អ្នកជំនាញសុខភាព៖ តើអ្វីទៅជាអាហារូបត្ថម្ភ តើកុមារមានតម្រូវការអាហារូបត្ថម្ភដូចម្តេចខ្លះ?

លោក ហ៊ូ ក្រើន នាយករងអង្គការហេឡែន ខេលល័រ អន្តរជាតិ (Helen Keller) បានបញ្ជាក់ថាអាហារូបត្ថម្ភ គឺជាសារជាតិចិញ្ចឹម (Nutrients) មានក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃរួមទាំងភេសជ្ជៈផងដែរ ដើម្បីទ្រទ្រង់រាង្គកាយ និងសុខភាពរបស់មនុស្សយើង។ បរិមាណសារជាតិចញ្ចឹមមានតិចឬច្រើនអាស្រ័យលើប្រភេអាហារនីមួយៗ។

ដើម្បីបឺតស្រូបយកសារជាតិចិញ្ចឹមសំរាប់ប្រើប្រាស់បានដោយរាងកាយអាហារ ឬភេសជ្ជះត្រូវឆ្លងកាត់បីតំណាក់កាលគឺ៖ ១. អាហារ ឬភេសជ្ជះត្រូវបានហូបចូល។ ២. រាងកាយបំបែកអហារ ឬភេសជ្ជះទៅជាសារជាតិចិញ្ចិម។ ៣. សារជាតិចិញ្ចឹមធ្វើតំណើរតាមចរន្តឈាមចូលទៅផ្នែកផ្សេងៗ នៃរាងកាយដើម្បីប្រាស់តាមតំរូវការ។

លោក ហ៊ូ ក្រើន បានឱ្យដឹងថាសារជាតិចិញ្ចឹមក្នុងបរិបទអាហារូបត្ថម្ភចែកជា២ប្រភេទគឺ៖

  • ម៉ាក្រូសារជាតិ (Macronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនមានដូចជា កាបូហាយដ្រេត ជាតិម្សៅដែលមានប្រភពពីបាយ ឬនំបុ័ងជាដើម ចំណែកឯមុខងាររបស់កាបូហាយដ្រេត គឺផ្តល់ថាមពល។
  • ប្រូតេអ៊ីន​ (សាច់)៖ មានប្រភពពីសាច់មាន់ ត្រី ឬសាច់គោជាដើម។ ប្រូតេអ៊ីនជួយសាងសង់ជួសជុល និងថែរក្សារកោសិកា និងជាលិការបស់រាងកាយ ដូចជាសាច់ដុំ ស្បែក សរីរាង្គ ឈាម និងឆ្អឹង។
  •  លីពីត (ខ្លាញ់)៖ មានប្រភពពីខ្លាញ់មាន់ ខ្លាញ់ទា ប្រេងសណ្តែក ឬក៏ប្រេងបន្លែជាដើម។ ខ្លាញ់ជួយឱ្យរាងកាយបឺតស្រូបប្រូតេអ៊ីន និងកាបូហាយដ្រេតកាន់តែមានប្រសិទ្ធិភាព។
រូបភាពដោយ៖ Dreamstime

មីក្រូសារជាតិ (Micronutrient) ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណតិចមានដូចជា ជាតិរ៉ែខនិជ និងវីតាមីន។ ជាតិរ៉ែខនិជចែកជាពីរគឺ មាក្រូរ៉ែ និងមីក្រូរ៉ែ។ ម៉ាក្រូរ៉ែ គឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនជាងមីក្រូរ៉ែ គឺច្រើនជាង ២៥០មីលីក្រាម ជារាងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។ ម៉ាក្រូរ៉ែមានដូចជា កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ សូដ្យូម ស៊ុលផាត មាញេស្យូម និងក្លរ។ ចំណែកឯមីក្រូរ៉ែ គឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណតិច គឺតិចជាង ២០មីលីក្រាមជារាងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។ មីក្រូរ៉ែមានដូចជា ជាតិដែក អ៊ីយ៉ូត ទង់ដែង សង្កសី សេលីញូម កុបព័រ ម៉ូលីដែន ម៉ង់កាណែស បារុន ក្រូម នីកែល ភ្លុយអរ។ ចំពោះវីតាមីនវិញមានពីរប្រភេទគឺ វីតាមីនរលាយក្នុងទឹក និងវីតាមីនរលាយក្នុងក្នុងខ្លាញ់។ វីតាមីនរលាយក្នុងទឹកមានដូចជា វីតាមីន B1, B2, B6, B12 អាស៊ីតហ្វូលិក អាស៊ីតប៉ង់តានិច វីតាមីន C។ វីតាមីនរលាយក្នុងខ្លាញ់មានដូចជា វីតាមីន A, D, E, និង K។

លោក ហ៊ូ ក្រើន បន្តទៀតថា ជាធម្មតាកុមារត្រូវការអាហារូបត្ថម្ភក្នុងបរិបទជាសារជាតិចិញ្ចឹមតិចជាងមនុស្សពេញវ័យ។ ឧទាហរណ៍ដូចជាតម្រូវការថាមពល គឺអាស្រ័យលើអាយុ ភេទ និងសកម្មភាពប្រចាំថ្ងៃ។ ឧទាហរណ៍កុមារភេទប្រុសអាយុក្រោម១ខែត្រូវការថាមពលចំនួន៥១៨កាឡូរី ចំណែកកុមារភេទស្រីអាយុដូចគ្នាត្រូវការថាមពលតែចំនួន៤៦៤កាឡូរី។ ក្មេងប្រុសអាយុពី១ដល់២ឆ្នាំត្រូវការថាមពល៩៤៨កាឡូរី។ ចំណែកក្មេងស្រីអាយុដូចគ្នាត្រូវការថាមពលតែចំនួន៨៦៥កាឡូរី។ មនុស្សប្រុសពេញវ័យអាយុពី១៧ដល់១៧ឆ្នាំត្រូវការថាមពល៣៤១០។ មនុស្សស្រីពេញវ័យអាយុពី១៧ដល់១៧ឆ្នាំត្រូវការថាមពល២៥០៣។

រូបភាពដោយ៖ Dreamstime

នៅពេលសួរថាតើកុមារត្រូវការអាហារបែបណា? លោក ហ៊ូ ក្រើន បញ្ជាក់ថា តម្រូវការរបស់កុមារបែងចែកទៅតាមអាយុ កុមារអាយុពី ០ខែ ទៅ៦ខែ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ជួយឱ្យកុមារទទួលបានការចាប់ផ្តើមជីវិតដំបូងដ៏ល្អបំផុត។ ទឹកដោះម្តាយជាឱសថទិព្វ និងជាអាហារចំបងតែមួយគត់ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់កុមារអាយុពី ០ខែ ទៅ៦ខែ។ កុមារអាយុពី ០ដល់៦ខែ មិនត្រូវការអាហារអ្វីផ្សេងក្រៅពីទឹកដោះម្តាយតែមួយមុខគត់ឡើយ។ កុមារអាយុពី ៦ខែ ទៅ២៤ខែ បន្តបំបៅកូនដោយទឹកដោះម្តាយរួមជាមួយការចាប់ផ្តើមអាហារបន្ថែម គឺផ្តល់អាហារចម្រុះសម្បូណ៌សារជាតិចិញ្ចឹមមានបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាដើមដែលមានសុវត្ថិភាព ផ្តល់អាហារតាមអាយុសមស្របរបស់កុមារ។ អាហារបន្ថែមនោះគួរចេញពីប្រភេទអាហារសំខាន់ៗ ទាំង៣ក្រុម។

លោកថាអាហារទាំង៣ក្រុមនេះរួមមានដូចជា៖

  • អាហារថាមពល៖ មានប្រភពពី បាយ ដំឡូង ពោត ខ្លាញ់ដែលអាចផ្តល់ថាមពលដល់កុមារ។
  • អាហារសាងសង់៖ មានប្រភពពីសាច់មាន់ទា សាច់ត្រី សាច់ជ្រូក សាច់គោជាដើម ដែលជួយសាងសង់រាងកាយកុមារឱ្យបានលូតលាស់ធំធាត់។
  • អាហារការពារ៖ មានប្រភពពីបន្លែពណ៌បៃតងចាស់ ផ្លែឈើពណ៌លឿងដែលសម្បូរសារជាតិរ៉ែខនិជ និងពួកវីតាមីន ដែលអាចជួយកុមារឱ្យប្រឆាំងនឹងជំងឺផ្សេងៗ។
រូបភាពដោយ៖ Dreamstime

ដើម្បីឱ្យក្មេងៗ មានការលូតលាស់ល្អ ចាំបាច់ណាស់ត្រូវផ្តល់អាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាព តាមអាយុសមស្របរបស់ទារក និងកុមារ ទៀងទាត់ពេលវេលា និងមានការយកចិត្តទុកដាក់។

  • ក្មេងក្រោម៦ខែ៖ បំបៅទឹកដោះម្តាយតែមួយគត់ និងបំបៅតាមតែពួកគេចង់បៅ។
  •  ក្មេងអាយុ៦ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម២ដងក្នុងមួយថ្ងៃ (២ទៅ៣ស្លាបព្រាបាយម្តង)
  • ក្មេងអាយុ ៧ ទៅ ៨ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម៣ដងក្នុងមួយថ្ងៃ (កន្លះចានចង្កឹះម្តង)
  • ក្មេងអាយុ ៩ ទៅ ១១ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (ជាងកន្លះចានចង្កឹះម្តង) ជាមួយអាហារក្រៅពេលម្តងក្នុងមួយថ្ងៃ។
  • ក្មេងចាប់ពីអាយុ ១២ ទៅ ២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (មួយចានចង្កឹះពេញ) ជាមួយអាហារក្រៅពេលពីរដងក្នុងមួយថ្ងៃ។

អត្ថបទដោយ៖ ទុយ អេងលី​​ (សាគូរ៉ា)