ភ្នំពេញ៖ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់បំបៅដោះកូនគំរូ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ គឺបេសកម្មដ៏ចម្បងរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកគឺ ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងធ្វើឱ្យប្រសើរឡើងនូវសុខភាពបន្តពូជតាមរយៈការរៀបចំពិធីសារនិងគោលការណ៍ណែនាំ ការបណ្តុះបណ្តាលក្នុងប្រព័ន្ធ និងការត្រួតពិនិត្យសេវាសុខភាពផ្លូវភេទ និងបន្តពូជ។ កម្មវិធីជាតិអាហារូបត្ថម្ភនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកគឺជាកម្មវិធីរបស់ក្រសួងសុខាភិបាលឈានមុខគេក្នុងការលើកកម្ពស់អាហារូបត្ថម្ភក្នុងវិស័យសុខភាពសាធារណះរបស់កម្ពុជា។ គោលដៅចម្បងរបស់កម្មវិធីគឺ ចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពរបស់មាតា ទារក និងកុមារ តាមរយៈធ្វើឲ្យមានភាពប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភស្ត្រីនិងកុមារ ដូចជា៖ ការគាំពារ លើកកម្ពស់ និងគាំទ្រ ការអនុវត្តន៏ការចិញ្ចឹមទារក និងកុមារតូចជាពិសេសការបំបៅកូនដោយទឹកដោះម្តាយ អាហារូបត្ថម្ភសម្រាប់មាតាជាដើម។
ការធានាបាននូវអាហារូបត្ថម្ភល្អបំផុតក្នុងឱកាសមាស១០០០ថ្ងៃដំបូងនៃជីវិតកុមារ ពោលគឺចាប់ពីពេលបង្កកំណើតរហូតដល់កុមារមានអាយុ២ឆ្នាំនឹងមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់សុខភាព ក៏ដូចជាការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍសតិបញ្ញាស្មារតីរបស់កុមារ។ ប្រសិនបើកុមារមានបញ្ហាអាហារូបត្ថម្ភក្នុងអំឡុងពេលដ៏សំខាន់នេះ នោះយើងមិនអាចកែខៃ និងត្រឡប់ក្រោយដើម្បីជួសជុលការលូតលាស់រាងកាយ និងសតិបញ្ញាស្មារតីរបស់ពួកគេបានទេ។ ឆ្លើយតបទៅនឹងបញ្ហាដ៏មានសារៈសំខាន់នេះ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកជានិច្ចកាលបានផ្តល់អាទិភាពខ្ពស់ក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់មាតា ទារកនិងកុមារ ជាពិសេសបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដែលក្រសួងសុខាភិបាល និងរាជរដ្ធាភិបាលកម្ពុជាបានចាត់ទុកជាអទិភាពចម្បងនៅឯកិច្ចប្រជុំកំពូលនាទីក្រុងតូក្យូស្តីពី អាហារូបត្ថម្ភដើម្បីកំនើន កាលពីពេលថ្មីៗនេះ។
ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឲ្យបានដល់៨៥% នៅឆ្នាំ២០៣០ នៅពេលថ្មីៗនេះ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានផ្តួចផ្តើមគំនិតក្នុងការបង្កើតបន្ទប់បំបៅដោះកូន និងទារកដ្ឋានដើម្បីសម្រួលដល់ម្តាយដែលបំរើការការងារនៅមជ្ឈមណ្ឌលនេះផ្ទាល់ក៏ដូចជាម្តាយមកពិនិត្យសុខភាពដែលមានកូនតូចមកជាមួយ អាចមានកន្លែងសមរម្យក្នុងការបន្តបំបៅដោះកូនប្រកបដោយអារម្មណ៍កក់ក្តៅ។ តបតាមសំណើរបស់មជ្ឈមណ្ឌល អង្គរការ Helen Keller ក៏បានផ្តល់បច្ចេកទេសក្នុងការរៀបចំបន្ទប់ និងបំពាក់ឧបករណ៏សម្ភារៈបានយ៉ាងសមរម្យដើម្បីបំរើដល់ការបំបៅដោះកូន។
