ភ្នំពេញ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ មានកម្មវិធីអប់រំថ្មីមួយដែលក្រោមមូលនិធិគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកមានទឹកប្រាក់ចំនួន ២៥លានដុល្លារដែលនឹងជួយបង្កើនបទពិសោធន៍អំណានក៏ដូចជាការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សានៅកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Nancy J. Eslick នាយិកាបេសកកម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID។
គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា IPEA ជួយបង្កើនដល់សមិទ្ធផលមុនៗ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID គាំទ្រលើអំណានកម្រិតថ្នាក់ដំបូងដែលគេស្គាល់ថាជា «គម្រោងគាំទ្រអំណានភាសាខ្មែរកម្រិតថ្នាក់ដំបូង»។ គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា IPEA នឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅទូទាំងប្រទេសកម្ពុជាដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារតាមរយៈកម្មវិធីកុមាររៀនកុមារចេះ នៃក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត W. Patrick Murphy មានប្រសាសន៍ថា៖ «កុមារនៅថ្ងៃនេះគឺជាអ្នកដឹកនាំនៅថ្ងៃអនាគត ហើយយើងមានមោទកភាពក្នុងការគាំទ្រដល់កុមារកម្ពុជាតាមរយៈឧបករណ៍សិក្សា ដែលនឹងជួយកុមារឱ្យពូកែឆ្នើមក្នុងពិភពលោកដែលកាន់តែសម្បូរបែប និងមានប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញនេះ»។ លោកបន្ថែមថា៖ «យើងមានទំនុកចិត្តថា កិច្ចសហការរបស់យើងលើកម្មវិធីកុមាររៀនកុមារចេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់សិស្សានុសិស្ស ក៏ដូចជាដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ»។
កម្មវិធី «កុមាររៀនកុមារចេះ» រួមមានកញ្ចប់អំណានភាសាខ្មែរដែលបានបង្កើតឡើងប្រកបដោយសុខុដុមបនីយកម្ម ដោយទីភ្នាក់ងារជំនួយអាមេរិក USAID សម្រាប់ប្រើប្រាស់នៅទូទាំងប្រទេស។ រហូតមកដល់បច្ចុប្បន្ននេះ គ្រូបង្រៀនប្រមាណ ៦,៥០០នាក់ ទទួលបានការបណ្តុះបណ្តាលលើការប្រើប្រាស់សម្ភារអំណានថ្នាក់ទី១ និងទី២ រួមជាមួយនឹងមត្តេយ្យកម្រិតខ្ពស់ ដែលជាផ្នែកមួយនៃភាពជាដៃគូរវាងក្រសួងអប់រំ យុវជននិង កីឡា ទីភ្នាក់ងារជំនួយអាមេរិក USAID និងភាពជាដៃគូសកលសម្រាប់ការអប់រំ GPE។ គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលបានអនុវត្តកម្មវិធីអក្ខរកម្មភាសាខ្មែរ និងវិធីសាស្រ្តបង្រៀនថ្មី ក្រោមកិច្ចគាំទ្រពីគ្រូបង្វឹកអំណានដែលមានជំនាញក្នុងខេត្តចំនួនប្រាំបី។
ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត គម្រោងនឹងបន្តការជំរុញ និងលើកកម្ពស់ការសិក្សានៅកម្រិតថ្នាក់ដំបូងឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងបន្តការសម្របសម្រួលនៅក្នុងវិស័យទាំងមូល ឱ្យរឹតតែមានប្រសិទ្ធភាព និងភាពស័ក្តសិទ្ធតាមរយៈការពង្រឹងការអនុវត្តកម្មវិធីកុមាររៀនកុមារចេះ នៅទូទាំងប្រទេស ជាមួយនឹងការអនុវត្តកម្មវិធីគាំទ្រថ្នាក់អប់រំបរិយាបន្នផងដែរ»។
ដោយមានការគាំទ្រពីភ្នាក់ងារជំនួយអាមេរិក USAID កម្មវិធីអំណានបានជួយដល់សិស្សប្រមាណ ២០០,០០០នាក់ ប្រមាណជា ៣២% នៃសិស្សសាលាបឋមសិក្សារដ្ឋទូទាំងប្រទេស។ លើសពីនេះទៀត ដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជាបានធ្វើការរួមគ្នាឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចែកសម្ភារសិក្សាតាមផ្ទះ ដល់សិស្សានុសិស្ស និងមាតាបិតាសិស្សថ្នាក់ទី១ និងទី២ នៅទូទាំងប្រទេសក្នុងអំឡុងពេលបិទសាលារៀនកាលពីឆ្នាំកន្លងទៅ។
គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា IPEA នឹងបង្កើនលើភាពជោគជ័យថ្មីៗ នេះតាមរយៈការពង្រីកការអនុវត្តទៅខេត្តថ្មីបន្ថែមទៀត ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូនានា ដើម្បីឈានទៅកាន់ការអនុវត្តទូទាំងប្រទេស។ ទន្ទឹមនឹងការសហការដោយផ្ទាល់ជាមួយអង្គការដៃគូពាក់ព័ន្ធក្នុងការគាំទ្រដល់សាលាអប់រំពិសេស គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា IPEA នឹងគាំទ្រដល់គ្រូបង្រៀន ដែលកំពុងបង្រៀនកុមារគថ្លង់ ឬមានកម្សោយការស្តាប់៕
រូបថតដោយ៖ ស្ថានទូតអាមេរិកកនៅកម្ពុជា