កម្មវិធីរដូវវប្បធម៌លើកទី៣ បានមកដល់ហើយ!

រៀងរាល់ឆ្នាំ សិល្បៈខ្មែរអមតៈតែងតែនាំយកព្រឹត្តិការណ៍សិល្បៈវប្បធម៌មួយមកបង្ហាញជាសាធារណៈដល់ទស្សនិកជនគឺ «កម្មវិធីរដូវវប្បធម៌»។ កម្មវិធីនេះមានរយៈពេលបីខែដោយផ្តល់ឱកាសឲ្យសិល្បករបាន​បង្ហាញស្នាដៃបង្កើតថ្មីដូចជា របាំល្ខោន តន្រ្តី ការតែងនិពន្ធ និងពិព័រណ៍ទៅដល់ទស្សនិកជនជាដើម។
លើសពីនេះក៏មានកិច្ចពិភាក្សា និងសិក្ខាសាលាដែលបង្កើតឲ្យមានបរិយាកាសផ្លាស់ប្តូរគំនិតយោបល់ និងចូលរួមសកម្មភាពសិល្បៈបែបច្នៃប្រឌិតរវាងសិល្បករទស្សនិកជន និងអ្នកដឹកនាំដែលមានសក្តានុពលក្នុងវិស័យសិល្បៈផងដែរ។ នៅពេលដែលសិល្បៈខ្មែរអមតៈប្រកាសជ្រើសរើសស្នាដៃសិល្បៈ យើងតែងតែលើកទឹកចិត្តឲ្យពួកគេបង្កើតអ្វីដែលថ្មី និងមានភាពច្នៃប្រឌិតដែលស្របទៅតាមប្រធានបទនៃកម្មវិធីរដូវវប្បធម៌ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក»
គ្រប់សកម្មភាព មិនថាតូច ឬធំ តែងតែមានផលប៉ះពាល់ ដូចជាពេលអ្នកសម្រេចចិត្តជិះម៉ូតូឌុបខណៈដែលអ្នកកំពុងហៀរសំបោរ។ ដូច្នេះតើនឹងមានអ្វីកើតឡើងបន្ទាប់ពីនោះ? ប្រសិនបើអ្នកសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ទៅរៀននៅបរទេស តើនឹងមានអ្វីផ្លាស់ប្តូរជីវិតរបស់អ្នក? តើនឹងមានផលប៉ះពាល់អ្វីខ្លះទៅដល់មនុស្សជុំវិញខ្លួនរបស់អ្នក? ហើយចុះទម្រាំតែការសម្រេចចិត្តធំៗសម្រាប់ពួកយើង តើអាចមានផលប៉ះពាល់អ្វីខ្លះទៅដល់មនុស្សជំនាន់ក្រោយ?

កម្មវិធីនឹងកើតឡើងនៅ ៣ ទីតាំងផ្សេងគ្នានៅរាជធានីភ្នំពេញពីខែមករា ដល់កុម្ភៈ៖

សាលាមធ្យមវិចិត្រសិល្បៈ

  • ហាងកាហ្វេ Java Creative Café សាខាទួលទំពូង
  • មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

សំបុត្រទស្សនាការសម្តែងផ្ទាល់មាន ២ ប្រភេទ ការសម្តែងសាកល្បង និងការសម្តែងពេញ៖

  • សំបុត្រតម្លៃ ២ដុល្លា សម្រាប់ការសម្តែងសាកល្បង
  • សំបុត្រតម្លៃ ៤ដុល្លា សម្រាប់ការសម្តែងពេញ

យើងនឹងមានការសម្តែងផ្ទាល់ និងការសម្តែងបែបឌីជីថល។ ដែលអ្នកអាចទិញសំបុត្រជាកញ្ចប់ ឬក៏អាចទិញជាការសម្តែងមួយៗផងដែរ។ យើងលើកទឹកចិត្តឲ្យអ្នកទិញជាកញ្ចប់ ដែលអ្នកនឹងអាចទទួលបានបទពិសោធន៍ និងទស្សនាការសម្តែងពេញមួយកម្មវិធីរដូវវប្បធម៌តែម្តង។

សំបុត្រជាកញ្ចប់:

  • កញ្ចប់ការសម្តែងពេញ៖ តម្លៃ ១៨ដុល្លា សម្រាប់ការសម្តែងពេញ ៤ និងការសម្តែងបែបឌីជីថល ២
  • កញ្ចប់ការសម្តែងសាកល្បង៖ តម្លៃ ១០ដុល្លា សម្រាប់ការសម្តែងសាកល្បង ៤ និងការសម្តែងបែបឌីជីថល ២
កម្មវិធីកិច្ចពិភាក្សា និងសិក្ខាសាលា ការចាក់បញ្ចាំងភាពយន្តឯកសារ អាចចូលរួមបានដោយសេរី។
ទាក់ទងទិញសំបុត្រ៖ ០៩៣ ៤៨៥ ៨៩៨/ ០១២ ៨៣៥ ៤៦២/០១០ ៩៤១ ២២៤
ព័ត៌មានបន្ថែមអាចឆែកនៅលើហ្វេសបុកផេករបស់ Cambodian Living Arts។
រូបថតដោយ៖ សហការី