ម៉ាកយីហោម៉ូដសម្លៀកបំពាក់ H&M​ បានបើកដំណើរការសាខាដំបូងរបស់ខ្លួននៅផ្សារទំនើប អុីអន ម៉ល ភ្នំពេញ

ភ្នំពេញ៖ ម៉ាកយីហោម៉ូដសម្លៀកបំពាក់ H&M​ បានបើកដំណើរការសាខាដំបូងរបស់ខ្លួនដោយជោគជ័យនៅឯផ្សារទំនើប អុីអន ម៉ល ភ្នំពេញ។​ នាពេលបើកសម្ពោធមានមនុស្សម្នាជាច្រើនបានតម្រង់ជួររង់ចាំ និងអបអរសាទរវត្តមានម៉ាកយីហោថ្មីដែលទើបតែឈានជើងចូលប្រទេសកម្ពុជា។

កាលដែលបើកដំណើរការហាងនៅម៉ោង ០៩:០០ព្រឹក នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមិនា ក៏ប៉ុន្តែអតិថិជនដែលជាហ្វេនៗ របស់ H&M​ មានក្តីរំភើបយ៉ាងខ្លាំងដោយបានរង់ចាំតាំងតែពីម៉ោង ០៨:០០ព្រឹក ដើម្បីបានទិញនូវមុខទំនិញដែលខ្លួនពេញចិត្ត។ មិនតែប៉ុណ្ណោះក៏មានវត្តក្រុមតារាល្បីៗ ជាច្រើនបានចូលរួមការបើកសម្ពោធហាង និងបានជ្រើសរើសនូវមុខទំនិញជាច្រើនប្រភេទ ជាពិសេសគឺខូឡិចសិនចុងក្រោយបំផុតរបស់ H&M​ ដែលបានបង្ហាញពីពណ៌ដ៏រស់រវើក ស្រស់ឆើតឆាយ និងម៉ូតប្លែកៗ ប្រចាំនិទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ២០២២ នេះ។

លោក Philippe Lassaux នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសកម្ពុជា និងប្រទេសថៃបាននិយាយថា៖ «វា​ពិត​ជា​រីករាយ និង​រំភើប​ចិត្ត​ណាស់​ដែល​បាន​ឃើញ​មនុស្សជាច្រើនកំពុង​រង់ចាំការបើកហាងដំបូងរបស់ H&M នៅ​ទីក្រុងភ្នំពេញ។ យើងបានខ្នះខ្នែងក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយនិរន្តន៍ភាពមកកាន់ទីក្រុងថ្មីមួយ។ យើងពិតជាកោតសរសើរចំពោះការស្វាគមន៍ដ៏ល្អ ដែលយើងមាននៅក្នុងទីក្រុងភ្នំពេញ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវការប្រមូលផ្តុំម៉ូតសម្លៀកបំពាក់ H&M និងធ្វើឱ្យអតិថិជនរបស់យើងរំភើបចិត្តដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួន និងរូបរាងដែលពួកគេចូលចិត្ត»។

ហាង H&M​ មានទីតាំងនៅជាន់ផ្ទាល់ដីតំបន់ Sweet Zone ក្នុងផ្សារទំនើប អុីអន ម៉ល ភ្នំពេញ​ នឹងបើកទទួលភ្ញៀវជារៀងរាល់ថ្ងៃចាប់ពីម៉ោង ០៩:០០ព្រឹក រហូតដល់ម៉ោង ១០:០០យប់ ហើយនាឱកាសនេះផងដែរ ដើម្បីចូលរួមអបអរសាទរនៃការបើកសម្ភោធដំណើរការហាងរបស់ខ្លួនលើកដំបូងនៅក្នុងប្រទេសកម្ពុជា H&M បានមានការបញ្ចុះតម្លៃ ២៥% សម្រាប់គ្រប់ម៉ូតសម្លៀកបំពាក់ទាំងអស់ជូនដល់អតិថិជនរយៈពេលតែ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២៕

អត្ថបទ៖ ពាណិជ្ជកម្ម | រូបថតដោយ៖ សហការី