ភ្នំពេញ៖ H&M ជាយីហោម៉ូដសម្លៀកបំពាក់អន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោក គ្រោងនឹងបើកហាងដំបូងរបស់ខ្លួននៅផ្សារទំនើប AEON Mall ភ្នំពេញ នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសពត៌មានរបស់ H&M ហាងម៉ូដសម្លៀកបំពាក់អន្តរជាតិដែលលោកអ្នកបានទន្ទឹងរង់ចាំជាយូរមកហើយនឹងបើកបង្ហាញខ្លួននៅផ្សារទំនើប AEON Mall ភ្នំពេញ។ ហាងនេះមានផ្ទៃក្រឡាទំហំ ១,៧៩៨ ម៉ែត្រការ៉េ ដែលលាតសន្ធឹងខាងលើពីរជាន់។
ហាងថ្មីនេះនឹងមានម៉ូដសម្លៀកបំពាក់ជាច្រើនសម្រាប់ បុរស ស្ត្រី យុវវ័យ និងកុមារ។ អតិថិជននឹងរីករាយក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុតប្រចាំនិទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ២០២២ នេះ។
លោក Philippe Lassaux នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងនៅប្រទេសកម្ពុជា និងរទេសថៃ បាននិយាយថា៖ «H&M មានសេចក្តីសោមនស្សរីករាយក្នុងការបើកហាងដំបូងគេនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងជំរុញអតិថិជនដែលនិយមម៉ូដសម្លៀកបំពាក់របស់យើងនៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួនរបស់ពួកគេ ហើយស្របតាមការសន្យារបស់អតិថិជន H&M ម៉ូដ និងគុណភាពក្នុងតម្លៃល្អបំផុតប្រកបដោយនិរន្តរភាព»។
សម្រាប់អតិថិជនមួយនាក់ដំបូងគេនឹងទទួលបានប័ណ្ណ Voucher Rewarded ដែលមានតម្លៃស្មើនឹង ១,០០០ ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទី២ និងទី៣ នៅក្នុងជួរនឹងទទួលបានរង្វាន់តម្លៃ ៥០០ដុល្លារ សម្រាប់ការទិញទំនិញនៅក្នុងហាង។
អតិថិជនទី៤ ដល់ទី៦ នៅក្នុងជួរនឹងទទួលបានរង្វាន់ជាប័ណ្ណដែលមានតម្លៃ ៣០០ដុល្លារ សម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទី៧ ដល់ទី១៦ នៅក្នុងជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ ១០០ដុល្លារ សម្រាប់ការទិញទំនិញនៅក្នុងហាង។ លើសពីនេះទៅទៀត អតិថិជនទី១៧ ដល់៣៦ នៅក្នុងជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ ២៥ដុល្លារ ហើយអតិថិជន ២៥០នាក់បន្ទាប់នឹងទទួលបានប័ណ្ណដែលមានតម្លៃ ១៥ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។
អត្ថបទ៖ ពាណិជ្ជកម្ម