ភ្នំពេញ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller) និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (កកជ) កម្មវិធីជាតិអាហារូបត្ថម្ភ (NNP) នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភនៃក្រសួងផែនការ (MOP) នាយកដ្ឋានឱសថ និងចំណីអាហារ (DDF) និងសាកលវិទ្យាល័យ MSVU ប្រទេសកាណាដា នឹងរៀបចំវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភ ស្តីពី «មូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ» នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។
ពិធីបើកវគ្គបណ្តុះបណ្តាលលបានធ្វើឡើងក្រោមអធិបតីយភាពលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ ពិធីបិទវគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ ស៊ីទ្បូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ មានការអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលពីឯកឧត្ដម ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃក្រសួងផែនការ ឯកឧត្តម វេជ្ជបណ្ឌិត សយ អ៊ឹង ប្រធាននាយកដ្ឋាន សន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល នៃ ក.ក.ជ លោកស្រី Gwyneth Cotes នាយិកាអង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ បណ្ឌិត Kyly Whitfield តំណាងសាកលវិទ្យាល័យ MSVU ប្រទេសកាណាដា និងមានការចូលរួមពីយុវជនថ្មីវ័យក្មេងចំនួន ៥0នាក់ ដែលទើបបានជ្រើសរើសដោយអង្គការ ហេទ្បែន ខេលល័រ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។
ក្រៅពីយុវជនទាំង ៥០នាក់នេះ អ្នកចូលរួមនិងគ្រូបង្គោលមកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក កម្មវិធីជាតិអាហារូបត្ថម្ភ នាយកដ្ឋានឱសថនិងចំណីអាហារ ក្រសួងផែនការ គម្រោង MUSEFO នៃអង្គការ GIZ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ សាកលវិទ្យាល័យ MSVU ប្រទេសកាណាដា និងអង្គការសហប្រជាជាតិនឹងចូលរួមផងដែរ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បី៖
- បង្កើនការយល់ដឹងជាមូលដ្ឋានអំពីអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ។
- ផ្តល់វេទិកាដល់យុវជនដើម្បីពិភាក្សា ចែករំលែកការយល់ដឹង ទស្សនៈ មតិយោបល់ និងបទពិសោធន៍លើអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ។
- ផ្តល់ឱ្យយុវជននូវជំនាញក្នុងការតស៊ូមតិ និងទេពកោសល្យក្នុងការផ្សព្វផ្សាយសារគន្លឹះដល់យុវជនដទៃទៀត ក៏ដូចជាសាធារណជន។
មានមូលហេតុសំខាន់ៗ ៣ក្នុងការសររៀបចំការវគ្គបណ្តុះបណ្តាលនេះគឺ៖
- យុវជនគឺជាអ្នកពាក់ព័ន្ធដ៏សំខាន់លើអន្តរាគមន៍អាហារូបត្ថម្ភហើយមានតួនាទីឈានមុខក្នុងការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។
- យុវជនគឺជាតួអង្គដ៍សំខាន់សម្រាប់ផ្លាស់ប្តូរការងារសង្គមនិងជាអ្នកដឹកនាំនាពេលបច្ចុប្បន្ននិងអនាគតដែលជួយធានា ជំរុញ និងលើកកម្ពស់អាហារូបត្ថម្ភ របបអាហារសុខភាពដែលមានសុវត្ថិភាពនិងចីរភាពសម្រាប់ទាំងអស់គ្នា។
- សម្លេងរួមរបស់យុវជននឹងត្រូវបានស្តាប់នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ការធ្វើផែនការ និងការអនុវត្តការងារ សន្តិសុខស្បៀង អាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង។
សូមបញ្ចាក់ថានៅឆ្នាំ២០១៨ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា បានបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភ (YNCs)។ គោលដៅនៃគម្រោងនេះគឺដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការពិភាក្សាពាក់ព័ន្ធវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បង្កើនសំលេងរបស់យុវជន បង្កើនចំណេះដឹង ជំនាញនិងការទំនាក់ទំនងដើម្បីក្លាយជាភ្នាក់ងារនិងកម្លាំងចលករសម្រាប់ការលើកកម្ពស់ប្រព័ន្ធស្បៀង សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ គម្រោងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយភាគីពាក់ព័ន្ធដទៃទៀតដែលជាផ្នែកមួយនៃបេសកកម្មដើម្បីបញ្ចប់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។
នៅខែកក្កដា ឆ្នាំ២០១៩ អង្គការហេទ្បែន ខេលល័រ អន្តរជាតិបានជ្រើសរើសយុវជនជើងឯកអាហារូបត្ថម្ភចំនួន១០នាក់ដើម្បីគាំទ្រសកម្មភាពផ្សេងៗ នៅក្នុងគម្រោងយុវជនជើងឯកអាហារូបត្ថម្ភនេះ។ យុវជនជើងឯកអាហារូបត្ថម្ភបានត្រូវបណ្តុះបណ្តាលដើម្បីបំពេញតួនាទីនិងទំនួលខុសត្រូវក្នុងការធ្វើផែនការសកម្មភាពនិងការអនុវត្តផែនការរបស់ពួកគេ។ ចំពោះផ្នែកបច្ចេកទេស ពួកគេបានទទួលការបណ្តុះបណ្តាលក្រៅផ្លូវការទាក់ទងនឹងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភជាពិសេសផ្តោតលើមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព ប្រព័ន្ធស្បៀង សុវត្ថិភាពចំណីអាហារនិងការកែច្នៃអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ កម្មវិធីជាតិអាហារូបត្ថម្ភ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាង នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភក្រសួងផែនការ អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការហេទ្បែន ខេលល័រ អន្តរជាតិ។
ដោយមានការចាប់អារម្មណ៍ខ្ពស់ទៅលើគំនិតផ្តួចផ្តើមនេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា បានជ្រើសរើសអ្នកហាត់ការយុវជនអាហារូបត្ថម្ភធ្វើការពេញម៉ោងចំនួន៤នាក់ និងយុវជនជើងឯកអាហារូបត្ថម្ភបន្ថែមចំនួន៥០នាក់ទៀតដើម្បីគាំទ្រសកម្មភាពយុវជនដ៏មានសារៈសំខាន់នេះ។
ចាប់តាំងពីការបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភនេះមក យុវជនជើងយើងបានចូលរួមក្នុងសកម្មភាពជាច្រើន។ សកម្មភាពទាំងនេះរួមមានការរៀបចំវេទិកាយុវជន ការចូលរួមមិត្តអប់រំមិត្តលើរបបអាហារសុខភាព យុទ្ធនាការតស៊ូមតិតាម បណ្តាញសង្គមដើម្បីលើកកម្ពស់ការយល់ដឹងអំពីរបបអាហារសុខភាព ការចូលរួមរៀបចំទិវាជាតិអាហារូបត្ថម្ភ ការចូលរួមរៀបចំសិក្ខាសាលា ប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយនៅតាមសហគមន៍ ការចូលរួមអប់រំអាហារូបត្ថម្ភនៅសហគមន៍ ការធ្វើពិធីករ និងពិធីការិនីក្នុងកម្មវិធីផ្សេងៗ និងការចុះទស្សនកិច្ចសិក្សានៅទីកន្លែងផ្សេងៗដូចជាមណ្ឌលសុខភាព និងកន្លែងផលិតនិងកែច្នៃចំណីអាហារជាដើម។ កន្លងមក ទោះបីជាជំងឺកូវីដ១៩បណ្តាលឱ្យមានការពន្យារពេលនៃសកម្មភាពមួយចំនួនក៏ដោយ ក៏យុវជនជើងឯកអាហារូបត្ថម្ភបានបន្តរក្សាវត្តមានយ៉ាងសកម្មលើបណ្តាញសង្គមដើម្បីទំនាក់ទំនងជាមួយយុវជន។
ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃរបបអាហារសុខភាព និងរបៀបរស់នៅដែលមានសុខភាពល្អអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានរៀបចំការស្ទង់មតិយុវជននៅខែឧសភា ឆ្នាំ២០២០ ដើម្បីស្វែងយល់អំពីរបៀបរស់នៅប្រចាំថ្ងៃរបស់យុវជនក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ហើយលទ្ធផលទទួលបាន កំពុងត្រូវបានប្រើប្រាស់ដើម្បីកំណត់ពីសកម្មភាពចូលរួមរបស់យុវជនជើងឯកអាហារូបត្ថម្ភ៕
រូបភាពដោយ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ (Helen Keller)