ភ្នំពេញ៖ គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីសកលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការពង្រឹងភាពធន់នឹងអាកាសធាតុ ក្រោមគំនិតផ្តួចផ្តើមពិសេសស្តីពីពិភពលោកមួយគ្មានភាពអត់ឃ្លាន (One World, No Hunger Initiative) របស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ ចនិងអភិវឌ្ឍន៏នៃសាធារណៈរដ្ឋសហពន្ឋ័អាល្លឺម៉ង់ តាមរយៈអង្គការ ជី អាយ ហ្សីត។ គម្រោងនេះ បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងភាពអត់ឃ្លាននៅក្នុងពិភពលោក ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់កុមារ និងស្រ្តីក្នុងវ័យបន្តពូជ។
ដោយឡែកនៅប្រទេសកម្ពុជា គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា MUSEFO គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋសហពន្ឋ័អាល្លឺម៉ង់ តាមរយៈអង្គការ ជី អាយ ហ្សីត ដែលបានចុះកិច្ចព្រមព្រៀងអនុវត្តជាមួយរាជរដ្ធាភិបាលកម្ពុជា តំណាងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ មនិងជនបទ។ គម្រោង MUSEFO នេះ បានចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ របស់ជនក្រីក្រនិងជនងាយរងគ្រោះ ពិសេសកុមារ និងស្រ្តីក្នុងវ័យបន្តពូជនៅក្នុងខេត្តកំពត និងកំពង់ធំ តាមរយៈ ទី១. ការផ្តល់សេវាលើកកម្ពស់សុខភាពនិងសេវាអាហារូបត្ថម្ភ។ ទី២. ការធ្វើកសិកម្មដោយគិតគូរដល់អាហារូបត្ថម្ភតាមរយៈការបង្កើនផលិតកម្មកសិកម្មចម្រុះមុខដំណាំសម្រាប់បរិភាគក្នុងគ្រួសារផង និងលក់នៅលើទីផ្សារផង។ ទី៣. ការផ្តល់ចំណេះដឹង និងធ្វើសកម្មភាពដើម្បីផ្លាស់ប្តូរឥរិយាបទបុគ្គលនិងសង្គម និងទី៤. អភិបាលកិច្ចលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
គម្រោង MUSEFO ក៏បានជួយដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការអនុវត្តនូវផែនការសកម្មភាពនានា នៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា ព្រមទាំងជួយកសាងសមត្ថភាពរបស់គ្រូបង្គោលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ធ្វើការបណ្តុះបណ្តាលបន្តនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ នៅពេលបច្ចុប្បន្ននេះ គម្រោងក៏នៅជួយផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ទៅដល់ថ្នាក់ក្រោមជាតិ ជួយគាំទ្រការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដូចជា៖ ការផ្តល់កញ្ចប់អាហារជូនស្រ្តីមានផ្ទៃពោះ ការផលិតវីដេអូអប់រំ និងការប្រមូលទិន្នន័យពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ទៅលើការទទួលបានស្បៀង ការមានស្បៀង និងប្រាក់ចំណូលគ្រួសារនីមួយៗ ជាដើម។ លើសពីនេះ គម្រោងបានជួយរៀបចំកិច្ចសន្ទនាថ្នាក់ជាតិស្តីពីប្រព័ន្ធស្បៀងនៅកម្ពុជានិងផ្តល់សម្ភាៈ Video Conference សម្រាប់ ២៤ខេត្តនិងជួយកសាងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ លើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។
ដោយឡែកនៅខេត្តកំពត និងកំពង់ធំគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា បានចូលរួមចំណែកបង្កើនការមានស្បៀង និងការទទួលបានស្បៀងដែលមានសារៈជាតិចិញ្ចឹម តាមរយៈការបង្កើនផលិតកម្មកសិកម្មចម្រុះ និងធ្វើឱ្យប្រសើរឡើងនូវសេវាអាហារូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ តាមរយៈការធ្វើឱ្យប្រសើរឡើងកម្មវិធីជាតិអាហារូបត្ថម្ភ ពិសេសជួយដល់មន្ទីរសុខាភិបាល មណ្ឌលសុខភាពខេត្តកំពត និងកំពង់ធំ ដើម្បីបង្កើតជាយន្តការផ្តល់ប្រឹក្សាលើបញ្ហាអាហារូបត្ថម្ភ។ គម្រោងបាននិងកំពុងជួយដល់ក្រុមគាំទ្រសុខភាពភូមិ ក្រុមប្រឹក្សាឃុំ តាមរយៈការផ្តល់សេវាអប់រំអាហារូបត្ថម្ភ និងការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ ការរស់នៅស្អាត និងរបៀបធ្វើម្ហូបឱ្យមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារ។
ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបានអត្រាការបំបៅកូនដោយទឹកដោះម្តាយឱ្យបាន ៨៥% នៅត្រឹមឆ្នាំ២០៣០ គម្រោង GIZ MUSEFO បានសហការជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំដំណើរការសាកល្បងការអនុវត្តគម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ។ គម្រោងនេះនឹងផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគាត់មានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជាការអប់រំអាហារូបត្ថម្ភ និងអនាម័យ ការអប់រំការចិញ្ចឹមទារក និងកុមារ ការប្រឹក្សាលើរបបអាហារ និងសុខភាពស្រ្តីនិងច្បាប់ការងារ។ បន្ថែមលើនេះគម្រោងក៏នឹងផ្តល់ជូននូវដំណោះស្រាយសមស្របដែលអនុញ្ញាតឱ្យនិយោជិកជាស្ត្រីនៅតែអាចបន្តបំបៅកូនដោយទឹកដោះម្តាយនៅពេលពួកគាត់ត្រឡប់មកពីធ្វើការវិញ។
គម្រោង GIZ MUSEFO បានសហការជាមួយ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (RACHA) ធ្វើការអន្តរាគមន៍ផ្តោតលើស្ត្រីក្នុងវ័យបន្តពូជជាពិសេសស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនដោយទឹកដោះម្តាយ អ្នកថែទាំ បុរសជាប្តី និងសមាជិកគ្រួសារជាបុរសដែលមានកូនអាយុក្រោម២ឆ្នាំ ដើម្បីឱ្យពួកគាត់មានចំណេះដឹង និងមានការផ្លាស់ប្តូរឥរិយាបថនៅក្នុងសហគមន៍ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីអភិបាលកិច្ចអាហារូបត្ថម្ភសហគមន៍ ជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាឃុំដាក់បញ្ចូលសកម្មភាពអាហារូបត្ថម្ភដែលទាក់ទងនឹងកសិកម្ម អនាម័យទៅក្នុងផែនការវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ចងក្រងក្រុមយុវសិល្បៈសហគមន៍ដើម្បីជួយផ្សព្វផ្សាយសារសុខភាពស្តីពីអាហារូបត្ថម្ភ ការបរិភោគអាហារចម្រុះ ក៏ដូចជាការការពារការចម្លងជម្ងឺកូវីត១៩ រៀបចំទិវាផ្សេងៗ នៅសហគមន៍ដូចជា ទិវាសប្តាហ៍ពិភពលោកបំបៅដោះកូនដោយទឹកដោះម្តាយ ទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ និងចូលរួមក្នុងយុទ្ធនាការ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុស-១៩» ជាដើម៕
ប្រភព៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller International-Cambodia)