បន្ទប់ដែលបានរៀបចំនេះ បានផ្តល់នូវកន្លែងបំបៅចំនួន៤កន្លែង ពោលគឺអាចឲ្យម្តាយចំនួន៤នាក់ ធ្វើការបំបៅដោះកូនក្នុងពេលតែមួយ ដែលរចនាតាក់តែងឡើងដោយមានសម្ភារៈប្រកបដោយផាសុកភាព និងមានលក្ខខណៈឯកជនសម្រាប់ម្តាយ។ លើសពីនេះ ម្តាយដែលទុកកូននៅឯផ្ទះ ក៏អាចប្រើប្រាស់បន្ទប់នេះដើម្បីច្របាច់ឬបូមទឹកដោះ ហើយរក្សាទុកទឹកដោះរបស់ខ្លួននៅក្នុងទូរទឹកកកនៅទីនោះ មុនពេលយកវាត្រឡប់ទៅផ្ទះវិញ។ នៅក្នុងបន្ទប់បំបៅនីមួយៗ មានរចនាវាំងននដ៏ស្រស់ស្អាតជាមួយនឹងរូបភាព និងថូផ្កាដ៏ទាក់ទាញដែលអាចធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ស្រស់ថ្លាក្នុងការបំបៅកូន។ បន្ថែមលើនេះ បន្ទប់បំបៅក៏មាន តុ កៅអី ទូសម្ភារៈអប់រំ សៀវភៅកត់ត្រា ម៉ាស៊ីនទឹកក្តៅសម្រាប់ម្តាយ ម៉ាស៊ីនបូមទឹកដោះ និងឡាបូលាងដៃជាមួយនឹងសាប៊ូផងដែរ។ ដោយឡែកនៅបន្ទប់ទារកដ្ធានវិញ យើងបានធ្វើការរចនាដោយរូបភាពផ្សេងៗ និងមានរបស់របរសម្រាប់ក្មេងៗ លេងទៀតផង។ សម្រាប់អ្នកថែទាំកុមារនៅទារកដ្ធាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានចាត់ចែងឲ្យមានអ្នកថែទាំសមរម្យដើម្បីធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់។
លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៃក្រសួងសុខាភិបាល បានលើកឡើងថា៖ «ក្នុងនាមមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ធនាគារ និងកន្លែងធ្វើការដ៏ទៃទៀត មេត្តាពិចារណាក្នុងការរៀបចំបន្ទប់បំបៅដោះកូន ដើម្បីសម្រួលឲ្យស្ត្រីដែលត្រឡប់មកធ្វើការវិញអាចបន្តការបំបៅដោះកូនតទៅទៀតបានស្របតាមមាត្រា១៨៤ ១៨៥ និង ១៨៦នៃច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជាយើង។ ម្យ៉ាងទៀត ប្រសិនបើស្ថាប័ននិមួយៗ យកចិត្តទុកដាក់លើកទឹកចិត្ត និងសម្រួលឲ្យស្ត្រីបន្តបំបៅដោះកូននៅកន្លែងធ្វើការបន្តទៀត នោះយើងអាចមានសង្ឃឹមថាអាត្រាការបំបៅកូនដោយទឹកដោះម្តាយនឹងមានសន្ទុះកើនឡើងវិញ ដោយសារមានម្តាយជាច្រើនបានបោះបង់ការបំបៅដោះកូននៅ ពេលដែលពួកគេត្រលប់មកធ្វើការវិញ»។
គម្រោងការលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារគាំទ្រដោយអង្គការ Helen Keller និងគម្រោង MUSEFO ដែលផ្តួចផ្តើមគំនិតជជែក និងពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងការពិចារណាការសម្រួលខ្លឹមសារខ្លះៗ លើរយៈពេលលំហែមាតុភាព និងតម្រូវការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើលើអត្ថប្រយោជន៍សម្រាប់ពេលលំហែមាតុភាព ដែលមានចែងក្នុងច្បាប់ការងារកម្ពុជា ពីព្រោះការសម្រួលខ្លឹមសារនេះពិតជានឹងផ្តល់ឱកាសដល់ស្រ្តីជាម្តាយអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលផង និងស្របតាមការប្តេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជាផង៕
ប្រភព៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller International-Cambodia)