ភ្នំពេញ៖ ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប្រទេសទាំងអស់ក្នុងពិភពលោកជួបវិបត្តិសេដ្ឋកិច្ច សង្គម ហើយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនមានការលំបាក ហើយមានអ្នកខ្លះបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន និងបាត់បង់ប្រាក់ចំណូលដែលអាចធ្វើឱ្យគ្រួសារមួយចំនួនធ្លាក់ចូលក្នុងភាពក្រីក្រ។
ការប្រមូលព័ត៌មាននៃផលប៉ះពាល់ពីជំងឺកូវីដ១៩ គម្រោងប្រមូលទិន្នន័យផលប៉ះពាល់ពីជំងឺកូវីដ១៩ នៅថ្នាក់ក្រោមជាតិ នឹងត្រូវរៀបចំឡើងតាមអនឡាញតាមរយៈប្រព័ន្ធ ដែលបានរៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទនៃទីស្តីការគណៈរដ្ឋមន្រ្តី គាំទ្រថវិការ និងបច្ចេកទេសដោយគម្រោងពហុវិស័យ សន្តិសុខស្បៀងនិង អាហារូបត្ថម្ភនៅកម្ពុជា MUSEFO និងដៃគូអភិវឌ្ឍន៍នានា សមាជិកនៃក្រុមការងារដឹកនាំ សម្របសម្រួល វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកំពត និងខេត្តកំពង់ធំ។
វិបត្តិនៃជំងឺកូវីដ១៩នេះ បានបង្កឱ្យមានការរំខានដល់ផលិតកម្មស្បៀង ការដឹកជញ្ជូនស្បៀង និងការលក់ដូរម្ហូបអាហារ និងការទទួលបានអាហារដែលមានអាហារូបត្ថម្ភនិងសុវត្ថិភាព។ ប្រពន្ឋ័ស្បៀង និងប្រពន្ឋ័សុខាភិបាល ទទួលរងប៉ះពាល់យ៉ាងខ្លាំង ហើយបានធ្វើឱ្យការទទួលបានស្បៀងអាហារ និងលទ្ឋភាពទទួលបានអាហារសុខភាព និងប្រកបដោយអាហារូបត្ថម្ភ និងប្រាក់ចំណូលរបស់ប្រជាជនមានការធ្លាក់ចុះ ហើយក្នុងពេលជាមួយគ្នានេះ ក៏មានការកើនឡើងនូវតម្រូវការរបបអាហារដែលមានអាហារូបត្ថម្ភល្អ ដើម្បីធ្វើឱ្យប្រពន្ឋ័រាងកាយមានភាពធន់ និងរឹងមាំ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩និងជំងឺនានា។
ការប្រើប្រាស់ប្រពន្ឋ័បច្ចេកវិទ្យាបានរួមចំណែកសកម្ម និងផ្តល់អត្ថប្រយោជន៍ជាច្រើន មានប្រសិទ្ឋភាពខ្ពស់ក្នុងការលើកកម្ពស់ប្រពន្ឋ័ស្បៀង ប្រព័ន្ឋសុខាភិបាល និងជីវភាពរស់នៅរបស់ប្រជាជន ពិសេសគឺការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ ការប្រើប្រាស់ប្រពន្ឋ័បច្ចេកវិទ្យាទំនើប និងការប្រមូលទិន្នន័យបែបវិទ្យាសាស្រ្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កលក្ខណៈអំណោយផលដល់វាយតម្លៃសភាពការណ៌ ការត្រួតពិនិត្យ និងការធ្វើសេចក្តីសម្រេចចិត្តបានទាន់ពេលវេលា និងជាមេរៀនប្រកបដោយប្រសិទ្ឋិភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងប្រពន្ឋ័ស្បៀង វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងវិស័យដទៃទៀត។
ដោយពិនិត្យឃីញពីសារៈសំខាន់នៃការប្រើប្រាស់ប្រពន្ឋ័បច្ចេកវិទ្យាទំនើប និងការប្រមូលទិន្នន័យបែបវិទ្យាសាស្រ្ត ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំគម្រោងប្រមូលទិន្នន័យផលប៉ះពាល់ពីជំងឺកូវីដ១៩ នៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង ដើម្បីប្រមូលទិន្នន័យពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ទៅលើការទទួលបានស្បៀង ការមានស្បៀង ប្រាក់ចំណូលនៅតាមគ្រួសារនីមួយៗ និងការចំណាយមូលនិធិលើ វិស័យសនិ្តសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងដំណើរនៃការអនុវត្តកម្មវិធីវិនិយោគឃុំ សង្កាត់។
នៅខែមករាឆ្នាំ២០២១ អង្គការ GIZ បានយល់ព្រមគាំទ្រលើគំនិតផ្តួចផ្តើមនេះ ហើយបានផ្តល់ទាំងបច្ចេកទេស សម្ភារៈនិងថវិកា សម្រាប់ការប្រមូលទិន្នន័យនៅឃុំចំនួនបួន នៅខេត្តកំពត និងឃុំចំនួនបួន ទៀតក្នុងខេត្តកំពង់ធំដែលជាឃុំគោលដៅនៃ គម្រោងពហុវិស័យសន្តិសុខស្បៀង និង អាហារូបត្ថម្ភនៅកម្ពុជា MUSEFO ដើម្បីធ្វើការសាកល្បង។
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានសហការជាមួយទីប្រឹក្សាបច្ចេកទេសរៀបចំបង្កើតប្រព័ន្ធប្រមូលទិន្នន័យតាមអនឡាញ ICT ដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ បញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ Tablet ហើយក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្តគោលដៅធ្វើការពិនិត្យ និងអនុម័តទិន្នន័យដែលបានបញ្ចូលដោយឃុំ សង្កាត់ មុននឹងផ្តល់ជូនទៅក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។
ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់សម្រាប់យើងទាំងអស់គ្នា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាខិតខំសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២ នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពគឺ «បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព» ហើយបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យនិងអន្តរវិស័យជាច្រើន ព្រមទាំងបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម រួមមាន៖ ផ្លូវថ្នល់ ស្ពាន អគ្គិសនី ទឹក ប្រព័ន្ធធារាសាស្ត្រ ប្រពន្ឋ័បច្ចេកវិទ្យាទំនើប វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម និងសេវាគាំពារសង្គមនិងវិស័យផ្សេងៗ ទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ និងរបស់ប្រជាជនឱ្យបានតាមគោលដៅកំណត់។
ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ជនគ្រប់រូប គឺជាកត្តាមិនអាចខ្វះបាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់តាមរយៈការបង្កើនវិនិយោគលើវិស័យកសិកម្ម វិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាតនិងអនាម័យ គាំពារសង្គម និងវិស័យពាក់ព័ន្ធនានា។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គមដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩ និងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ជាដើម។
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏បានដាក់ចេញយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩ -២០២៣ និងបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ និងបានចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ដូចជាការដាក់ចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីអាហារូបត្ថម្ភក្នុងបរិបទនៃការរាតត្បាតជា សកលនៃជំងឺកូវីដ១៩ ការចូលជាសមាជិកនៃចលនាបង្កើនអាហារូបត្ថម្ភពិភពលោក និងការអនុវត្តនូវគំនិតផ្តួចផ្តើមស្តីពីការកាត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងចូលរួមជាមួយអង្គការសហប្រជាជាតិរៀបចំកិច្ចសន្ទនាស្តីពីប្រព័ន្ឋស្បៀង ព្រមទាំងបានរៀបចំផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ឋស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ២០៣០ ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងមានចីរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។
ទន្ទឹមនោះ ក្រសួងស្ថាប័នពាក់ព័ន្ធក៏បានរៀបចំគោលនយោបាយយុទ្ធសាស្រ្ត និងឯកសារគតិយុត្តនានាជាច្រើន រួមចំណែកលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដូចជាច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ អនុក្រឹត្យលេខ១៣៣ អនក្រ.បក ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ គោលនយោបាយជាតិស្តីពីការចិញ្ចឹមទារកនិងកុមារ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ និងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថក្នុងការលើកកម្ពស់អាហារូបត្ថម្ភ។
ប្រភព៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller International-Cambodia)