រភ្នំពេញ៖ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នេះ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានប្រកាសថា «ទិដ្ឋភាពវប្បធម៌របស់ជនជាតិដើមភាគតិចព្នង» ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងកម្មវិធី WORLD MONUMENTS WATCH ឆ្នាំ២០២២ ដែលជាការជ្រើសរើសតំបន់បេតិកភណ្ឌសំខាន់ៗ នៅលើពិភពលោកចំនួន ២០ទីតាំង ដែលជាទីតាំងចាំបាច់ត្រូវមានការអភិរក្សជាបន្ទាន់ និងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសហគមន៍នៅជុំវិញនោះ។ តំបន់ទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីបញ្ហាប្រឈមជាសកលដែលទាមទារឱ្យមានវិធានការជាបន្ទាន់នៃការប្រែប្រួលអាកាសធាតុ ទេសចរណ៍អតុល្យភាព ការផ្សព្វផ្សាយមិនទាន់គ្រប់គ្រាន់ និងការស្ដារវិបត្តិ ដោយឆ្លុះបញ្ចាំងថាចាំបាច់ត្រូវមានសកម្មភាពជាច្រើនបន្ថែមទៀត ដើម្បីគាំទ្រដល់តំបន់បេតិកភណ្ឌ និងប្រជាជនដែលថែទាំតំបន់ទាំងនោះ។
ជនជាតិព្នងគឺជាសហគមន៍ជនជាតិដើមភាគតិចមួយនៅក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា ហើយជីវភាពរស់នៅរបស់ជនជាតិនេះ គឺផ្សាភ្ជាប់យ៉ាងខ្លាំងទៅនឹងទឹកដីដូនតារបស់ពួកគាត់។ ក្រៅពីរចនាសម្ព័ន្ធភាសាតាមតំបន់ មានភាពពិសេសខុសប្លែកពីគេ ទិដ្ឋភាពវប្បធម៌របស់ជនជាតិដើមភាគតិចព្នង ក៏រួមមាននូវដីកសិកម្ម ព្រៃអារក្ស និងដីបញ្ចុះសព ពោល គឺគ្រប់កន្លែងរស់នៅក្នុងសង្គម វិញ្ញាណអារក្ស និងចំណុចសំខាន់ផ្នែកប្រវត្តិសាស្ត្រត្រូវបានផ្សារភ្ជាប់ដោយទម្លាប់សាសនា និងចំណេះដឹងប្រពៃណី។ ជនជាតិដើមភាគតិចព្នង ត្រូវបានចាត់ទុកថាជាក្រុមប្រជាជនដ៏សំខាន់នៃទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែប តាមរយៈការដាំដុះជាបន្តបន្ទាប់ និងការអនុវត្តគ្រប់គ្រងព្រៃឈើតាមបែបប្រពៃណី។
ទិដ្ឋភាពនៃការរស់នៅ និងជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចព្នង បានរងឥទ្ធិពលពីការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ការទាញយកធនធានធម្មជាតិ និងការប្រែក្លាយដីទៅជាទំនិញជួញដូរ ដែលជាការគំរាមកំហែងផ្ដាច់ទំនាក់ទំនងអ្នកភូមិពីទឹកដី និងប្រពៃណីដូនតារបស់ពួកគាត់។ សហគមន៍ជនជាតិដើមភាគតិចព្នងនៅទូទាំងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជាកំពុងព្យាយាមការពារទីតាំង និងទម្លាប់អនុវត្តដែលមានសារៈសំខាន់ចំពោះការរស់នៅប្រចាំថ្ងៃ និងអត្តសញ្ញាណរបស់ពួកគាត់។
ដំបូងឡើយ សមាគមជនជាតិដើមភាគតិចព្នង ដែលជាក្រុមសង្គមស៊ីវិលក្នុងស្រុក គ្រោងនឹងរៀបចំផែនទី និងថតវីដេអូ នូវទីសក្ការៈបូជា និងប្រវត្តិសាស្ត្ររបស់ជនជាតិដើមភាគតិចព្នង ដើម្បីគាំទ្រ និងលើកកម្ពស់ការផ្លាស់ប្ដូរវិធីសាស្ត្រក្នុងស្រុកអំពីការយល់ដឹង និងភាពពាក់ព័ន្ធទៅនឹងទឹកដីទាំងនេះ។ តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលនេះ កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ នឹងធ្វើឱ្យសហគមន៍ជនជាតិដើមភាគតិចព្នង អាចអះអាងពីសារៈសំខាន់នៃទិដ្ឋភាពរស់នៅរបស់ពួកគេ ថែមទាំងការកសាងជំនាញ ដើម្បីផ្ដល់ជំនួយដល់ការស្វែងរកការទទួលស្គាល់កាន់តែទូលំទូលាយផងដែរ។ តាមរយៈកម្មវិធី World Monuments Watch ឆ្នាំ២០២២ នេះ អង្គកា World Monuments Watch (WMF) បានអំពាវនាវឱ្យមាននូវកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹង និងការគាំទ្រកាន់តែច្រើនថែមទៀតដើម្បីប្រើប្រាស់ការអភិរក្សបេតិកភណ្ឌជាឧបករណ៍សម្រាប់ការពង្រឹងសិទ្ធិជនជាតិដើមភាគតិច។
ដោយបានបើកដំណើរការនៅក្នុងឆ្នាំ១៩៩៦ ក្រោមជំនួយឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន American Express កម្មវិធី Watch នេះតែងតែធ្វើការប្រកាសដំណើរការរៀងរាល់ពីរឆ្នាំម្ដង ហើយរួមបញ្ចូលទាំងនូវទីតាំងដែលបានកំណត់ដោយប្រជាជន និងអង្គការតាមសហគមន៍នៅទូទាំងសកលលោក។ កម្មវិធីនេះ គឺជាឧបករណ៍ដែលមានការបញ្ជាក់ពីប្រសិទ្ធភាពសម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីទីតាំង ដែលត្រូវការការពារ ការបង្កើនសកម្មភាព និងការគាំទ្រសម្រាប់ការអភិរក្សរបស់ពួកគេ។ រហូតមកដល់ពេលនេះ អង្គការ WMF បានរួមចំណែកជាង ១១០លានដុល្លារ ចំពោះគម្រោងនានាដែលមានជាង ៣០០ទីតាំងនៃកម្មវិធី Watch ដែលកម្មវិធី Watch បានជួយផ្សព្វផ្សាយឱ្យមានការមើលឃើញដើម្បីជួយបង្កើនថវិកាសហគមន៍ ៣០០ លានដុល្លារបន្ថែមទៀតពីប្រភពផ្សេងៗ។
លោក ប្រាក់ ណែត ប្រធានសមាគមជនជាតិដើមភាគតិចព្នងបានមានប្រសាសន៍ថា៖ «ការមានឈ្មោះនៅក្នុងបញ្ជីរបស់កម្មវិធី Watch គឺជួយឱ្យពិភពលោកស្គាល់ពីតំបន់នេះ។ យើងគឺជាក្រុមតូច នៅពេលមានមនុស្សកាន់តែច្រើនបានស្គាល់ទីតាំងនេះ នឹងជួយយើងក្នុងការការពារតំបន់នេះ។ ជាការសំខាន់គឺយើងត្រូវតែផ្ទេរចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយដើម្បីឱ្យកូនៗ និងចៅៗ របស់យើងមានមោទនភាពចំពោះប្រវត្តិសាស្ត្ររបស់ពួកគេ។ សកម្មភាពនេះគឺធ្វើឱ្យប្រវត្តិរបស់យើងមានភាពរស់រវើក។ ខ្ញុំក៏មានអារម្មណ៍ថាមានសំណាងដែលស្ថាបត្យកម្មរបស់យើងជាប់ឈ្មោះនៅក្នុងបញ្ជីរបស់អង្គការ Watch ដូច្នេះអ្នកដទៃអាចនឹងមើលឃើញតំបន់នេះ ហើយយុវជនវ័យ ក្មេងអាចនឹងរក្សាតំបន់នេះ និងការពារតំបន់នេះកុំឱ្យបាត់បង់»។
