ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៧៩៩,១៦៦ ដុល្លារអាមេរិក សម្រាប់គម្រោងចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន សម្រាប់អនុវត្តគម្រោងដូចតទៅ៖
១. គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី២) (ថវិកាជំនួយ ៩០០,៧៨៧ ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិចតា ព្រមទាំងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធិភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម ទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ លើសពីនេះ អ្នកជំនាញកសិកម្មនឹងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។
២. គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី២) (ថវិកាចំនួន ៨៩៨,៣៧៩ ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការ JMAS
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៥០ ហិចតា ព្រមទាំងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថភាពក្នុងការបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅអង្គការ CMAC។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ មិនតែប៉ុណ្ណោះ អង្គការនឹងគាំទ្រកសិករតាមរយៈការបង្រៀនបច្ចេកទេសដាំដុះស្រូវ និងការបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អង្គការសកម្មភាពកំចាត់មីន ជប៉ុន (JMAS) បានអនុវត្តគម្រោងបោសសម្អាតមីនតាំងពីឆ្នាំ២០0២មកម្លេះ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) ហើយបានបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់ពាន់គ្រាប់។ លើសពីនេះទៀត ចាប់តាំងពីឆ្នាំ២០១៩មក JMAS បានផ្តល់ជំនួយផ្នែកកសិកម្ម ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋដែលរស់តំបន់ដែលគ្រាប់មីននិង យុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានបោសសម្អាតហើយ។ ថ្ងៃនេះរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាសរុបប្រមាណ ១លាន ៨សែនដុល្លារ អាមេរិក សម្រាប់ អនុវត្ត០២គម្រោង នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យដោយមួយគម្រោងទទួលបានប្រមាណ៩០ ម៉ឺនដុល្លារអាមេរិក។
ចាប់តាំងពីឆ្នាំ ១៩៩៨ មក រដ្ឋាភិបាលជប៉ុនបានគាំទ្រដល់សកម្មភាពកំចាត់មីននៅកម្ពុជា តាមរយៈគម្រោង ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ ជាច្រើន ដែលទឹកប្រាក់សរុបប្រមាណជា ២០០លានដុល្លារអាមេរិក។ ជាជាក់ស្តែងយើងបានគាំទ្រដោយផ្ទាល់ដល់សកម្មភាពកំចាត់មីននានារបស់ CMAC តាមរយៈជំនួយឥតសំណង។ ម្យ៉ាងវិញទៀត តាមរយៈទីភ្នាក់ងារ JICA យើងបានផ្តល់ជំនួយឥតសំណង៧ដំណាក់កាលរួចមកហើយដើម្បីផ្តល់ឧបករណ៍ចាំបាច់សម្រាប់សកម្មភាពកំចាត់មីន។ កាលពីខែតុលា យើងបានចុះហត្ថលេខាលើខិតប្ដូរសារ ជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន (CMAA) ដើម្បីផ្ដល់រថយន្តសម្រាប់រុករកមីន។ រដ្ឋាភិបាលជប៉ុនបានគាំទ្រគម្រោងរបស់ JMAS មិនត្រឹមតែ២គម្រោងដែលបានចុះហត្ថលេខានៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងដូចជាការផ្ទេរជំនាញកំចាត់មីន និងការពង្រឹងសមត្ថភាពរបស់ CMAC តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយ JMAS ផងដែរ។ តាមរយៈគម្រោងទាំងនេះ សមត្ថភាពរបស់ CMAC ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវបានពង្រឹង ហើយ CMAC បាននឹងកំពុងចែករំលែកចំណេះដឹងរបស់ពួកគេជាមួយប្រទេសដទៃទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈកិច្ចសហប្រតិបត្តិការភាគខាងត្បូងនិងខាងត្បូង។
រដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅខ្ពស់ក្នុងការកំចាត់គ្រាប់មីនប្រឆាំងមនុស្សឱ្យអស់ត្រឹមឆ្នាំ២០២៥ នៃអនុសញ្ញាអូតាវ៉ា។ សកម្មភាពរបស់ CMAC គឺមិនអាចខ្វះបានសម្រាប់ការសម្រេចបាននូវគោលដៅនេះ ហើយយើងជឿជាក់ថាគម្រោងដែលអនុវត្តដោយ JMAS រួមជាមួយ CMAC ក៏មានសារៈសំខាន់ផងដែរ។
តាមរយៈគម្រោងទាំងពីរនេះ យើងសង្ឃឹមថាជំនាញកំចាត់មីនមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់ CMAC នឹងកាន់តែប្រសើរបន្ថែមទៀត ការរងគ្រោះរបស់ប្រជាជនដែលបណ្តាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនឹងកាត់បន្ថយបន្ថែមទៀត ហើយជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់រងគ្រោះដោយសារគ្រាប់មីននឹងកាន់តែសម្បូរបែប។
ខ្ញុំសង្កេតឃើញថានាពេលថ្មីៗ នេះ ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដែលរួមមានវិស័យសុខា ភិបាល និងបរិស្ថានអប់រំ។
រដ្ឋាភិបាលជប៉ុនបានផ្តល់កម្ចីប្រាក់យ៉េនដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំដូចជា ការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការកែលម្អផ្លូវជាតិលេខ៥ ក៏ដូចជាជំនួយសម្រាប់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩ បន្ថែមចំនួន ២០ ពាន់លានយ៉េន។ គម្រោងធំៗ ទាំងនេះគឺតែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាសារព័ត៍មាន ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាល ជប៉ុនចាត់ទុកការផ្តល់ជំនួយនៅតំបន់ជនបទ និងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ តាមរយៈជំនួយឥតសំណងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន និងជំនួយឥតសំណងគូសាណូណិ គឺមានសារៈសំខាន់ដូចគ្នា។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤៦.៦ លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៤៣ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕
ប្រភព៖ ស្ថានទូនជប៉ុននៃប្រទេសកម្ពុជា