ជប៉ុនផ្តល់ ៦៦៤,៩៩៤ ដុល្លារអាមេរិកសម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ

ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុន បាន​ឯកភាពផ្តល់ថវិកាសរុបចំនួន ៦៦៤,៩៩៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការ​​​ណ៍​ជំនួយឥតសំណងសម្រាប់​​គម្រោង​អង្គ​ការ​ក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យា​​​​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខានៅថ្ងៃទី១៤ ​ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទំាងពីរ សម្រាប់អនុវត្តគម្រោងដូចតទៅ៖

១.​ គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារមានពិការភាពតាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី៣) (ថវិកាជំនួយ ២៦៦,៤២៨ ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan)

នៅក្នុងគម្រោងនេះ អង្គការ AAR Japan នឹងបង្កើតនូវប្រព័ន្ធវាយតម្លៃលើការអនុវត្តការអប់រំបរិយាបន្ន និងអនុវត្តសកម្មភាពដើម្បីគាំទ្រដល់ការបង្កើនសមត្ថភាពរបស់ «គណៈកម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ»។ យើងរំពឹងថា ការអនុវត្តការអប់រំបរិយាប័ន្នដែលត្រូវបានបង្កើតឡើងនៅក្នុងតំបន់គោលដៅ នឹងត្រូវបានចែករំលែកជាការអនុវត្តដ៏ល្អមួយ នៅទូទាំងប្រទេស។ តាមរយៈគម្រោងនេះ បរិស្ថានសិក្សា និងគុណភាពនៃការអប់រំសម្រាប់កុមារពិការនៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានកែលម្អ។

២. គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល ៤ឆ្នាំនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី៣) (ថវិកាជំនួយ ៣៩៨,៥៦៦ ដុល្លារអាមេរិក)
អង្គភាពទទួលជំនួយ៖ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស

អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស នឹងគាំទ្រវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីរៀបចំវគ្គសិក្សាអប់រំកាយរយៈពេល៤ឆ្នាំនៅថ្នាក់សាកលវិទ្យាល័យ តាមរយៈការបង្កើតប្រព័ន្ធដើម្បីផ្តល់កម្មវិធីរយៈពេល៤ឆ្នាំ ការបណ្តុះបណ្តាលគ្រូ និងការដំឡើងបរិក្ខារសម្រាប់ការអប់រំកាយ។ តាមរយៈគម្រោងនេះ បុគ្គលិកចំនួន៦៤នាក់ និងសិក្ខាកាមគ្រូបង្រៀនប្រហែល២០០នាក់ នៃវិទ្យាស្ថាននេះ នឹងអាចទទួលបានបរិស្ថានសិក្សាកាន់តែប្រសើរឡើងសម្រាប់ការអប់រំកាយ។ មិនតែប៉ុណ្ណោះ យើងរំពឹងថាសិស្សានុសិស្សជាង ៩៨០,០០០នាក់ នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានការអប់រំកាយដែលមានប្រសិទ្ធភាពជាងមុន។

កម្មវិធី​ជំនួយឥតសំណង​​សម្រាប់គម្រោងអង្គ​ការ​ក្រៅរដ្ឋាភិបាល​ជប៉ុន ​​បានចាប់ផ្តើម​នៅប្រ​ទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់​សកម្មភាពរបស់អង្គការក្រៅ​រដ្ឋាភិបាល​ជប៉ុន ​​ក្នុងកិច្ច​ខិតខំ​​ប្រឹង​ប្រែង ដើម្បីជួយដល់​ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។​ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង​ ៤៦លានដុល្លារអាមេរិក​ ដល់គម្រោង​ចំនួន​១៤១  ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​​កម្រិត​បឋមសិក្សា វិស័យ​សុខាភិបាល វិស័យ​កសិកម្ម​ និង​សកម្មភាព​បោស​សម្អាត​មីនក្នុងប្រទេសកម្ពុជា៕

ព្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា