កម្ពុជាប្តេជ្ញាចិត្តបងើ្កនអត្រាការបំបៅកូនដោយទឹកដោះម្តាយ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំណើននាខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តថានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពី០ ដល់ ៦ខែ ឱ្យបានដល់៨៥% នៅឆ្នាំ២០៣០។

ឯកឧត្តម វេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានថ្លែងថា៖ «កម្ពុជាប្តេជ្ញាបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុ៦ខែឱ្យបានដល់៨៥% នៅឆ្នាំ២០៣០ ប្រយោជន៍ដើម្បីលើកកម្ពស់សុខភាព ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារកម្ពុជា។ ការប្តេជ្ញាចិត្តរបស់កម្ពុជានាពេលនេះបានធ្វើឡើងដោយសារតែអាត្រាការបំបៅដោះកូនបានធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជាមាននិន្នាការធ្លាក់ចុះគួរឱ្យព្រួយបារម្ភពីអត្រា ៧៤% នៅឆ្នាំ២០១០  ទៅ ៦៥% នៅឆ្នាំ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់ទីប្រជុំជនពីអត្រា ៦៤% ទៅ ៣៤%»។  

ការសិក្សាបែបគុណភាពដែលធ្វើឡើងក្នុងចំណោមម្តាយជាកម្មការិនីរោងចក្រក្នុងខេត្តកំពង់ឆ្នាំងនៅឆ្នាំ២០១៩ ហើយបានបោះពុម្ពផ្សាយលើទស្សនាវដ្តីឈ្មោះ Maternal Child Health Journal បានអះអាងថា ជាទូទៅម្តាយ និងអ្នកថែទាំកុមារបានផ្លាស់ប្តូរពីការបំបៅកូនដោយទឹកដោះម្តាយជំនួសមកវិញនូវការបំបៅកូនដោយទឹកគោម្សៅផ្សំតាមរូបមន្តជាពិសេសនៅអំឡុងពេលម៉ោងធ្វើការសម្រាប់កុមារមានអាយុពី ៣-៤ ខែ។ នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលរបស់អង្គការ Helen Keller នាពេលថ្មីៗ នេះនៅខេត្តកែប លោកស្រីវេជ្ជបណ្ឌិត គឹម រត្ន័នា ប្រធានមជ្ឈមណ្ឌលគាំពារមាតា និងទារកនៃក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «នេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា ព្រោះថានៅក្នុងប្រទេសកម្ពុជាមានស្ត្រីដល់ទៅចំនួន ៧០% មានការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ។ ប្រសិនបើមិនមានដំណោះស្រាយសមស្របក្នុងការលើកកម្ពស់ការបំបៅដោះកូនសម្រាប់ស្រ្តីបំរើការងារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការទេ នោះនឹងធ្វើឲ្យអត្រាការបំបៅដោះកូនបន្តធ្លាក់ចុះទៀត»។

លោកស្រីវេជ្ជបណ្ឌិតបានអំពាវនាវ​ឱ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជម្រុញ និងលើកទឹកចិត្តស្រ្តីធ្វើការទាំងអស់ ឱ្យបន្តការបំបៅដោះកូនដោយទឹកដោះម្តាយបន្តទៀតបន្ទាប់ពីត្រលប់មកធ្វើការវិញ។ លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ថា ការបង្កបរិយាកាសសមស្របដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែងធ្វើការ ផ្តល់ពេលវេលាសម្រាកដល់ស្រី្តក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារៈនិងឧបករណ៍គ្រប់គ្រាន់ នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងខ្លួនគាត់ផ្ទាល់ កូន និងក្រុមគ្រួសារដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិកផងដែរ។

ដោយមើលឃើញពីគុណតម្លៃមហាសាលរបស់ទឹកដោះម្តាយចំពោះសុខភាព ព្រមទាំងការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍បញ្ញាស្មារតីរបស់កុមារ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយ​បញ្ជាក់​ថា​៖​​ «ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញច្បាស់ថាទឹកដោះម្តាយជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក និងកុមារគ្រប់កាលៈទេសៈទាំងអស់ហើយគ្មានផលិតផលណាមួយរួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តផងដែរល្អប្រសើរជាងទឹកដោះម្តាយនោះទេ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖ «ទឹកដោះម្តាយមានផ្ទុករាល់សារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការដោយមិនបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈអ្វីទៀតទេនៅក្នុងអំឡុងពេល៦ខែដំបូងនៃជីវិតទារក»។ សេចក្តីណែនាំនេះបានបញ្ជាក់ទៀតថា ការបំបៅកូនដោយផលិតផលជំនួស ទឹកដោះម្តាយរួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តអាចបង្កហានិភ័យជាច្រើនចំពោះកុមារដូចជា ជំងឺរាគ ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវៃ ចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើស សម្ពាធឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ និងធាត់ជ្រុលជាដើម»។

ប្រភព៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller)