ខណៈក្មេងៗផ្សេងទៀតកំពុងសប្បាយដើរលេងជាមួយក្រុមគ្រួសារនៅតាមសួនច្បារ វីរៈបុត្រ អាយុ ១៤ឆ្នាំ កំពុងដើរលក់ផ្លែឈើ និងម្ជូរ នៅតាមសួនច្បារមាត់ទន្លេក្នុងរាជធានីភ្នំពេញ។ វីរៈបុត្រ និយាយថាខ្លួនជួយរកលុយឱ្យម្តាយ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់ខ្លួន។
វីរៈបុត្រ ដែលរៀនថ្នាក់ទី៧ និយាយថា៖ «ខ្ញុំក៏ហត់ខ្លះដែរបង ចាប់ផ្តើមលក់ពីម៉ោង២ដល់ម៉ោង៨ ទៅម៉ោង៩យប់។ ស្ម័គ្រពីខ្លួនឯង! ពីព្រោះអីបើយើងមិនខំរកនឹងអត់លុយទៅរៀន»។
វីរៈបុត្រ គឺជាក្មេងម្នាក់ក្នុងចំណោមក្មេងជាច្រើនទៀត ដែលដើរលក់ចំណី ផ្លែឈើ សៀវភៅ ផ្កា និងសម្ភារៈផ្សេងៗ នៅតាមទីសាធារណៈ ភោជនីយដ្ឋាន បៀរហ្គាដិនផ្សេងៗ។ ក្មេងៗ ដែលអ្នកសារព័ត៌មានបានសម្ភាសឱ្យដឹងថាម្តាយរបស់ពួកគេបានឱ្យកូនមកជួយលក់ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព និងចំណាយទៅលើការសិក្សារបស់ពួកគេផងដែរ។
មានរាងខ្ពស់ សម្បុរខ្មៅស្រអែម និងទើបកាត់សក់ម៉ូតក្មេងៗទាន់សម័យ វីរៈបុត្រ ដែលរៀននៅវិទ្យាល័យ ជា ស៊ីម សាមគ្គីសន្ធរម៉ុក រៀបរាប់ថាខ្លួនតែងតែមកជួយលក់ដូរម្តាយជាស្រ្តីមេម៉ាយ នៅតាមសួនច្បារមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេ។
ម៉ោងប្រមាណ៦ល្ងាច ក្នុងសម្លៀកបំពាក់អាវយឺតពណ៌ស និងខោខូវប៊យពណ៌ខៀវ វីរៈបុត្រ កំពុងដើរកាន់ថាសដែលមានកញ្ចប់ផ្លៃឈើខ្ចប់រួចជាស្រេចប្រមាណ២០កញ្ចប់ ដូចជាខ្នុរ ស្វាយ ពុទ្រា ម្នាស់ ត្របែក អំពិល ក្រូចថ្លុង សាច់ណែម ពងក្រួច និងពងទាស្ងោរជាដើម។ ក្នុងមួយថ្ងៃៗ ម្តាយរៀបចំឱ្យវីរៈបុត្រលក់ចាប់ពី៨០ទៅ១០០កញ្ចប់ ដោយទទួលបានប្រាក់ចំណូលប្រហែល២០ម៉ឺនរៀល។
កំពុងតែអង្គុយសម្រាកបន្តិច បន្ទាប់ពីដើរលក់តាមសួន និងតាមទូកមួយសន្ទុះធំ កុមារា វីរៈបុត្រ និយាយថាក្នុងមួយថ្ងៃ គាត់ត្រូវចំណាយពេលយ៉ាងតិច៧ម៉ោង ដើម្បីជួយលក់ដូរម្តាយ ដោយត្រូវចាប់ផ្តើមលក់ពីម៉ោង២រសៀលរហូតដល់ម៉ោង៨យប់ ឬក៏អាចឈានដល់ម៉ោង៩យប់ អាស្រ័យលក់អស់លឿន។
អ្នកស្រី ហែម សុគន្ធា អាយុ៤០ឆ្នាំ ត្រូវជាម្តាយរបស់ វីរៈបុត្រ រៀបរាប់ថាអ្នកស្រី គឺជាស្រ្តីមេម៉ាយ ចាប់តាំងពីវីរៈបុត្រ មានអាយុ៦ខែ ហើយសព្វថ្ងៃអ្នកស្រីត្រូវទទួលបន្ទុកចិញ្ចឹមកូន២នាក់ និងម្តាយចាស់ជរាម្នាក់ ដោយជួលផ្ទះល្វែងជាន់ទីមួយ ស្ថិតនៅម្តុំសំណង់១២ ក្នុងតម្លៃ២០០ដុល្លារក្នុងមួយខែ។ អ្នកស្រីក៏ត្រូវចំណាយប្រាក់ប្រមាណ២០០ដុល្លារក្នុងមួយឆ្នាំ ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកដក់ក្នុងប្រមាត់ ដែលអ្នកស្រីឈឺរយៈពេលជាង៣ឆ្នាំមកហើយ។
អ្នកស្រីឱ្យដឹងថា ដោយសារកត្តាជីវភាព និងមានបំណងចង់ឱ្យកូនៗចេញមករៀនសូត្រពីសង្គមខាងក្រៅ អ្នកស្រីយល់ឃើញថាការដែលមកលក់ដូរនៅតាមសួនច្បារ មិនមែនជាការងារធ្ងន់ធ្ងរពេកឡើយ។ អ្នកស្រីបន្ថែមថាអ្នកស្រីក៏បារម្ភអំពីសុវត្ថិភាពរបស់កូន ហើយក៏មិនសូវឱ្យកូនលក់លើសពីម៉ោង៨ទៅម៉ោង៩យប់ឡើយ។ ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់ថាអ្នកស្រីនៅតែជំរុញលើកទឹកចិត្តឱ្យកូនបន្តការសិក្សា។
អ្នកស្រី ហែម សុគន្ធា និយាយថា៖ «និយាយរួម បងចង់និយាយថា… តាមពិតពេលក្មេងនៅតូច បងអត់ចង់ប្រើទេអូន ដូចថាបងយល់ ដូចថាការប្រើប្រាស់កម្លាំងក្មេង គឺវាខុស តែគ្រាន់ថាពេលខ្លះយើងគ្មានជម្រើស។ យើងគ្មានជម្រើសណាអូន ហើយណាមួយបានគាត់មកអ៊ីចឹងទៅ ក៏យើងធូរមួយកម្រិតដែរ»។
អ្នកស្រីបន្ថែមថា៖ «បងអាណិតគាត់ និយាយរួមបងអត់ចង់ឱ្យគាត់មក តែណាមួយយើងឱ្យគាត់នៅផ្ទះ គាត់ថាគាត់មកជួយលក់។ តែមកលក់ពេលខ្លះឃើញកូនដើរលក់អាណិត អាណិត មែនអត់អាណិតទេ ពេលខ្លះអាណិតអ៊ីចឹង ថាបើសិនជាគាត់មានប៉ាអ៊ីចឹងណា! តែធ្វើម៉េចអូន ជីវភាពយើងចេះតែប្រឹងទៅ»។
មិនខុសគ្នាប៉ុន្មាន កុមារា សុធី អាយុ១០ឆ្នាំ ជាអ្នកលក់ដូរភេសជ្ជៈ និងស្លាបមាន់អាំង នៅម្តុំមាត់ទន្លេ មិនឆ្ងាយប៉ុន្មានពីទីសក្ការៈព្រះអង្គដង្កើ។
អ្នកស្រី ធីតា អាយុ៤១ឆ្នាំ ត្រូវជាម្តាយរបស់សុធី រៀបរាប់ថាអ្នកស្រីមានកូននៅក្នុងបន្ទុក៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ហើយក្រុមគ្រួសារបានចាកចេញពីស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល មករស់នៅទីក្រុងភ្នំពេញ ប្រហែល១០ឆ្នាំមកហើយ ដោយជួលបន្ទប់ស្នាក់នៅក្នុងមួយខែ តម្លៃ៤០ដុល្លារ។ អ្នកស្រីអះអាងថាអ្នកស្រីបានឱ្យកូនៗ ជួយលក់ដូរ ដើម្បីរកចំណូល ដោយគាត់យល់ថាវាមិនមែនជាការងារដែលប្រើកម្លាំងធ្ងន់ពេកនោះទេ។
ក្រៅពីត្រូវរកចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ អ្នកស្រី ធីតា ក៏ត្រូវសងបំណុលគេផងដែរ ដោយក្នុងមួយខែអ្នកស្រីត្រូវបង់ជាង១០០ដុល្លារ។
ទោះជាយ៉ាងណា អ្នកស្រី ធីតា ក៏បារម្ភអំពីសុវត្ថិភាពរបស់កូនផងដែរ ដោយអ្នកស្រីមិនហ៊ានឱ្យកូនៗ ជួយលក់ដូរដល់យប់ជ្រៅនោះឡើយ។
អ្នកស្រីនិយាយថា៖ «សុខចិត្តត្រឹមម៉ោង៩អីឱ្យពួកគាត់ទៅគេង! [ខ្ញុំ]លក់ដល់ម៉ោងប្រហែលជា១០ ឬក៏១១យប់ ពេលខ្លះក៏ឈានទៅដល់ម៉ោង១២»។
អ្នកស្រីនៅតែបារម្ភអំពីអនាគតកូនៗ ដូច្នេះអ្នកស្រី និងស្វាមី បានប្តេជ្ញាចិត្តឱ្យកូនៗ បានទៅសាលារៀនសូត្រ បើទោះបីជាកូនៗ ហត់នឿយពីការលក់ដូរជាមួយអ្នកស្រីនៅពេលយប់ក៏ដោយ។
អ្នកស្រីបន្ថែមថា៖ «តស៊ូឱ្យគាត់រៀនទាស់អស់ពីលទ្ធភាព បញ្ជូនគាត់ទៅរៀន អាហ្នឹងបានគិតទៀត។ តែបើថាឥឡូវ វារក៏ដោយ លូនក៏ដោយ ឱ្យទៅរៀនហើយ»។
ចំណែកកុមារី ម៉េងហ៊ង អាយុ១៣ឆ្នាំ កំពុងតែលក់ផ្លែឈើ និងម្ជូរ នៅតាមសួន ភោជនីយដ្ឋាន នៅឯត្រើយខាងកើតទល់មុខព្រះបរមរាជវាំង ក្បែរសណ្ឋាគារសុខា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ម៉េងហ៊ង ឱ្យដឹងថា ដោយសារតែឪពុកម្តាយជំពាក់លុយធនាគារច្រើន ទើបនាងក៏ដូចជាបងប្អូនទាំងអស់ ចេញមកជួយលក់ដូរ ដើម្បីរកលុយជួយសម្រួលជីវភាពគ្រួសារ និងសងបំណុលគ្រួសារ។ ម៉េងហ៊ង ដែលជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ និងកំពុងតែរៀនថ្នាក់ទី៦ បានចេញលក់ដូរ នៅម៉ោង៥ល្ងាច រហូតដល់ម៉ោង១០យប់ ឬក៏អាចឈានទៅដល់ម៉ោង១១យប់។ នាងត្អូញត្អែរនឿយហត់ពីការលក់ដូរដល់យប់ជ្រៅ ហើយមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រ។ ទោះជាយ៉ាងណា នាងចាត់ទុកការចេញមកលក់ខាងក្រៅនេះ ដោយសារមិនមានជម្រើសឡើយ។
ម៉េងហ៊ង និយាយថា៖ « ដោយសារខ្ញុំឃើញប៉ាម៉ាក់ខ្ញុំគាត់ពិបាក ជំពាក់លុយគេច្រើន! [ជំពាក់ធានាគារ] ពីព្រោះម៉ាក់ខ្ញុំគាត់អ្នកខ្ចីហ្នឹង។ ហត់ដែរ! តែធ្វើម៉េច អឺ…ពិបាកអ៊ីចឹង! ខ្ញុំស្ម័គ្រចិត្តខ្លួនឯងហ្នឹង»។
អ្នកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្រ្តី និងកុមារនៃសមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាបើទោះបីជាការងារដែលកុមារដើរលក់ដូរតាមសួន ជាប្រភេទការងារមិនសូវជាប្រើកម្លាំងខ្លាំងយ៉ាងណាក៏ដោយ តែវានៅតែស្ថិតនៅក្នុងទម្រង់ការជួញដូរកម្លាំងពលកម្មកុមារ ដោយអ្នកស្រីយល់ឃើញថាកុមារត្រូវតែទទួលបានការសិក្សារៀនសូត្រ ការចិញ្ចឹមបីបាច់ពីគ្រួសារ ជាពិសេសគឺការគាំពារពីសង្គម។
អ្នកស្រីនិយាយថា៖ «បើយើងមើលជារួម នេះគឺជាការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារហើយ នៅក្នុងទម្រង់មួយនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មហើយ ដោយសារតែយើងមើលឃើញថាកុមារគាត់ត្រូវទទួលបាននូវការការពារ ការចិញ្ចឹមបីបាច់ថែរក្សា ការផ្តល់ឱកាសឱ្យគាត់បានរៀនសូត្របានគ្រប់គ្រាន់។ អ៊ីចឹងដោយសារតែឪពុកម្តាយគាត់មានបញ្ហាជីវភាព ហើយគាត់ខ្វះលុយខ្វះកាក់អ៊ីចឹង ត្រូវបង្ខំឱ្យគាត់ទៅធ្វើការងារលក់ដូរពេលយប់ពេលអ៊ីចឹង»។
អ្នកស្រីបន្ថែមថារដ្ឋាភិបាលគួរតែមានកញ្ចប់ថវិកាជួយដល់សិស្សក្រីក្រ ដើម្បីឱ្យពួកគាត់បានរៀនសូត្រ។
អ្នកស្រី ម៉ៅ ម៉ាប់ និយាយថា៖ «គាត់គឺជាសមាជិកសង្គមមួយ អ៊ីចឹងរដ្ឋាភិបាលគួរតែមានកាតព្វកិច្ចនៅក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹង ព្រោះយើងឃើញថាគួរតែមានកញ្ចប់ថវិកាសម្រាប់ជួយទៅដល់អ្នកដែលក្រីក្រ មានជីវភាពខ្វះខាត ហើយជាពិសេសគឺសម្រាប់ក្មេងៗ»។ អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងក្នុងនាមរដ្ឋាភិបាល គឺមើលការងារខុសត្រូវដល់ប្រជាពលរដ្ឋរបស់ខ្លួន គឺត្រូវតែមានកាតព្វកិច្ចមួយ ក្នុងការមានកញ្ចប់ថវិកាជួយទៅដល់កូនសិស្សក្រីក្រ ដើម្បីឱ្យគាត់បានរៀនសូត្របានអ៊ីចឹង ហើយគួរតែមានមុខរបរបង្កើនសេដ្ឋកិច្ចជាតិ ដើម្បីជួយទៅដល់សេដ្ឋកិច្ចគ្រួសារ»។
របាយការណ៍មួយរបស់អង្គការយូនីសេហ្វ ឱ្យដឹងថាចាប់ពីឆ្នាំ២០១១-២០១៥ កុមារកម្ពុជាជាងមួយលានកន្លះ បានប្រឈមនឹងការរំលោភកម្លាំងពលកម្មធ្ងន់ធ្ងរ។ ក្នុងចំណោមកុមារទាំងអស់នោះ ភាគច្រើនជាកុមារកំព្រា កុមារអនាថា កុមារលក់ដូរតាមដងផ្លូវ ឬកុមារលក់តាមសួន និងតាមហាងនានាក្នុងរាជធានីភ្នំពេញ។ កុមារទាំងនោះ ភាគច្រើនបំផុតបានរងនូវការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរពីឪពុកម្តាយ ភ្ញៀវ និងនិយោជករបស់ពួកគេ។
