ខ្សែភាពយន្តជប៉ុន២០រឿង កំពុងតែដាក់បញ្ចាំងនៅវេបសាយ «មហោស្រពភាពយន្តជប៉ុន»

ភ្នំពេញ៖ ភាគច្រើននៃប្រជាជនខ្មែរតែងតែមានការគាំទ្រខ្សែភាពយន្តហូលីវូដ ថៃ ឥណ្ឌា ហ្វីលីពីន ឥណ្ឌូណេស៊ី និងខ្សែភាពយន្តកូរ៉េខាងត្បូង​ ដោយហេតុថាខ្សែភាពយន្តទាំងអស់នោះបានចាក់ផ្សាយជាសាធារណៈនៅតាមកញ្ចក់ទូរទស្សន៍ និងតាមបណ្តាញសង្គមនានា។ ក៏ប៉ុន្តែប្រសិនបើ យើងនិយាយពីខ្សែភាពយន្តជប៉ុន ប្រហែលជាអ្នកទាំងអស់គ្នាមិនសូវជាចាប់អារម្មណ៍នោះទេ ឬក៏អាចសួរសំនួរថាតើមានខ្សែភាពយន្តជប៉ុនចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជាដែរឬទេ។

ជាការពិតណាស់មហោស្រពភាពយន្តជប៉ុន ក៏ដូចជាខ្សែភាពយន្តជប៉ុនបានឈានជើងចូលមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៥ និងបានប្រារព្ធពិធីជាលក្ខណៈផ្លូវ​ការនៅតាមរោងភាពយន្តធំៗនានា ជាច្រើន ដោយមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេស គឺវត្តមានរបស់ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ផងដែរ។

ចាប់តាំងពីពេលនោះមកមហោស្រពភាពយន្តជប៉ុន ក៏ដូចជាខ្សែភាពយន្តជប៉ុនទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា ក៏ដូចជាហ្វេនៗ ផងដែរ ក៏ប៉ុន្តែដោយសារតែរោគរាតត្បាតនៃជំងឺកូវីដ១៩ នៅទូរទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរនោះ។ គ្រប់ទីកន្លែងទាំងអស់ តម្រូវឱ្យអនុវត្តវិធានការ ៣ការពារ និង៣កុំ និងបានបិទការជួបជុំជាសាធារណៈ ទើបនៅឆ្នាំ២០២១ ក្រុមការងារមហោស្រពភាពយន្តជប៉ុនបានស្វះស្វែងរកវិធីសាស្រ្តណាមួយ ដែលនៅតែអាចបន្តមហោស្រពភាពយន្តជប៉ុននេះបាន តាមរយៈអនឡាញ ដោយអាចអនុញ្ញាតឱ្យទស្សនិកជននៅតែអាចទស្សនាខ្សែភាពយន្តជប៉ុនចំនួន២០រឿងនៅលើវេបសាយបានដោយងាយស្រួល។

គោលដៅសំខាន់របស់មហោស្រពភាពយន្តជប៉ុន គឺចង់បង្ហាញពីប្រទេសជប៉ុនដែលមានវប្បធម៌ដ៏អស្ចារ្យ ភាសាជប៉ុន និងទទួលបានភ្ញៀវទេសចរទៅទស្សនកិច្ចនៅប្រទេសជប៉ុនច្រើននាពេលអនាគត។ ម្យ៉ាងវិញទៀតមហោស្រពភាពយន្តជប៉ុនក៏មានបំណងនឹងធ្វើនៅតាមបណ្តាខេត្តផ្សេងៗ ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអ្នកចូលរួមមើលខ្សែភាពយន្តជប៉ុន និងផ្សព្វផ្សាយវប្បធម៌ជប៉ុន ភាសាជប៉ុន នៅតាមបណ្តាខេត្តទាំងនោះឱ្យកាន់តែច្រើន។

មហោស្រពភាពយន្តជប៉ុនអនឡាញមានក្តីរំពឹងថាក្នុងអំឡុងពេលដែល កូវីដអូមីក្រុង បំប្លែងថ្មីនេះកំពុងតែបន្តរាតត្បាតសារជាថ្មីម្តងទៀតនេះយើងសង្ឃឹមថា លោកអ្នកនឹងស្នាក់នៅក្នុងផ្ទះដោយសុវត្ថិភាព ដោយរីករាយជាមួយនឹងខ្សែភាពយន្តជប៉ុនដែលមាននៅលើវេបសាយរបស់ JFF ជាមួយនឹងក្រុមគ្រួសារ និងចែករំលែកទៅកាន់មិត្តភក្តិបន្តទៀត។

មហោស្រពភាពយន្តជប៉ុនអនឡាញកំពុងតែចាប់ផ្តើមពីពេលនេះរហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ លោកអ្នកអាចចូលរួមចុះឈ្មោះតាមរយៈវេបសាយ https://jff.jpf.go.jp/watch/jffonline2022/cambodia/ បន្ទាប់ពីលោកអ្នកធ្វើការចុះឈ្មាះជាមួយនឹងអុីម៉ែលលោកអ្នកអាចធ្វើការទស្សនាភាពយន្តជប៉ុនចំនួន២០រឿង ដែលមានចំនួន១០រឿងមានបកប្រែចំណងជើងរងជាភាសាខ្មែរនៅខាងក្រោម ដោយលោកអ្នកគ្រាន់តែធ្វើការភ្ជាប់អុីនធឺណែតនៅលើស្មាតហ្វូត និងកុំព្យូទ័រ។

នៅឆ្នាំ២០១៦ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន បានរៀបចំ «មហោស្រពភាពយន្តជប៉ុន (JFF) Asia Pacific Gateway Initiative» (hereinafter referred to as the “JFF Initiative”)  ដែលជាទម្រង់ដ៏ធំមួយសម្រាប់ភាពយន្តជប៉ុន ដើម្បីជំរុញការចាប់អារម្មណ៍ទៅលើភាពយន្តជប៉ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កើនចំនួនអ្នកទស្សនាផងដែរ។ ប្រទេសគោលដៅសម្រាប់គម្រោងនេះ គឺប្រទេសអាស៊ានទាំង១០ រួមមានប្រទេសអូស្ត្រាលី និងឥណ្ឌា ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមគម្រោងនេះផងដែរ។ ហេតុផលដែលមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនកំណត់គោលដៅលើប្រទេសទាំងនោះ គឺដោយសារខ្សែភាពយន្តជប៉ុននៅក្នុងប្រទេសទាំងនោះ មិនសូវទទួលបានការទស្សនាឱ្យបានទូលំទូលាយនោះទេ វាហាក់បីដូចជាមានទីផ្សារតូចចង្អៀតសម្រាប់ភាពយន្តជប៉ុន។ ក្នុងនាមជាអង្គការរបស់រដ្ឋាភិបាល គឺត្រូវទទួលបន្ទុកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីខ្សែភាពយន្តជប៉ុននៅទូទាំងពិភពលោកដើម្បីការរីកចម្រើននៃឧស្សាហកម្មភាពយន្តជប៉ុន។ មិនត្រឹមតែធ្វើការផ្សព្វផ្សាយជំរុញឱ្យទស្សនិកជនចូលរួមទស្សនានៅរោងភាពយន្តនោះទេ បន្ថែមពីនេះទៀតគឺធ្វើការផ្សព្វផ្សាយជំរុញឱ្យទស្សនិកជនចូលរួមទស្សនាតាមអនឡាញជាចាំបាច់ផងដែរ៕

អត្ថបទដោយ៖ ទុយ អេងលី (សាគូរ៉ា)