លោកស្រី Bénédicte de Montlaur ប្រធាន និងអគ្គនាយកអង្គការ WMF មានប្រសាសន៍ថា៖ «ការជួយសង្គ្រោះតំបន់បេតិកភណ្ឌវប្បធម៌ដែលមិនអាចជំនួសបានទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់»។
លោកស្រីបានបន្ថែមទៀតថា៖ «បញ្ហាប្រឈមសកលដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងប្រឈម ដោយបេតិកភណ្ឌនានានៅក្នុងសតវត្សរ៍ទី២១ នេះគឺតម្រូវឱ្យមានដំណោះស្រាយប្រកបដោយភាពប្រឌិត ចីរភាព និងអាចផលិតឡើងវិញបាន។ តាមរយៈការគាំទ្រសហគមន៍ក្នុងការអភិរក្សទីតាំងមានតម្លៃសម្រាប់ពួកគេបំផុតនោះ យើងអាចពង្រឹងទំនាក់ទំនងសង្គម និងជំរុញឱ្យមានការយល់ដឹងឱ្យកាន់តែទូលំទូលាយដែលថាអនាគតរបស់យើងក្នុងនាមជាពលរដ្ឋសកល គឺមានជាប់ពាក់ព័ន្ធគ្នាដោយមិនអាចកាន់ផ្ដាច់បាន»។
អង្គការ Watch ឆ្នាំ២០២២ ដែលមានតំណាងមកពី ២៤ប្រទេស និងមានប្រវត្តិសាស្ត្រជិត ១២០០០ឆ្នាំ មានឧទាហរណ៍ដ៏ធំទូលាយជាច្រើន អំពីរបៀបដែលបញ្ហាប្រឈមសកលជួបប្រទះ ហើយភ្ជាប់គ្នានូវទីតាំងប្រវត្តិសាស្ត្រ ដែលការណ៍នេះផ្ដល់នូវឱកាសក្នុងការកែលម្អការរស់នៅរបស់សហគមន៍ ដោយសារតែពួកគេសម្របខ្លួនសម្រាប់អនាគតកាល។ បញ្ចីពេញលេញអំពីទីតាំងរបស់អង្គការ Watch ឆ្នាំ2022 គឺមានផ្ដល់ជូននៅតាមអនឡាញ https://www.wmf.org/2022watch ដោយមានសេចក្ដីពន្យល់លម្អិត និងប្រធានបទដូចខាងក្រោម៖
- ការប្រែប្រួលអាកាសធាតុ៖ ដោយសារតែការកើនឡើងនូវកម្ដៅផែនដីបន្តមាន វិធីសាស្ត្រច្នៃប្រឌិត និងចំណេះដឹងប្រពៃណីគឺមានតម្រូវការជាចាំបាច់ក្នុងការសម្រាលផលប៉ះពាល់មកលើតំបន់បេតិកភណ្ឌ។
- ការផ្សព្វផ្សាយមិនទាន់គ្រប់គ្រាន់៖ វិសមធម៌លើទីតាំងបេតិកភណ្ឌនាំឱ្យមានការត្រួតពិនិត្យ និងការធ្វេសប្រហែសលើទីតាំងសំខាន់ៗ ជាច្រើន។ កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីសាច់រឿង ដែលរៀបរាប់ប្រាប់អំពីសាច់រឿងមនុស្សធម៌ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និងពេញលេញ។
- ទេសចរណ៍អតុល្យភាព៖ ទាំងការមានភ្ញៀវទេសចរណ៍ច្រើនពេក និងកង្វះភ្ញៀវទេសចរណ៍ទៅលេង ក៏បង្ករគ្រោះថ្នាក់ដល់ទីតាំងបេតិកភណ្ឌ ហើយពេលខ្លះបានផាត់ចេញ ឬកាត់ផ្ដាច់សហគមន៍ក្នុងស្រុក។ យុទ្ធសាស្ត្រទេសចរណ៍ប្រកបដោយចីរភាព គឺត្រូវការជាចាំបាច់ ដើម្បីកម្រិតឡើងវិញលើផលប៉ះពាល់ទាំងនេះ ហើយធានានូវលទ្ធផលប្រកបដោយយុត្តិធម៌ចំពោះប្រជាជនក្នុងមូលដ្ឋាន។
- ការស្ដារវិបត្តិ៖ ជម្លោះប្រដាប់អាវុធ គ្រោះធម្មជាតិ និងប្រភេទនៃការបំផ្លិចបំផ្លាញផ្សេងៗ អាចបង្កឱ្យមានការខូចខាតដែលមិនអាចជួសជុលបានលើទីតាំងបេតិកភណ្ឌ និងសហគមន៍។ កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហគមន៍ អាចចូលរួមចំណែកក្នុងការកសាងភាពធន់ និងបង្កើតឡើងវិញនូវគ្រឹះសង្គមនៅតាមទីតាំងដែលរងផលប៉ះពាល់ដោយវិបត្តិ។
អំពីសមាគមជនជាតិដើមភាគតិចព្នង៖ សមាគមជនជាតិដើមភាគតិចព្នង (BIPA) គឺជាសមាគមក្នុងស្រុកដែលបានបង្កើតឡើងដោយជនជាតិដើមភាគតិចព្នង។ យើងធ្វើការងាររួមគ្នា ដើម្បីកសាងអនាគតដ៏មានសុវត្ថិភាពសម្រាប់សហគមន៍ និងទឹកដីរបស់យើង។ យើងគឺជាអង្គការមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាដែលមានគោលដៅធ្វើឱ្យល្អប្រសើរឡើង នូវជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចព្នងនៅក្នុងបរិយាកាសប្រែប្រួលដ៏ឆាប់រហ័សនេះ។ ដើម្បីប្រឈមនឹងផលពិបាកដ៏ធ្ងន់ធ្ងរដូចជាការបាត់បង់ដីធ្លី និងធនធានធម្មជាតិយ៉ាងគំហុកនេះ សមាគមជនជាតិដើមភាគតិចព្នង បានធ្វើការងារក្នុងភាពជាដៃគូជាមួយនឹងរដ្ឋបាលក្នុងតំបន់ និងអង្គការក្នុងតំបន់ ដើម្បីស្វែងរកដំណោះស្រាយបច្ចេកទេសប្រកបដោយប្រសិទ្ធភាពផ្នែកវប្បធម៌ និងសង្គម ដើម្បីសម្របខ្លួនទៅនឹងប្រព័ន្ធកសិកម្មបច្ចុប្បន្ន ការពារធនធានព្រៃឈើដែលនៅសល់ និងគាំទ្រដល់គំនិតផ្ដួចផ្ដើមការអប់រំបរិយាបន្ន ដើម្បីតម្រង់ទិស ការផ្លាស់ប្ដូរដ៏តឹងតែងនេះ និងប្ដេជ្ញាគាំទ្រសមភាព និងឯកសណ្ឋានភាពនៅក្នុងសហគមន៍។
អំពីមូលនិធិប្រាសាទពិភពលោក៖ មូលនិធិប្រាសាទពិភពលោក (WMF) គឺជាអង្គការឯករាជ្យឈានមុខគេដែលបានខិតខំប្រឹងប្រែងការពារទីតាំងដ៏មានតម្លៃរបស់ពិភពលោកដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន និងបង្កើត ការយល់ដឹងនៅទូទាំងវប្បធម៌ និងសហគមន៍។ អង្គការនេះ មានទីស្នាក់ការកណ្ដាលស្ថិតនៅក្នុងទីក្រុងញ៉ូវយក និងមានការិយាល័យ និងសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ឥណ្ឌា ប៉េរូ ព័រទុយហ្គាល់ អេស្ប៉ាញ និងចក្រភពអង់គ្លេស។ ចាប់តាំងពីឆ្នាំ១៩៦៥ មក ក្រុមអ្នកជំនាញសកលរបស់យើងបានអភិរក្សបេតិកភណ្ឌវប្បធម៌ចម្រុះរបស់ពិភពលោក ដោយប្រើប្រាស់ស្តង់ដារអន្តរជាតិកម្រិតខ្ពស់បំផុតជាង ៧០០ទីតាំងនៅក្នុងប្រទេសចំនួន១១២។ ដោយមានការចាប់ដៃគូជាមួយនឹងសហគមន៍ក្នុងស្រុក អ្នកផ្ដល់មូលនិធិ និងរដ្ឋាភិបាល មូលនិធិប្រាសាទពិភពលោក បានផ្ដោតលើបេតិកភណ្ឌ ដើម្បីដោះស្រាយបញ្ហាប្រឈមធំបំផុតនាពេលបច្ចុប្បន្ននេះដូចជា ការប្រែប្រួលអាកាសធាតុ ការផ្សព្វផ្សាយមិនទាន់គ្រប់គ្រាន់ ទេសចរណ៍អតុល្យភាព និងការស្ដារក្រោយពេលវិបត្តិ។ តាមរយៈការប្ដេជ្ញាចិត្តចំពោះប្រជាជន ដែលធ្វើឱ្យកន្លែងទាំងនេះមានភាពរស់រវើក មូលនិធិប្រាសាទពិភពលោកបានចាប់យកសក្ដានុពលរបស់អតីតកាល ដើម្បីកសាងសង្គមដែលកាន់តែមានភាពធន និង
បរិយាបន្ន៕
រូបថតដោយ៖ Catherine Scheer