ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អ្នកនាង ប្រាសាទ ដាវីន ដែលជាទូតសុឆន្ទៈលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាបានចូលរួមចែករំលែកបទពិសោធន៍ពីការបំបៅកូនដោយទឹកដោះរបស់អ្នកនាងផ្ទាល់ថា ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកនាងបានអានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងទស្សនាវដ្ដីជាច្រើន ព្រមទាំងបានតាមដានយ៉ាងយកចិត្តទុកដាក់ លើការផ្សព្វផ្សាយស្ពតរបស់ក្រសួងសុខាភិបាលអំពីគុណតម្លៃនៃទឹកដោះម្តាយដែលជាអាហារធម្មជាតិពិតៗ គ្មានជាតិគីមី។ ក្នុងពេលជាមួយគ្នានោះដែរ អ្នកនាងក៏បានទទួលព័ត៌មានពីប្រភពផ្សេងៗ ស្តីពីហានិភ័យក្នុងការបំបៅកូនដោយទឹកដោះគោម្សៅដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ការលូតលាស់រាងកាយ និងសតិបញ្ញាស្មារតីរបស់ទារក។
តាមរយៈព័ត៌មានទាំងអស់នេះ អ្នកនាងនិងស្វាមីបានធ្វើសេចក្តីសម្រេចចិត្ត និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងបំបៅកូនដោយទឹកដោះអ្នកនាងផ្ទាល់ឱ្យបានសម្រេច ព្រោះបំណងប្រាថ្នារបស់អ្នកនាងកូនដំបូងគឺជាកែវភ្នែក និងគ្រាប់ពេជ្រទាំងដុំ ត្រូវតែមានសុខភាពល្អ តាមរយៈការមិនផ្តល់អាហារមានជាតិគីមីដែលអាចប៉ះពាល់ដល់សុខភាព ភាពឆ្លាតវៃ និងអនាគតដ៏ល្អប្រសើររបស់គាត់។ ហើយម្យ៉ាងទៀតការបំបៅកូនដោយទឹកដោះម្តាយដែលជាអាហារធម្មជាតិពិតៗនេះ ត្រូវបានដូនតាខ្មែររាប់សិបជំនាន់មកហើយ រាប់ទាំងជំនាន់អង្គរផង បានអនុវត្តក្នុងការចិញ្ចឹមកូនចៅឱ្យមានសុខភាពល្អ និងមានភាពឆ្លាតវៃខ្ពស់ ព្រោះថាដូនតាជំនាន់នោះ អាចកសាងកម្ពុជាអច្ឆរិយ:មួយដែលមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញជាភស្តុតាងស្រាប់។
ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកនាងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការបិភោគរបបអាហារចម្រុះមុខធម្មជាតិដែលសម្បូណ៌ជីវជាតិដូចជា បន្លែពណ៌បៃតងចាស់ ផ្លែឈើពណ៌លឿង ត្រី សាច់ ស៊ុត អំបិលអ៊ីយ៉ូដជាដើម និងពិនិត្យផ្ទៃពោះបានទៀតទាត់តាមការណែនាំរបស់គ្រូពេទ្យ។ ការអនុវត្តន៍បែបនេះបានធ្វើឱ្យអ្នកនាងកើនទម្ងន់ឡើងរហូតដល់ជិត២០គីឡូក្រាម ដែលពេលនោះធ្វើឲ្យនាងខ្ញុំមានការបារម្ភក្នុងការសម្រាលកូន។ ប៉ុន្តែតាមរយៈការណែនាំរបស់គ្រូពេទ្យធ្វើឱ្យខ្ញុំបានដឹងថា ការកើនទម្ងន់ដូច្នេះ គឺបង្ហាញថាទារកក្នុងផ្ទៃ និងម្តាយមានសុខភាពល្អប្រសើរ ហើយការសម្រាលកូនក៏នឹងប្រព្រឹត្តទៅតាមធម្មតាដែរ។
ជាការពិតសុខភាពរបស់អ្នកនាងក្នុងអំឡុងពេលមានផ្ទៃពោះ មានលក្ខណៈល្អប្រសើរបំផុត គឺមិនដែលចាញ់ចំណីអាហារ និងមិនដែលឈឺអ្វីធ្ងន់ធ្ងរទាល់តែសោះ។ នៅពេលដែលអ្នកនាងសម្រាលកូន ការសម្រាលមានលក្ខណៈរលូនធម្មតា កូនរបស់នាងខ្ញុំមានទម្ងន់ជិត៥គីឡូក្រាម ហើយមើលទៅគាត់ហាក់មានសុខភាពល្អណាស់នៅពេលនោះ។ ដោយមានស្វាមីនិងក្រុមគ្រួសារដ៏កក់ក្តៅគាំទ្រ លើកទឹកចិត្តនៅជុំវិញខ្លួន រួមទាំងចំណេះដឹងខ្លួនឯងផងនោះ អ្នកនាងបានអនុវត្តដោយផ្ទាល់ក្នុងការបំបៅកូនដោយទឹកដោះខ្លួនឯងសុទ្ធតែម្តង ចាប់ពីថ្ងៃផ្តល់កំណើតកូនជាលើដំបូងរហូតដល់កូនអ្នកនាងអាយុបានជាងប្រាំខែ។ នៅពេលកូនមានអាយុបានជាងប្រាំខែ អ្នកនាងក៏បានចាប់ផ្ដើមបញ្ចុកអាហារទន់ៗដូចជាចេកទុំ ល្ហុងទុំ បបរលាយជាមួយត្រីស៊ុត និងបន្លែខ្លះៗ ព្រមទាំងចាប់ផ្តើមបញ្ចុកទឹកសុទ្ធដល់គាត់ផងដែរ ហើយក៏នៅតែបន្តបំបៅកូនដោយទឹកដោះរហូតដល់គាត់មានអាយុ ១ឆ្នាំកន្លះនេះ។
តាមរយៈការសង្កេតរបស់អ្នកនាងផ្ទាល់ឃើញថាកូនអ្នកនាងពុំដែលមានបញ្ហារាករូស ទល់លាមក ក្អួតចង្អោរ ផ្តាសាយ ក្តៅខ្លួន ហៀរសំបោរ ឈឺថ្កាត់អ្វីធ្ងន់ធ្ងរ ឬក៏សម្រាកនៅមន្ទីរពេទ្យដូចកូនគេដ៏ទៃទៀតនោះទេ។ ហើយមួយវិញទៀត ជារឿងគួរឱ្យកត់សម្គាល់ ការលូតលាស់ផ្នែករាងកាយរបស់កូនគឺល្អប្រពៃ មិនថ្លោសពេកទេតែមានសាច់ណែនល្អ មានកម្លាំងខ្លាំងក្លា សម្បុរស្បែកស្រស់ស្អាត និងលូតកម្ពស់លឿន។ ឯភាពវ័យឆ្លាតរបស់កូនវិញ គឺគាត់ឆ្លាតវៃមុនអាយុ សកម្មខ្លាំងមែនទែន ចេះសើច ចេះដើរមុនកូនអ្នកដទៃដែលមានអាយុស្មើរគ្នា ហើយចេះហាត់ប្រាណតាមឪពុកម្តាយទៀតផង។
ម្យ៉ាងទៀតអ្នកនាងសង្កេតឃើញថាការអនុវត្តន៍ការបំបៅដោះកូនដោយផ្ទាល់ធ្វើឱ្យដើមទ្រូង និងសុដន់របស់អ្នកនាងកាន់តែស្រស់ស្អាតពោលគឺមិនដូចអ្វីដែលអ្នកនាងបានឮនៅមុនពេលសម្រាលនោះទេ។ អ្នកនាងបានបញ្ជាក់ថាមានការរារែកចិត្តខ្លះដែរនៅមុនពេលសម្រាលដោយសារតែបញ្ហានេះ។ ជាការពិតដើមទ្រូង និងសុដន់ក៏ដូចជារាងកាយរបស់អ្នកនាងដែលជាអ្នកសម្តែងម្នាក់ដែរ ពុំដែលបានកែសម្ផស្សអ្វីទាល់តែសោះ នេះក៏ដោយសារតែអ្នកនាងស្រលាញ់រូបរាងធម្មជាតិខ្លួនឯងពិតៗ។ ក្រៅពីនេះការបំបៅកូនដោយទឹកដោះអ្នកនាងផ្ទាល់បានធ្វើឱ្យអ្នកនាង និងស្វាមីមានលក្ខណៈងាយស្រួល មានអារម្មណ៍រីករាយគ្រប់ពេល គ្មានសម្ពាធអ្វីទាំងអស់ គឺអាចបំបៅដោះកូនបានគ្រប់កាល:ទេស: ទាំងនៅផ្ទះ ទាំងនៅកន្លែងដទៃទៀត ដោយមិនចាំបាច់ចំណាយពេលវេលាដាំទឹក លាងដប រៀបចំបំបៅ មិនព្រួយបារម្ភខ្លាចកូនឈឺដូចកូនអ្នកដទៃដែលបៅទឹកដោះគោម្សៅកន្លងមកព្រមទាំងមិនចំណាយថវិការគ្រួសារលើទឹកដោះគៅម្សៅផងដែរ។
ជាការពិតមួយដោយមានការជឿជាក់លើការបំបៅកូនដោយទឹកដោះម្តាយ ដែលជាអាហារធម្មជាតិពិតៗ គ្មានជាតិគីមីអ្នកនាងបានបដិសេធក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលទឹកដោះគោម្សៅរបស់ក្រុមហ៊ុនមួយចំនួននាពេលកន្លងមកដោយមានហេតុផល៣យ៉ាងគឺ៖ ទីមួយ កូនរបស់អ្នកនាងមិនធ្លាប់ប្រើផលិតផលទឹកដោះគោម្សៅទាល់តែសោះ អ្នកនាងមិនដឹងថាផលិតផលនោះមានគុណភាព ឬផលប៉ះពាល់កម្រិតណាដល់សុខភាពកុមារ។ ទីពីរដោយសារកូនខ្លួនឯងមិនបានប្រើផលិតផលទាំងនោះ ហើយខ្លួនធ្វើការផ្សព្វផ្សាយថាផលិតផលនោះមានគុណភាពល្អ ធ្វើឱ្យកូនមានសុខភាពល្អ ធ្វើឱ្យកូនមានភាពវៃឆ្លាត រៀនពូកែ ខ្ញុំគិតថាទង្វើនេះពិតជាគ្មានគុណធម៌ និងក្រមសីលធម៌វិជ្ជាជីវៈទេ ហើយបើផលិតផលទាំងនោះបែរជាមានផលប៉ះពាល់ដល់សុខភាពកុមារបន្ទាប់ពីប្រើប្រាស់ វានឹងធ្វើឱ្យយើងជាអ្នកផ្សព្វផ្សាយក៏ប៉ះពាល់ដល់កេរឈ្មោះកិត្តិយស និងខកចិត្តសោកស្តាយទៅវិញទេ និងទីបី ដោយមើលឃើញគុណភាពរបស់ទឹកដោះម្តាយជាក់ស្តែងពេក អ្នកនាងចង់ចូលរួមផ្សព្វផ្សាយការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ ឱ្យមានការយល់ដឹងបានទូលំទូលាយក្នុងចំណោមសាធារណជនដើម្បីសុខភាព សុវត្ថិភាព និងអនាគត ដ៏បវររបស់កុមារកម្ពុជាយើង។ កត្តាទាំងនេះហើយដែលបានធ្វើឱ្យអ្នកនាងសម្រេចស្មគ្រចិត្តធ្វើជាទូតសុឆន្ទៈរបស់អង្គការ Helen Keller ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ។
តាមពិតដំបូងឡើយអ្នកមានផែនការបំបៅដោះកូនតែក្នុងរយៈពេល៦ខែតែប៉ុណ្ណោះ តែដោយមានការលើកទឹកចិត្តពីស្វាមី និងអ្នកនៅជុំវិញខ្លួន និងដោយសង្កេតឃើញពីផលប្រយោជន៍ និងគុណតម្លៃពិតៗ លើការបំបៅកូនដោយទឹកដោះម្តាយដោយខ្លួនឯងផ្ទាល់អ្នកនាងក៏បានបន្តបំបៅរហូតដល់កូនអាយុបាន១ឆ្នាំកន្លះ។ បទពិសោធន៍មួយទៀតដែលអ្នកនាងសូមចែករំលែកនៅពេលនេះគឺថាមុនពេលអ្នកនាងចេញទៅធ្វើការងារជារៀងរាល់ថ្ងៃ អ្នកនាងបានធ្វើការបូមទឹកដោះទុកជាប្រចាំដើម្បីឱ្យអ្នកថែទាំបំបៅកូន ហើយពេលត្រឡប់មកពីធ្វើការវិញ អ្នកនាងបានអនុវត្តបំបៅដោះកូនជាធម្មតា។
ដូច្នេះថ្ងៃនេះផងដែរអ្នកនាងមានសេចក្តីរីករាយចូលរួមសូមអបអរសាទរ និងថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល និងអង្គការដៃគូដែលបានផ្តួចផ្តើមបង្កើតបន្ទប់បំបៅដោះកូនគំរូលើកដំបូងនៅទីនេះដើម្បីផ្តល់ការលើកទឹកចិត្ត និងផ្តល់ឱកាសដល់ម្តាយៗ ដែលបំរើការងារ ហើយមានកូនតូចអាចមានកន្លែងសមរម្យ និងបរិយាកាសល្អប្រសើរ ដើម្បីបន្តការបំបៅដោះកូនបន្តទៀត ទោះបីពួកគាត់ត្រឡប់ទៅធ្វើការវិញក៏ដោយ។
ឆ្លៀតក្នុងឱកាសនេះអ្នកនាងបានស្នើរសុំលោកជំទាវបណ្ឌិត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ម្ចាស់ជំនួយ អង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់ សូមមេត្តាពិចារណាក្នុងការសម្របសម្រួលបង្កបរិយាកាសល្អប្រសើរដល់ស្រ្តីដែលជាម្តាយគ្រប់រូប បានបន្តការបំដៅកូនដោយទឹកដោះម្តាយទោះបីពួកគាត់ត្រឡប់មកធ្វើការវិញក៏ដោយ ពោលគឺសម្រួលឱ្យមានបន្ទប់សមរម្យសម្រាប់ស្ត្រីបំបៅដោះកូនផ្ទាល់ និងមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ដូចជា ទូទឹកកក តុ កៅអី ម៉ាស៊ីនបូមទឹកដោះជាដើមនៅកន្លែងធ្វើការជាការលើកទឹកចិត្តស្រ្តីក្នុងការបំបៅដោះកូន៕
ប្រភព៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller International-Cambodia)