ផលប៉ះពាល់អាហារកញ្ចប់លក់តាមសាលានិងដំណោះស្រាយសមស្រប

ភ្នំពេញ៖ របាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០២១ បានបង្ហាញថាអត្រានៃ​ការឡើងទម្ងន់ និងជំងឺធាត់ចំពោះកុមារ បាននឹងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ដែលបណ្តាលមកពីការប្រើប្រាស់អាហារសម្រន់កញ្ចប់មានជាតិអំបិល ស្ករ និងខ្លាញ់ខ្ពស់ ហើយមានមានសារជាតិចឹញ្ចឹមតិចតួច ដែលមានលក់កាន់តែច្រើនឡើងនៅតាមសាលារៀន។

របាយការណ៍អាហារូបត្ថម្ភសកលឆ្នាំ២០២០ ក៏បានបញ្ជាក់ថានៅកម្ពុជាមានកុមារអាយុចាប់ពី៥ដល់១៩ឆ្នាំ ចំនួនប្រមាណជាង ១ភាគ៨មានបញ្ហាឡើងទម្ងន់និងជំងឺធាត់។ ហើយនិន្នាការនេះគឺនូវតែបន្តកើនឡើងជាលំដាប់។ ចំនួន២ភាគបីនៃការស្លាប់នៅកម្ពុជាគឺបណ្តាលមកពីជំងឺមិនឆ្លង ហើយភាគច្រើនមានការជាប់ពាក់ព័ន្ធនឹងការបរិភោគចំណីអាហារមិនប្រុងប្រយ័ត្ន។ នៅក្នុងផែនការសកម្មភាពពហុវិស័យជាតិស្តីពីការការពារនិងការប្រយុទ្ធនឹងជំងឺមិនឆ្លងកម្ពុជាឆ្នាំ២០១៨-២០២៧ បានលើកឡើងថា ជំងឺមិនឆ្លងគឺធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងគម្រាមគំហែងដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។

យើងសង្កតឃើញថាទារកនិងកុមារកម្ពុជាបានញុាំអាហារកញ្ចប់ និងភេស្ជៈដែលផលិតចេញពីរោងចក្រស្ទើតែគ្រប់គ្នា។ អាហារសម្រន់មិនល្អចំពោះសុខភាពទាំងនេះត្រូវបានដាក់លក់នៅតាមសាលាបឋមសិក្សា។ ការសិក្សារបស់កម្មវិធីស្បៀងអាហារពិភពលោកនិងអង្គការ Helen Keller បានរកឃើញថា កុមារភាគច្រើនបំផុតត្រូវបានមាតាបិតាផ្តល់លុយជារៀងរាល់ថ្ងៃដើម្បីទិញអាហារសម្រន់ទាំងនោះ។ អាហាសម្រន់មិនល្អចំពោះសុខភាពដែលដាក់លក់តាមសាលារៀនធ្វើឱ្យសិស្សងាយស្រួលទិញ ប៉ុន្តែនឹងជម្រុញឱ្យមានការលើសទម្ងន់ និងជំងឺធាត់ក្នុងចំណោមសិស្សសាលា ព្រមទាំងបង្កើតទម្លាប់អាក្រក់ក្នុងការបរិភោអាហារនេះនៅពេលកុមារពេញវ័យ។

យើងត្រូវមានដំណោះស្រាយថ្មីមួយសម្រាប់ណែនាំដល់សហគមន៍ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ និងដើម្បីផ្តល់ជម្រើសអាហារល្អដល់សិស្សសាលានៅកម្ពុជា។ ការសិក្សារបស់កម្មវិធីស្បៀងអាហារពិភពលោកនិងអង្គការ Helen Keller ក៏បានបង្ហាញទៀតថាអាហារដែលបានដាក់លក់តាមសាលាបឋមសិក្សាមួយចំនួនមិនមានអនាម័យ និងមានជាតិស្ករ អំបិល និងជាតិខ្លាញ់ខ្ពស់ ព្រមទាំងមានសារជាតិចិញ្ចឹមទាបដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។

ដើម្បីដោះស្រាយនូវបញ្ហាដែលបានរៀបរាប់ខាងលើទាំងអស់នេះ អង្គការ Helen Keller សហការជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជននិងកីឡា នឹងធ្វើការរួមគ្នាតាមរយៈគម្រោងសាកល្បងមួយឈ្មោះថា «សាលាល្អ អាហារល្អ អនាគតល្អបវររុងរឿង» ។ គម្រោងសាកល្បងនេះនឹងត្រូវបានអនុវត្តឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ដោយប្រើវិធីសាស្ត្រមួយឈ្មោះថា «វិធិសាស្ត្រការពិភាក្សាស៊ីជម្រៅលើចំណេះដឹងបទពិសោធន៍និងការផ្លាស់ប្តូរឥរិយាបថរបស់មនុស្ស»

លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller មានប្រសាសន៍ថា៖ «វាគឺជាវិធីសាស្រ្តដ៏ល្អមួយដែលនឹងជួយសិស្សានុសិស្ស គ្រូបង្រៀន អ្នកលក់អាហារសម្រន់ អាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាល និងបុគ្គលិកអប់រំយុវជន និងកីឡាឱ្យចេះធ្វើការកំណត់និងវិភាគបញ្ហាចំណីអាហារនិងភេសជ្ជះនានាដាក់លក់នៅតាមសាលារៀន ដែលប៉ះពាល់ដល់សុខភាពសិស្សានុសិស្សនិងរួមគ្នាបង្កើតដំណោះស្រាយសមស្របហើយសាកល្បងដំណោះស្រាយទាំងនេះ»។

លោកបន្ថែមទៀតថា៖ «គម្រោងសាកល្បង សាលាល្អ អាហារល្អ អនាគតល្អបវររុងរឿង ដែលនឹងប្រើវិធីសាស្ត្រការខាងលើនេះនឹងត្រូវអនុវត្តនៅសាលាបឋមសិក្សាចំនួនបីក្នុងខេត្តកំពង់ស្ពឺ។ បន្ទាប់ពីដំណាក់កាលសាកល្បង យើងនឹងធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍ និងអ្នកសម្រេចចិត្តនានាដើម្បីបង្កើតឧបករណ៍ងាយៗ ដែលនឹងជួយឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នាក្នុងការពង្រីកនូវការប្រើប្រាស់វិធីសាស្ត្រនេះទៅកាន់សាលាផ្សេងទៀតដើម្បីជួយដោះស្រាយបញ្ហាអាហារសម្រន់មិនល្អដែលមានលក់នៅតាមសាលារៀន។ ដំណើរការនិងជំហានក្នុងការអនុវត្តលើការកំណត់និងវិភាគបញ្ហា ការបង្កើតដំណោះស្រាយ ការសាកល្បងដំណោះស្រាយ ការពិភាក្សាលើលទ្ធផលការសាកល្បងដំណោះស្រាយ ការសម្រេចលើដំណោះស្រាយចុងក្រោយ និងការអនុវត្តដំណោះស្រាយនឹងត្រូវបានចងក្រងជាឯកសារគោលការណ៍មួយសម្រាប់ឱ្យសាលារៀននានាដែលមានការចាប់អារម្មណ៍លើដំណើរការនេះអាចធ្វើការអនុវត្តតាមក្នុងបំណងធ្វើអោយប្រសើរឡើងនូវចំណីអាហារ និងអាហារសម្រន់ដែលដាក់លក់តាមសាលារៀន»។    

លោក ទឹម គឹមលី នាយកសាលាបឋមសិក្សាជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានបញ្ជាក់ថា៖​ «ចំណេះដឹងរបស់គ្រូបង្រៀន សិស្សានុសិស្ស ក៏ដូចជាអ្នកលក់អាហារសម្រន់តាមសាលានៅមានកម្រិត។ ពួកគេចង់បានសុខភាពល្អគ្រប់គ្នា ហើយគិតថាអាហារដែលលក់តាមសាលាគឺជាអាហារល្អសម្រាប់សុខភាព ហើយមិនបានដឹងស៊ីជម្រៅថាអាហារទាំងនៅអាចប៉ះពាល់ដល់សុខភាពទេ។ ខ្ញុំយល់ថាគម្រោងថ្មីនេះនឹងអាចផ្តល់នូវចំណេះដឹងនិងដំណោះស្រាយសមស្របក្នុងការលើកកម្ពស់  សុខមាលភាពដល់សិស្សានុសិស្ស ព្រោះយើងនិងកំណត់នូវបញ្ហានិងដំណោះស្រាយដោយខ្លួនយើងផ្ទាល់»។

លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller បានប្រាប់ឱ្យដឹងទៀតថានាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ហេទ្បែន ខេលល័រ  អន្តរជាតិ នឹងរៀបចំសិក្ខាសាលាគម្រោងសាលាល្អ អាហារល្អ អនាគតល្អបវររុងរឿងនេះនៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីនាយកសាលា និងគ្រូបង្រៀន អាជ្ញាធរដែនដី បុគ្គលិកមណ្ឌលសុខភាព អាណាព្យាបាលសិស្ស សិស្សសាលា និងអ្នកលក់អាហារសម្រន់ សម្រាប់សិស្សសាលា។ គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺ៖ ទីមួយ ឧទេសនាមលើគម្រោងសាកល្បង «សាលាល្អ អាហារល្អ អនាគតល្អបវររុងរឿង» ទីពីរធ្វើបទបង្ហាញស្តីពីលទ្ធផលកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធកាលពីពេលថ្មីៗ នេះលើប្រធានបទអាហារសម្រន់ដាក់លក់នៅតាមសាលា និងទីបីពិភាក្សាលើបញ្ហាអាហារសម្រន់មិនល្អដែលរកឃើញនិងការបង្កើតដំណោះស្រាយលើជម្រើសលក់អាហារសម្រន់ដែលមានសុខភាពល្អដល់សិស្សានុសិស្ស៕

ប្រភព និងរូបភាពដោយ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller International-Cambodia)