ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៦៤,០៨៦ ដុល្លារអាមេរិកដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ «ជំនួយឥតសំណងគូសាណូណិ»។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទំាងបី ដើម្បីអនុវត្តគម្រោងដូចតទៅ៖
១. គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាព
ពលកម្មកាយសម្បទាខេត្តក្រចេះ ក្នុងខេត្តក្រចេះ (ថវិកាចំនួន ៩២,៣៩០ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ
ជំនួយឥតសំណងនេះនឹងត្រូវបានប្រើសម្រាប់ដំឡើងឧបករណ៍ចំនួន ១៥ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិម្មិតនិងរណប និងឧបករណ៍ចំនួន៧ប្រភេទទៀតសម្រាប់ការព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ (PRC) ក្នុងខេត្តក្រចេះ។ PRC នេះ បាននិងកំពុងប្រឈមនឹងបញ្ហាមួយចំនួន ដោយសារការខួចសឹករេចរិលនៃឧបករណ៍ដែលចាំបាច់សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងរណប ព្រមទាំងកង្វះឧបករណ៍សម្រាប់សកម្មភាពស្តារនីតិសម្បទា។ តាមរយៈគម្រោងនេះ យើងរំពឹងថា អ្នកជំងឺប្រហែល ៥០០នាក់ ដែលមកព្យាបាលនៅ PRC នេះជារៀងរាល់ឆ្នាំ នឹងទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងគុណភាពឧបករណ៍សិប្បនិម្មិត និងរណបដែលមានភាពប្រសើរជាងមុន។
២. គម្រោងសាងសង់ឡើងវិញស្ថានីយផលិតទឹកស្អាតខ្នាតតូចនៅឃុំចំនួន ៧ក្នុងខេត្តភាគពាយ័ព្យចំនួន៣ និងឃុំចំនួន១ក្នុងខេត្តភាគកណ្ដាលចំនួន១ (ថវិកាចំនួន ៨៣,២៥៦ ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការទឹកស្អាត១០០១
ជំនួយនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ឡើងវិញនូវស្ថានីយផលិតទឹកស្អាតខ្នាតតូចចាស់ៗ និងការដំឡើងឧបករណ៍ចាំបាច់ នៅក្នុងឃុំចំនួន៨ ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងព្រៃវែង។ អង្គការទឹកស្អាត១០០១ បាននិងកំពុងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកបរិភោគដែលមានសុវត្ថិភាពទាំងស្រុង នៅតាមភូមិជនបទនានាក្នុងប្រទេសកម្ពុជា តាមរយៈការដំឡើងរោងចក្រចម្រោះទឹក។ តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋជាង៧៨,០០០នាក់ នៅក្នុងតំបន់គោលដៅ នឹងអាចទទួលបានល្អប្រសើរជាងមុន នូវទឹកបរិភោគដែលមានសុវត្ថិភាព និងតម្លៃសមរម្យ។
៣. គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅសាលារៀនក្តីសង្ឃឹមកាណានក្នុងខេត្តកំពង់ឆ្នាំង (ថវិកាចំនួន ៨៨,៤៤០ ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ សាលារៀនក្តីសង្ឃឹមកាណាន
ក្នុងគម្រោងនេះ ម៉ាស៊ីនផលិតទឹកចេញពីបរិយាកាសចំនួន៤ និងអាគុយលីចូមចំនួន១ នឹងត្រូវបានដំឡើងនៅសាលារៀនក្តីសង្ឃឹមកាណាន ក្នុងខេត្តកំពង់ឆ្នាំង។ នៅសាលារៀននេះ សិស្សជាច្រើនជួបការលំបាកក្នុងការទទួលបានទឹកបរិភោគដែលមានសុវត្ថិភាព ពីព្រោះទឹកអណ្តូងដែលពួកគេតែងតែប្រើប្រាស់មានជាតិកខ្វក់។ តាមរយៈគម្រោងនេះ យើងរំពឹងថាសិស្សចំនួន៥៦០នាក់ និងគ្រូបង្រៀនចំនួន៦០នាក់ នឹងអាចបរិភោគទឹកស្អាតបាន។ លើសពីនេះ គម្រោងនេះអាចផ្តល់ឱកាសឱ្យពួកគេទទួលបានចំណេះដឹងអំពីអនាម័យ និងទទួលបានបទពិសោធន៍ពីបច្ចេកវិទ្យាទំនើប។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជា សហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៦៥លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៦១គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាលេខទូរសព្ទ័ះ៖ ០២៣-២១៧-១៦១ ទូរសារ៖ ០២៣-២១៤-៣៣០ និងអុីម៉ែល៖ [email protected]
គេហទំព័រ៖ http://www.kh.emb-japan.go.jp
ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា