ភ្នំពេញ៖ ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុនបាននឹងមកទស្សនកិច្ចប្រទេសកម្ពុជា ដោយទស្សនកិច្ចលើកនេះគឺធ្វើឡើងបន្ទាប់ពីលោកធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងរួចមកហើយនៅអំឡុងពេលលោកនៅជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឆ្នាំ២០១៤។
ឯកឧត្តម គីស៊ីដា ហ្វូមិអុ បានលើកឡើងថាកម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព។ លោកនាយករដ្ឋមន្ត្រីបានឆ្លៀតយកឱកាសនេះសម្តែងនូវការគោរពដល់ប្រជាជនកម្ពុជាសារជាថ្មីម្តងទៀតចំពោះការខិតខំរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។ ក្នុងអំឡុងពេលកន្លងមកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ប៉ុន្តែស្ថានភាពក្នុងពិភពលោកជុំវិញប្រទេសទាំងពីរកាន់តែមានភាពស្មុគស្មាញ។ ដូច្នេះដើម្បីឱ្យប្រទេសជប៉ុន និងកម្ពុជាបន្តអភិវឌ្ឍជាមួយគ្នាក្នុងពិភពលោកប្រកបដោយស្ថិរភាពលោកនាយករដ្ឋមន្រ្តីបានសម្រេចចិត្តមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយមានគោលបំណងពីរដូចខាងក្រោម៖
ទី១៖ គឺការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះគឺជាខួបលើកទី៣០នៃការចូលរួមរបស់ជប៉ុនក្នុងសកម្មភាពថែរក្សាសន្តិភាព (PKO) ជាលើកដំបូងមកកម្ពុជា។ ជប៉ុនបានដើរជាមួយកម្ពុជាលើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។
ជាឧទាហរណ៍ ប្រទេសជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ លើការដោះមីនតាមរយៈការផ្តល់ឧបករណ៍ និងការបញ្ជូនអ្នកជំនាញ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាតដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញជាដើម។ ហើយនៅពេលថ្មីៗនេះ ជប៉ុនបានផ្តល់វ៉ាក់សាំងប្រមាណ ១.៣លានដូស និងឥណទានសម្បទានសរុប ៤៥ពាន់លានយ៉េន ដើម្បីគាំទ្រដល់វិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងកូវីត-១៩។ លើសពីនេះទៀតជប៉ុនក៏មានគម្រោងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាសសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថាកិច្ចសហប្រតិបត្តិការទាំងនេះបាននាំឱ្យមានទំនាក់ទំនងទុកចិត្តគ្នាដ៏ស៊ីជម្រៅរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។ ថ្ងៃនេះ ដោយផ្អែកលើទំនាក់ទំនងទុកចិត្តគ្នា លោកនាយករដ្ឋមន្ត្រីនឹងធ្វើការពិភាក្សាយ៉ាងលំអិតជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។
ទីពីរគឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។ នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងស្ថានភាពដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ។ ប្រទេសជប៉ុន និងកម្ពុជាបានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងជាឯកតោភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ជាមួយនឹងលោកនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមិអុ ថាក្នុងនាមជាប្រធានអាស៊ានប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅរកដំណោះស្រាយនៃបញ្ហានានាដូចជាស្ថានភាពនៅមីយ៉ាន់ម៉ាជាដើម។ លោកនាយករដ្ឋមន្រ្តីមានការយល់ថាតាមរយៈបទពិសោធន៍នៃសង្គ្រាមស៊ីវិល ប្រជាជនកម្ពុជាមានចិត្តគំនិតដ៏ពិសេសចំពោះសន្តិភាព។ ហេតុដូច្នេះហើយលោកនាយករដ្ឋមន្រ្តីមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
លោកនាយករដ្ឋមន្រ្ជជប៉ុន គីស៊ីដា ហ្វូមិអុ បានបន្ថែមថានៅឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ លោកមានក្តីរំពឹងទុកថាក្មួយៗ ដែលជាប្រជាជនកម្ពុជាទាំងអស់នឹងរួមគ្នាបង្កើតទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាជាមួយប្រទេសជប៉ុន៕
ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា