ប្រទេសបារាំងផ្តល់ជំនួយ២០០,០០០អឺរ៉ូ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ភ្នំពេញ៖ ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនិទណ្ឌភាព ប្រទេសបារាំងបានគាំទ្រការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចាប់តាំងពីការបង្កើតតុលាការនេះនៅឆ្នាំ២០០៦ ហើយនឹងបន្តគាំទ្រដល់បេសកកម្មរបស់តុលាការខ្មែរក្រហមនេះក្នុងការស្វែងរកយុត្តិធម៌ និងការពង្រឹងសន្តិភាព និងនីតិរដ្ឋនៅប្រទេសកម្ពុជា។ ក្នុងន័យនេះ ប្រទេសបារាំងបានផ្តល់ជំនួយ ២០០,០០០អឺរ៉ូ ដល់កញ្ចប់ថវិកាឆ្នាំ២០២២ របស់ភាគីអន្តរជាតិនៃ អ.វ.ត.ក​ ដែលធ្វើឱ្យថវិកាសរុបផ្តល់ដោយប្រទេសបារាំងទៅ អ.វ.ត.ក មានចំនួន ៦,៩លានអឺរ៉ូ​ ចាប់តាំងពីតុលាការនេះត្រូវបានបង្កើត។

វិភាគទានថ្មីនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំរបស់ក្រុមមិត្តនៃសាលាក្តីខ្មែរក្រហម ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានទូតបារាំងក្រោមសហអធិបតីភាពរបស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំកម្ពុជា។ ប្រទេសបារាំង និងជប៉ុន គឺជាសហប្រធានរបស់ក្រុមមិត្តនៃសាលាក្តីខ្មែរក្រហម។ នេះគឺជាកិច្ចប្រជុំលើកទី១របស់ក្រុមមិត្តសាលាក្តីខ្មែរក្រហម ដែលរៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ចាប់តាំងពីការលេចឡើងនូវជំងឺកូវីដ១៩។ កិច្ចប្រជុំនេះគឺជាឱកាសនៃការពិភាក្សាផ្លាស់ប្តូរយោបល់រវាងតំណាងការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម និងតំណាងស្ថានទូតចូលរួមជាច្រើនពាក់ព័ន្ធនឹងសេចក្តីសម្រេចថ្មីៗ និងកាលវិភាគរបស់  អ.វ.ត.ក ក៏ដូចជាផលប៉ះពាល់របស់ជំងឺកូវីដ១៩លើសកម្មភាពរបស់តុលាការ។

ក្នុងពេលដែលអាណត្តិរបស់ អ.វ.ត.ក នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំនេះ ជាមួយការចេញសេចក្តីសម្រេចចុងក្រោយរបស់អង្គជំនុំជម្រះតុលាការកំពូលលើសំណុំរឿង ០០២/០២ ស្តីពី ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ  អ្នកចូលរួមទាំងអស់បានពិចារណាអំពីការបំពេញការងារដែលនៅសេសសល់របស់ អ.វ.ត.ក។ ការងារនៅសល់រួមមានការថែទាំ ការរក្សាទុក និងការគ្រប់គ្រងបណ្ណសារ ការការពារការចងចាំអំពីភាពសាហាវយង់ឃ្នងដែលត្រូវបានប្រព្រឹត្ត ការពិនិត្យសាលក្រមឡើងវិញ ការ​ការពារជនរងគ្រោះនិងសាក្សី និងការគ្រប់គ្រងការអនុវត្តទោសរបស់ទណ្ឌិត។

នៅក្នុងកិច្ចប្រជុំខាងលើ  ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ បានវាយតម្លៃខ្ពស់ចំពោះការចូលជាធរមានកាលពីពេលថ្មីៗនេះនៃកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

ម៉្យាងទៀត ការចងក្រងយុត្តិសាស្រ្តគឺពិតជាមានសារសំខាន់សម្រាប់កម្ពុជាក៏ដូចជាសម្រាប់យុត្តាធិការអន្តរជាតិនានា។ ជាការសំខាន់ដែល អ.វ.ត.ក ដែលទទួលឥទ្ធិពលខ្លាំងពីប្រព័ន្ធច្បាប់ Civil Law អាចចែករំលែកសមិទ្ធិផលការងាររបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ ដោយហេតុថា បទពិសោធន៍របស់ អ.វ.ត.ក អាចត្រូវប្រើប្រាស់សម្រាប់​តុលាការព្រហ្មទណ្ឌពិសេសក្រុងបង់ហ្គី (Bangui) ដែលក៏ជាតុលាការចម្រុះមួយមានសមាសភាពចូលរួមពីចៅក្រមជាតិ និងចៅក្រមអន្តរជាតិ ហើយក៏ស្ថិតនៅក្នុងប្រទេសប្រើប្រាស់ភាសាបារាំងដូចកម្ពុជាផងដែរ៕

ប្រភព៖ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា