពាវនាវដល់មន្ទីរ រោងចក្រសហគ្រាស អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់សូមចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឱ្យមានបន្ទប់បំបៅដោះកូននៅគ្រប់កន្លែងធ្វើការទាំងអស់ ដើម្បីឱ្យស្រ្តីអាចបន្តការបំបៅដោះកូនដោយងាយស្រួលបន្ទាប់ពីត្រឡប់ចូលធ្វើការវិញ»។

ចំណែកឯលោក វេជ្ជបណ្ឌិត កែវ ដារី តំណាងមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា៖ «ក្នុងនាមមន្ទីរសុខាភិបាល ខ្ញុំសូមអំពាវនាវដល់មន្ទីរ និងកន្លែងធ្វើការដ៏ទៃទៀត មេត្តាពិចារណាក្នុងការរៀបចំបន្ទប់បំបៅដោះកូន ដើម្បីសម្រួលឱ្យស្ត្រីដែលត្រឡប់មកធ្វើការវិញអាចបន្តការបំបៅដោះកូនតទៅទៀតបានស្របតាមមាត្រា១៨៤ និង១៨៥ នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជាយើង។ នៅពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមគាំទ្រទាំងស្រុងនូវសំនើររបស់គម្រោងការលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារគាំទ្រដោយអង្គការ Helen Keller និងគម្រោង MUSEFO ដែលផ្តួចផ្តើមគំនិតជជែក និងពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងការពិចារណាការសម្រួលខ្លឹមសារខ្លះៗ លើរយៈពេលលំហែមាតុភាព និងតម្រូវការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើប្រាក់បៀវត្សដែលមានចែងក្នុងច្បាប់ការងារកម្ពុជា ពីព្រោះការសម្រួលខ្លឹមសារនេះពិតជានឹងផ្តល់ឱកាសដល់ស្រ្តីជាម្តាយអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយ:ពេល៦ខែស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលផង និងស្របតាមការប្តេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជាផង»។

ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា៖​ «ការលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារគឺជាបញ្ហាអន្តរវិស័យដែលតម្រូវឱ្យមានកិច្ចសហការល្អ និងការចូលរួមដោយយកចិត្តទុកពីគ្រប់ភាគីទាំងអស់ទៅលើកិច្ចអន្តរាគមន៍ចាំបាច់ និងការវិនិយោគជាក់ស្តែងទៅលើវិស័យពាក់ព័ន្ធនានាជាពិសេសវិស័យសុខាភិបាល អប់រំ យេនឌ័រ សេដ្ឋកិច្ច និងការងារគាំពារសង្គម។ កន្លងមកដោយមើលឃើញពីសារសំខាន់ពីគុណតំលៃ និងភាពចាំបាច់ក្នុងការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារដែលជាមូលដ្ធានគ្រឹះក្នុងការអភិវឌ្ឍន៍មូលធនមនុស្សនិងសេដ្ឋកិច្ចជាតិ ទើបរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសយកប្រធានបទ ការបំបៅកូនដោយទឹកដោះម្តាយសម្រាប់ទិវាជាតិអាហារូបត្ថម្ភចំនួន២លើកគឺទិវាជាតិអាហារូបត្ថម្ភលើកទី២កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមប្រធានបទ ការបំបៅកូនដោយទឹកដោះម្តាយគឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់ជីវិតកូនរបស់អ្នក និងទិវាជាតិអាហារូបត្ថម្ភលើកទី៦កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ក្រោមប្រធានបទ ការបំបៅកូនដោយទឹកដោះម្តាយគឺជាជម្រើសដ៏ប្រសើរសម្រាប់អភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ»។

ដោយឡែក ស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត មានប្រសាសន៍ថា៖ «ការកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ រួមទាំងការរៀបចំបង្កើតបន្ទប់បំបៅដោះកូន នឹងចូលរួមចំណែកក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ លើមុំទី២ស្តីពីការលើកកម្ពស់ការអប់រំរបស់ស្រ្តី និងក្មេងស្រី និងមុំទី៣ស្តីពីការលើកកម្ពស់សុខភាពស្រ្តី និងក្មេងស្រី បង្ការ និងទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងបញ្ហាអាហារូបត្ថម្ភ។ បេសកម្មដ៏ចម្បងមួយរបស់មន្ទីរកិច្ចការនារីខេត្តកំពង់ធំគឺរួមចំណែកកាត់បន្ថយអត្រាមរណភាពរបស់មាតា ទារក និងកុមារ តាមរយៈធ្វើឱ្យមានភាពប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភស្ត្រី និងកុមារ ដូចជា ការគាំពារលើកកម្ពស់ និងគាំទ្រ ការអនុវត្តន៍ការចិញ្ចឹមទារក និងកុមារតូចជាពិសេសការបំបៅកូនដោយទឹកដោះម្តាយ អាហារូបត្ថម្ភសម្រាប់មាតាជាដើម។ ក្នុងន័យនេះ ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០ នៅពេលថ្មីៗ នេះ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានផ្តួចផ្តើមគំនិតក្នុងការបង្កើតបន្ទប់បំបៅដោះកូនដើម្បីសម្រួលដល់ម្តាយដែលបំរើការងារអាចមានកន្លែងសមរម្យក្នុងការបន្តបំបៅដោះកូនប្រកបដោយអារម្មណ៍កក់ក្តៅ»។

នៅក្នុងពិធីដែរ លោកស្រី Gwyneth Cotes នាយិកា អង្គការ ហេទ្បែន ខេលល័រ មានប្រសាសន៍ថា៖ «ការសិក្សាស្រាវជ្រាវនៅប្រទេសផ្សេងនាពេលកន្លងមកបានរកឃើញថាគម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការបានផ្តល់នូវដំណោះស្រាយសមស្របដ៏សំខាន់មួយដែលមានការចំណាយតិចតួចហើយអនុញ្ញាតឱ្យនិយោជិកជាស្ត្រីនៅតែអាចបន្តបំបៅកូនដោយទឹកដោះម្តាយនៅពេលពួកគេត្រឡប់មកធ្វើការវិញ។ គម្រោងដូចនេះក៏បានផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ផ្សេងៗ ដូចជាការអប់រំអាហារូបត្ថម្ភនិងអនាម័យ ការអប់រំការចិញ្ចឹមទារកនិងកុមារ ការប្រឹក្សាលើរបបអាហារ និងសុខភាពរបស់ស្រ្តី និងច្បាប់ការងារ។ ចំពោះគម្រោងសាកល្បងនៅកម្ពុជា ខ្ញុំសង្ឃឹមថា មេរៀនល្អៗ នឹងត្រូវបានប្រើប្រាស់ក្នុងការពិចារណាការសម្រួលខ្លឹមសារខ្លះៗ លើរយៈពេលលំហែមាតុភាព និងតម្រូវការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើប្រាក់បៀវត្សដែលមានចែងក្នុងច្បាប់ការងារកម្ពុជា ពីព្រោះការសម្រួលខ្លឹមសារនេះពិតជានឹងផ្តល់ឱកាសដល់ស្រ្តីជាម្តាយអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយ:ពេល៦ខែស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលផង និងស្របតាមការប្តេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជាផង»។

ចំណែកលោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ  មានប្រសាសន៍ថា៖ «ឧបសគ្គមួយសម្រាប់ម្តាយ គឺពួកគេមានពេលសម្រាកលំហែមាតុភាពតែបីខែប៉ុណ្ណោះជាមួយនឹងការទូទាត់ត្រឹមតែ ៥0% នៃប្រាក់បៀវត្សរ៍របស់ពួកគេ ដែលធ្វើឱ្យមានបញ្ហាសេដ្ឋកិច្ចគ្រួសារពិបាកសម្រាប់ពួកគេទាំងក្នុងពេលលំហែមាតុភាព និងក្រោយសម្រាលកូនរួចដើម្បីធានាការបំបៅកូនដោយទឹកដោះម្តាយ និងបន្តការបំបៅកូនដោយទឹកដោះតែមួយមុខគត់រយ: ពេល៦ខែ។ បន្ទប់បំបៅដោះកូននៅកន្លែងធ្វើការអាចជួយឱ្យស្ត្រីបន្តការបំបៅកូនដោយទឹកដោះតែមួយមុខគត់ រយ:ពេល៦ខែបន្ទាប់ពីត្រលប់ចូលមកធ្វើការវិញ និងបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ និងលើសពីនេះ។ ការបំបៅកូនដោយទឹកដោះម្តាយ និងចំណងរវាងម្តាយ និងកុមារមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងការលូតលាស់របស់កុមារនៅដំណាក់កាលដំបូងនៃជីវិតរបស់កុមារ»៕

រូបភាពដោយ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