អង្គការយូនីសេហ្វ បានចេញផ្សាយរបាយការណ៍មួយទៀតកាលពីឆ្នាំ២០១៧ និងមានចំណងជើងថា «ផលប៉ះពាល់លើកុមារនៃការធ្វើចំណាកស្រុកមករាជធានីភ្នំពេញ» បង្ហាញថាកុមារដែលធ្វើចំណាកស្រុកតាមឪពុកម្តាយ មួយភាគធំបានបោះបង់ការសិក្សា គ្មានការការពារ និងរងការកេងប្រវ័ញ្ចពលកម្ម ដោយសារជីវភាពគ្រួសារក្រីក្រ។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច មានប្រសាសន៍ថាក្រសួងមិនអនុញ្ញាតឱ្យមានក្មេងៗ លក់ដូរនៅតាមសួន និងតាមចិញ្ចើមផ្លូវនោះទេ ដោយសារវាប៉ះពាល់សុវត្ថិភាពកុមារ ជាពិសេស គឺប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។
លោកបញ្ជាក់ថា៖ «តាមពិតទៅ ពាក់ព័ន្ធនឹងដែលលក់តាមចិញ្ចើមថ្នល់ហ្នឹង គឺមែនទែនទៅ យើងមិនអនុញ្ញាតទេ។ ទីមួយគាត់ប្រឈមនឹងគ្រោះថ្នាក់ ហានិភ័យជាមួយនឹងចរាចរណ៍អីហ្នឹងណា។ គាត់អាដែងរបស់របរគាត់លក់ រត់ឆ្លងចុះ ឆ្លងឡើង នេះជាបញ្ហាបាទ! មានបញ្ហាដទៃច្រើនទៀត ធ្វើឱ្យគាត់ខាតបង់ការសិក្សា គាត់មិនបានទៅសាលាទៅអ៊ីចឹង»។
លោក តូច ចាន់នី បន្ថែមថាក្រសួងបានអនុវត្តវិធានការមួយចំនួន ដោយអញ្ជើញអាណាព្យាបាល ក៏ដូចជាក្មេងៗ ជាច្រើនទៅណែនាំ។ ប៉ុន្តែលោកបញ្ជាក់ថាក្រសួងមិនមានសិទ្ធអំណាចទៅចាប់ ឬក៏ទៅឃាត់ពួកគាត់មិនឱ្យលក់ដូរឡើយ។ លោកអំពាវនាវឱ្យក្រសួងដែលជាប់ពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះទាំងអស់គ្នា ជាពិសេស គឺអាជ្ញាធរមានសមត្ថកិច្ចតាមតំបន់ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការហាមឃាត់ពួកគាត់ មិនឱ្យដើរលក់ដូរតាមសួនសាធារណៈ។
ត្រឡប់ទៅកុមារា វីរៈបុត្រ វិញ បើទោះបីជាមានពេលវេលារៀនសូត្រនៅពេលព្រឹក និងបានរៀនគួរបន្ថែមក្រៅម៉ោងខ្លះៗក៏ដោយ វីរៈបុត្រ ហាក់បីដូចជាមិនសូវជាមានជំនឿចិត្តថាអាចនឹងសម្រេចបំណងប្រាថ្នាធ្វើជានគរបាលម្នាក់ នាពេលអនាគតបានឡើយ។
វីរៈបុត្រនិយាយហាក់ដូចជាអស់សង្ឃឹមជាមួយសំឡេងខ្សោយថា៖ «អាចនឹងធ្វើអត់បានទេ [ធ្វើប៉ូលិស] ព្រោះអីខ្ញុំរៀនផង ហើយលក់ផង ព្រោះអីយើងនៅរៀនផង។ យើងនៅលក់ផង ហើយយើងអត់មានពេលឈប់ទៀត»៕
អត្ថបទដោយ៖ ទុយ អេងលី (សគូរ៉ា)